Sunday, November 24, 2024
Homeសេដ្ឋកិច្ចជាតិក្រុមហ៊ុន ខេមប្រ៊ូវ «ស្រាបៀរ អង្គរ» រួមជាមួយដៃ​គូ​ពាក់ព័ន្ធបើកយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ​ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ»

ក្រុមហ៊ុន ខេមប្រ៊ូវ «ស្រាបៀរ អង្គរ» រួមជាមួយដៃ​គូ​ពាក់ព័ន្ធបើកយុទ្ធនាការផ្សព្វផ្សាយអំពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ​ ក្រោមសារ «ពិសាគ្រឿងស្រវឹង សូមកុំបើកបរ»

ភ្នំពេញ ៖ក្រុមហ៊ុន ខេមប្រ៊ូវ (ស្រាប្រៀរ អង្គរ) រួមជាមួយ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ការប្រកួតប្រជែង និងប្រឆាំងការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ បានរួមគ្នាបើកយុទ្ធនាការផ្សព្វផ្សាយពីការពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក្រោមសារ «ពិសាគ្រឿង​ស្រវឹង សូមកុំបើកបរ!» ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងអប់រំអ្នកប្រើប្រាស់អំពី​ការ​ទទួល​ទានគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ក៏ដូចជាដើម្បីផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានរបស់អ្នកប្រើប្រាស់ ដោយចាប់ផ្តើមពីពិសាគ្រឿងស្រវឹងហើយ មិនត្រូវបើកបរ។

យុទ្ធនាការនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួល​បន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និង​កីឡា ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក Vladimir Vava អគ្គនាយក​គ្រប់​គ្រងក្រុមហ៊ុន ខេមប្រ៊ូវ។ ពិធីនេះ បានធ្វើឡើងនៅសណ្ឋាគារ សាន់ & ម៉ូន រីវើសាយ ភ្នំពេញកាលពីថ្ងៃទី២១ មិថុនា ឆ្នាំ២០២៣  ដោយមានអ្នកចូលរួមជាង ១០០ នាក់ មកពីវិស័យផ្សេងៗ មានទាំងវិស័យសាធារណៈ ឯកជន សមាគមពាណិជ្ជកម្ម អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនផលិតស្រាបៀរ ក្រុមហ៊ុនដឹកជញ្ជូន និងយុវជន ក៏ដូចជា​អ្នក​បើកបររ៉ឺម៉កកង់បី ជាដើម។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាថ្ងៃសក្ខីកម្មនៃការចាប់ផ្តើមយុទ្ធនាការប៉ុណ្ណោះទេ តែក៏ដើម្បីបន្ទរ និងផ្សព្វផ្សាយឲ្យ​កាន់តែទូលំទូលាយអំពីគោលដៅនៃយុទ្ធនាការ និងប្រកាសស្វែងរកដៃគូបន្ថែម ដើម្បីចូលរួមក្នុងដំណើរ​ឆ្ពោះ​កាន់​ «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានទំនួលខុសត្រូវ» ព្រោះថាយើងម្នាក់ៗសុទ្ធតែជាអ្នកដឹកនាំដ៏សំខាន់ ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមានឲ្យសង្គមរបស់យើងកាន់តែប្រសើរ។ បន្ទាប់ពីពិធីប្រកាសយុទ្ធនាការនេះ​ជាផ្លូវ​ការ វីដេអូ និងសារអប់រំ ដើម្បីលើកកម្ពស់ការយល់ដឹងដល់អ្នកប្រើប្រាស់អំពី​ការទទួលទានគ្រឿងស្រវឹង​ដោយ​ទទួល​ខុសត្រូវ នឹងបង្ហោះផ្សព្វផ្សាយនៅលើប្រព័ន្ធបណ្តាញសង្គមរបស់ ខេមប្រ៊ូវ ក៏ដូចជាចែករំលែកនៅលើទំព័រ​ដៃគូផ្សព្វផ្សាយ និងសារព័ត៌មាន។

លោក Vladimir Vava អគ្គនាយកគ្រប់គ្រង ខេមប្រ៊ូវ បានមានប្រសាសន៍ក្នុងពិធីនេះថា លោកជឿថាគ្រឿង​ស្រវឹង​នៅពេលទទួលទានក្នុងកម្រិតសមស្របប្រកបដោយការទទួលខុសត្រូវ អាចជាផ្នែកមួយនៃបែបផែនជីវិត​រស់នៅ​ក្នុងសង្គមដ៏មានតុល្យភាពរវាងសុខភាព និងទំនាក់ទំនង ក៏ដូចជាចូលរួមរិតចំណងមិត្តភាពកាន់តែរីករាយ។ លោក​បានបន្តទៀត «ទោះជាយ៉ាងណា ការពិសាដោយគ្មានទំនួលខុសត្រូវ អាចប្រែក្លាយពេលវេលាវិជ្ជមាន​ទាំង​នោះទៅជាចំណុចអវិជ្ជមានទៅវិញ។ ពី ខេមប្រ៊ូវ ជាក្រុមហ៊ុនផលិតស្រាបៀរដែលមានការ​ទទួលខុសត្រូវខ្ពស់​មួយ យើងចង់ឃើញអ្នកប្រើប្រាស់រីករាយពិសាគ្រឿងស្រវឹង ក្នុងកម្រិតសមស្រប និងដឹកនាំភាពជាគំរូលើការ​ពិសា​ដោយការទទួលខុសត្រូវ»។

លោកបានបន្ថែមថា «ជាកិច្ចការមួយរបស់ក្រុមហ៊ុន ខេមប្រ៊ូវ ដែលត្រូវធ្វើ ក្នុងការផ្តល់ព័ត៌មានជូនដល់​អ្នក​ប្រើ​ប្រាស់អំពីការទទួលទានដោយការទទួលខុសត្រូវ ដោយមិនត្រឹមតែអំពីការពិសាក្នុងកម្រិតសម​ស្របដើម្បីបង្កើន​ទំនាក់ទំនង និងភាពសប្បាយរីករាយរាល់ពេលជួបជុំប៉ុណ្ណោះទេ ថែមទាំងណែនាំសាធារៈជនឲ្យបានយល់​ដឹង​ពីកម្រិតដែលគួរទទួលទាន ពេលវេលាកាលៈទេសៈដែលគួរទទួលទាន ដឹងពីកម្រិតជាតិអាល់កុលរបស់យើង ហាមឃាត់ចំពោះអ្នកមិនទាន់គ្រប់អាយុទទួលទាន និងស្រ្តីមានផ្ទៃពោះ ក៏ដូចជាផ្តល់ជាដំណោះស្រាយ និងរៀប​ចំមធ្យោបាយធ្វើដំណើរ មុនពេលទទួលទាន ពោលគឺ ពិសាគ្រឿងស្រវឹង សូមកុំបើកបរ បើបើកបរ កុំពិសា​គ្រឿង​ស្រវឹង»។

ឯកឧត្តម នួន ផារ័ត្ន អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ​ចំពោះគំនិតផ្តួច​ផ្តើមរបស់ ក្រុមហ៊ុន ខេមប្រ៊ូវ និងបានមានប្រសាសន៍ថា គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នេះ នឹងរួមជាប្រ​យោ​ជន៍ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការ​លើកកម្ពស់ការយល់ដឹងជា​សាធារណៈទាក់​ទងនឹង​ការពិសាគ្រឿងស្រវឹង ជាពិសេសក្នុងយុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ឯកឧត្តម ក៏បានបន្ថែមថា «យើង​ចង់​ឃើញឧស្សាហកម្មគ្រឿងស្រវឹងទាំងអស់រួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់​ការ​យល់​​ដឹងអំពីការពិសាដោយការទទួលខុសត្រូវ ក៏ដូចជាចូលរួមឲ្យសកម្មក្នុងការដោះស្រាយបញ្ហា​ប្រឈមទាក់​ទង​នឹងគ្រឿងស្រវឹង។ យើងត្រូវរួមគ្នាក្នុងគោលបំណងតែមួយ គឺដើម្បីប្រយោជន៍សង្គមជាតិយើងទាំងមូល»។

ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្តែងនូវការសាទរ និងគាំទ្រ​ចំពោះយុទ្ធនាការនេះ ដែលផ្តោតលើការអប់រំ ព្រោះជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ និងភាពរីកចម្រើន។ យុទ្ធនា​ការនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់បុគ្គលម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ប្រទេសជាតិទាំងមូលផងដែរ។ សម្រាប់ទស្សនៈរបស់ឯកឧត្តមផ្ទាល់ ឯកឧត្តមជឿថា បង្កើនការយល់ដឹងអំពីការប្រើប្រាស់គ្រឿងស្រវឹង នឹងផ្តល់​អត្ថប្រយោជន៍យ៉ាងពិតប្រាកដដល់យុវជន ដែលដើរតួយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ឯកឧត្តមមានជំនឿថា យុវជននឹងចូលរួមជួយបន្ទរ និងផ្សព្វផ្សាយអំពីយុទ្ធនាការនេះឲ្យកាន់តែទូលំទូលាយ។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បាន​បញ្ជាក់​ការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធនាការនេះ។ ឯកឧត្តម បានថ្លែងក្នុងពិធីថា «ផ្អែកលើការយល់​ឃើញរបស់ខ្ញុំផ្ទាល់ ខ្ញុំអាចមើលឃើញថាប្រជាជននៅក្នុងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ កំពុងប្រើប្រាស់​គ្រឿងស្រវឹង តែឥរិយាបថ ឬរបៀបនៃការទទួលទានរបស់អ្នកប្រើប្រាស់ អាស្រ័យលើចំណេះដឹង និងការអប់រំ​ក្នុងប្រទេសនោះ។ បច្ចុប្បន្ន យើងបាន និងកំពុងព្យាយាមជំរុញឲ្យប្រជាជនរបស់យើង មានកម្រិតការយល់ដឹង​ខ្ពស់​ពីឥរិយាបថ និងរបៀបប្រើប្រាស់គ្រឿងស្រវឹងដោយត្រឹមត្រូវ និងផ្តល់នូវដំណោះស្រាយប្រកប​ដោយប្រសិទ្ធ​ភាព។ ថ្ងៃនេះ ការចាប់ផ្តើមយុទ្ធនាការ ពិសាគ្រឿងស្រវឹងដោយទំនួលខុសត្រូវ កំពុងដើរលើវិធីសាស្រ្តដ៏ត្រូវ និង​ស្របតាមរបៀបវារៈរបស់រដ្ឋាភិបាល ឆ្ពោះទៅកាន់ភាពរីកចម្រើនប្រកបដោយនិរន្តរភាព។ ឯកឧត្តម ក៏បានគូស​បញ្ជាក់ផងដែរថា ក.ប.ប បានកំពុងធ្វើការជាមួយអង្គការជាតិ និងអន្តរជាតិ ក៏ដូចជាជាមួយវិស័យ​ឯកជន ក្នុងការ​រៀបចំបទប្បញ្ញតិ្តស្តីពីការកំណត់អាយុអប្បរមាអ្នកដែលអាចជាវ និងប្រើប្រាស់គ្រឿងស្រវឹង ក្នុងគោលបំ​ណង​ការពារយុវជនមិនទាន់គ្រប់អាយុទទួលទាន។ ឯកឧត្តម អគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប សាទរ និងផ្តល់កិច្ច​សហការជាមួយវិស័យឯកជនជានិច្ចចំពោះគំនិតផ្តួចផ្តើមនានា ដែលមានគោលដៅរួមគឺការ​អភិវឌ្ឍប្រ​ទេសឱ្យ​កាន់តែប្រសើរប្រកបដោយភាពស្វាហាប់។

ក្រុមហ៊ុន ខេមប្រ៊ូវ បានបញ្ជាក់ថា «គ្មានការពិសាគ្រឿងស្រវឹងដោយគ្មានការទទួលខុសត្រូវ» ត្រូវបានដាក់​បញ្ចូល​ទៅក្នុងយុទ្ធសាស្ត្រអាជីវកម្មរបស់ខ្លួន ដែលមានទាំងគោលដៅ និងផែនការសកម្មភាពជាក់លាក់ និងជាផ្នែកនៃគោលបំណងនិរន្តរភាពរបស់ក្រុមហ៊ុនគឺ «អភិវឌ្ឍឲ្យកាន់តែប្រសើរ ទាំងថ្ងៃនេះ &ថ្ងៃស្អែក»។ ក្រុមហ៊ុនក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រោមកិច្ចសហការ ការជួយជ្រោមជ្រែក និងការខិតខំប្រឹងប្រែង​របស់រដ្ឋាភិបាល អតិថិជន អ្នកប្រើប្រាស់ និងការចូលរួមពីដៃគូពាក់ព័ន្ធនានានៃឧស្សាហកម្មគ្រឿងស្រវឹង គឺជាគន្លឹះដ៏សំខាន់ ដែលនឹងផ្លាស់ប្តូរឥរិយាបថរបស់អ្នកប្រើប្រាស់ប្រកបដោយភាពវិជ្ជមាន។ ហើយខណៈ​ពេលនេះ ក្រុមហ៊ុន ខេមប្រ៊ូវ ក៏កំពុងស្វែងរកដៃគូបន្ថែមទៀត ដើម្បីចូលរួមដំណើរជាមួយគ្នាឆ្ពោះទៅ​កាន់​អនាគតដ៏ល្អប្រសើររួមគ្នា៕

RELATED ARTICLES