ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា លោក ហ៊ឹម ឆែម កាលពីថ្ងៃទិ១០ ខែមករា ឆ្នាំ២០១៧ បានដឹកនាំគណៈ ប្រតិភូ ចំនួន២៣រូប ចូលបំភ្លឺនៅរដ្ឋសភា តាមសំណើរបស់លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងតាមការចាត់ ពីសម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
គណៈប្រតិភូក្រសួងធម្មការ និងសាសនា ចូលបំភ្លឺនៅរដ្ឋសភា នោះ រួមមាន ១. លោកទេសរដ្ឋមន្រ្តីហ៊ឹម ឆែម ២. លោក ផ្លោក ផន រដ្ឋលេខាធិការ ៣. លោកសុះ មុះសិន រដ្ឋលេខាធិការ ៤. លោកនរៈ រតនវឌ្ឍនោ រដ្ឋលេខាធិការ ៥. លោកស្រីទូច សារ៉ុម រដ្ឋលេខាធិការ ៦. លោកញ៉ែម វ៉ាលី អនុរដ្ឋលេខាធិការ ៧. លោកសេង សុមុនី អនុរដ្ឋលេខាធិការ ៨. លោកលន់ មុនីរតនា អនុរដ្ឋលេខាធិការ ៩. លោកខិញ ហង្សហួន អនុរដ្ឋលេខាធិការ ១០. លោកសារ៉ាយ ឈុន អនុរដ្ឋលេខាធិការ ១១. លោកអ៊ួង វិបុល អនុរដ្ឋលេខាធិការ ១២ . លោកញាណ ភឿន អនុរដ្ឋលេខាធិការ ១៣. លោកហ៊ឹម វិបុលឫទ្ធិ អគ្គនាយកកិច្ច ការសាសនា ១៤. លោកជំទាវកែវ សុធាវី អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ ១៥. លោកសោម រតនា អគ្គនាយករដ្ឋបាល និង ហិរញ្ញវត្ថុ ១៦. លោកសាន សម្ផស្ស សកលវិទ្យាធិការរង ១៧ . លោកជា ណារ៉េត នាយកខុទ្ទកាល័យ ១៨. លោកហ៊ឹម និមល អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ១៩. លោកកាន់ សុខុម សកលវិទ្យាធិការរង ២០. លោកទន់ ផាន់លី ប្រធាននាយកដ្ឋាន ២១. លោកស សុខនី ប្រធាននាយកដ្ឋាន ២២. លោកទិន សុខហាន់ ប្រធាននាយកដ្ឋាន ២៣. លោកង៉ែត ច័ន្ទបូរ ប្រធាននា -យកដ្ឋាន។
ចំពោះបញ្ហាត្រូវបំភ្លឺតាមការស្នើរបស់គណៈកម្មការទី៧រដ្ឋសភានោះ មានចំនួន៣ គឺទី១. បញ្ហាទីតាំងរបស់វិទ្យាស្ថានពុទ្ធសា -សនបណ្ឌិត្យ ទី២. បញ្ហាពុទ្ធិកសាកលវិទ្យាល័យ និងទី៣. បញ្ហាប្រាក់ខែ និងប្រាក់ម៉ោង របស់មន្ត្រីសង្ឃនៅពុទ្ធិកសិក្សា។
ក្រោយការសាកសួរលើបញ្ហាចំនួន៣នោះ និងស្តាប់ចម្លើយរបស់លោករដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អស់រយៈពេល ជាង ៣ម៉ោង លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា បានទទួលយកការបំភ្លឺនោះស្ទើរទាំងស្រុង ដោយ លោកបានប្រាប់អ្នកសារព័ត៌មាន នៅពេលបញ្ចប់ជំនួបនោះថា បច្ចុប្បន្ន ក្រសួងធម្មការ និងសាសនា កំពុងសាងសង់ទីស្តីការ ក្រសួងថ្មី ក្នុងបរិវេណដីពុទ្ធសាសនណ្ឌិត្យ ដោយប្រើប្រាស់ថវិការដ្ឋជាបីដំណាក់កាល ដែលនឹងរួចរាល់ក្នុងឆ្នាំ ២០១៨ ខាងមុខ។ រីឯដីក្រសួងធម្មការ និងសាសនា ក្រសួងនឹងប្រគល់ឲ្យពុទ្ធិកសាកលវិទ្យាល័យសីហនុរាជ ប្រើប្រាស់សម្រាប់ការបណ្តុះ បណ្តាលសមណសិស្ស និងនិស្សិត។
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ថា «យើងទទួលបានស្ទើរតែទាំងអស់ ពីព្រោះអ្វីដែលយើងធ្លាប់បានជជែកជាមួយក្រសួងធម្មការ និងសាសនា ត្រឡប់ទៅវិញ ក្រសួងតែងតែអនុវត្ត ហើយបំពេញបានជាហូរហែ»។
ដោយឡែក បញ្ហាប្រាក់ម៉ោងគ្រូបង្រៀនពុទ្ធិកសិក្សា ដែលបើកយឺតយ៉ាវ លោក យ៉ែម បុញ្ញឫទ្ធិ បានបញ្ជាក់ថា ក្រសួងធម្មការ និងសាសនា បានរៀបចំរបាយការណ៍ចំណាយថវិកាប្រចាំឆមាស ទៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួចរាល់ដែរ។ ប៉ុន្តែមូល ហេតុដែលយឺតយ៉ាវ ព្រោះក្រសួងត្រូវការធ្វើរបាយការណ៍ត្រួតពិនិត្យវត្តមាន និងថវិកាចំណាយសម្រាប់ការបណ្តុះបណ្តាល។
ក្រៅពីស្តាប់ការបំភ្លឺករណីចំនួន៣ចំណុចខាងលើ លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានស្នើឱ្យក្រសួងធម្មការ និងសាសនា ដោះស្រាយ អត្តសញ្ញាណបណ្ណ សម្រាប់ព្រះសង្ឃ ដើម្បីឱ្យព្រះសង្ឃអាចយកទៅប្រើប្រាស់តាមលទ្ធភាព។ ព្រោះកន្លងមក ព្រះឆាយាល័ក្ខ សម្រាប់ព្រះសង្ឃ ត្រូវបានធ្វើសម្រាប់សម្គាល់ព្រះសង្ឃ ប៉ុន្តែពេលនេះ ដោយសារតែច្បាប់របស់កម្ពុជា បានផ្លាស់ប្តូរ ដោយ យក អត្តសញ្ញាណបណ្ណជាគោល ទើបធ្វើឱ្យមានការលំបាក សម្រាប់ព្រះសង្ឃ ។
លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍បន្តថា «មួយទៀតដែលយើងបានស្នើសុំដែរ គឺស្នើឱ្យពិនិត្យ ឡើងវិញ ចំពោះ ការធ្វើអត្តសញ្ញាណបណ្ណសម្រាប់ព្រះសង្ឃ។ លោក(រដ្ឋមន្រ្តី) នឹងយកទៅពិភាក្សាពិនិត្យគិត ដើម្បីដោះស្រាយបញ្ហា នេះ»។
ជាមួយគ្នានោះដែរ លោកយ៉ែម បុញ្ញឫទ្ធិ ក៏បានស្នើឲ្យក្រសួងធម្មការ និងសាសនា ស៊ើបអង្កេត និងពិនិត្យស្រាវជ្រាវលើអ្នកធ្វើសកម្មភាពប្រមាថ មាក់ងាយបព្វជិត និងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដោយលោកបានបង្ហើបឲ្យដឹងថា លោកធ្លាប់បានទទួលបណ្តឹងពីសកម្មភាពខុសឆ្គងរបស់ព្រះសង្ឃ និងការប្រមាថព្រះសង្ឃ ដែលជាការទម្លាក់តម្លៃពុទ្ធសាសនាដែលពលរដ្ឋខ្មែរជាង ៩០ភាគរយ កំពុងគោរពបូជា។
លោកយ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍បន្ថែមថា «យើងបានស្នើឲ្យក្រសួងធម្មការស៊ើបអង្កេត និងពិនិត្យសកម្មភាពទាំង- ឡាយណាដែលប៉ះពាល់ដល់សាសនាព្រះពុទ្ធ ឲ្យក្រសួងពិនិត្យដាក់វិន័យតាមសាសនា ឬច្បាប់រដ្ឋរួចហើយ»។
ជាការឆ្លើយតបតបនឹងបញ្ហានេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម បានបញ្ជាក់ថា ក្រសួងកំពុងតាមដានសកម្មភាពប៉ះពាល់សាសនាដែរ ព្រោះកម្ពុជា មានច្បាប់ ដូច្នេះនឹងដោះស្រាយពេលក្រោយទៀត ៕