Tuesday, July 8, 2025
Homeសន្ដិសុខសង្គមចេញពីគុក ចាក់ប្លន់កាបូបស្រី គុកទៀត

ចេញពីគុក ចាក់ប្លន់កាបូបស្រី គុកទៀត

កណ្តាល ៖ ក្មេងស្ទាវឈាមរាវម្នាក់ អាយុទើបនឹង១៧ឆ្នាំ តែធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ខែ ពាក់ព័ន្ធករណី​ឆក់កាបូប លុះចេញ មកវិញ មិនរាងចាលបែរជាចេញឆក់-ប្លន់ជាបន្តបន្ទាប់ លុះធ្វើសកម្មភាពលើកទី៥ គំរាម​ចាក់ស្ត្រីម្នាក់ប្លន់យកកាបូប ទើបអស់លក្ខណ៍ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះនាំយកទៅចាត់ការតាមច្បាប់។ករណីឆក់កាបូបខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះហួរ មករា ហៅមាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ​មិនពិតប្រាកដ ធ្លាប់ជាប់ ពន្ធនាគារម្តងរយៈពេល១៨ខែ មានលំនៅភូមិបឹងជន្លេង ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល (មានសារធាតុញៀន)។ ចំណែក សម្ភារៈដកហូតបាន រួមមាន ១-កាបូបចំនួន១ (ជារបស់ជនរងគ្រោះ) ក្នុងនោះ​មានទូរស័ព្ទ១គ្រឿង ម៉ាក Realme C12 ពណ៌ ក្រហម ប្រាក់រៀលចំនួន ៤៣០០០រៀល និងប័ណ្ណសំគាល់មួយ​ចំនួន។ ២-ម៉ូតូ១គ្រឿង ម៉ាក SUZUKI Let’s ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1U-5333។ ៣០ដែកកេះចំនួន១ បំពង់កែតូច សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១។ ៤-ទុលណឺលវីស ចំនួន៤ ដង្កៀបចំនួន១ (ជារបស់​ជន​សង្ស័យ)។  រីឯ ស្ត្រីរងគ្រោះ មានឈ្មោះញ៉ែម សាវិនី អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានលំនៅ ភូមិ​ព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានជិះម៉ូតូតែម្នាក់ឯង ចេញពីផ្ទះឆ្លង​ស្ពានព្រែកតាមាក់ មកស្រុកខ្សាច់កណ្តាល រកឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ លុះដល់ម៉ោង៦ និង៣០នាទីល្ងាច​ថ្ងៃដដែល ជនរងគ្រោះ ជិះម៉ូតូតែម្នាក់ឯង មានស្ពាយ កាបូបចំនួន១ ជិះតាមផ្លូវចំការស្វាយនៅភូមិឃុំកើតហេតុ ស្រាប់តែជនសង្ស័យជិះម៉ូតូតាមពីក្រោយ ស្ទាក់ម៉ូតូជនរងគ្រោះឱ្យឈប់ ហើយកាន់ ទុណឺវីល១ ជាប់នឹងដៃ និយាយគំរាមជនរងគ្រោះថា “ឱ្យកាបូបមកអញ បើមិនឱ្យអញចាក់ម៉ាដែកឆាប” និយាយរួច ជនសង្ស័យ​ចាប់​ទាញ​យក កាបូបជនរងគ្រោះបានជិះគេចខ្លួន ឯជនរងគ្រោះបានស្រែកឆោឡោថាចោរៗ ភ្លាមនោះអ្នកចាំចម្ការ​ស្វាយនៅទីនោះបានចេញមកស្ទាក់ ចាប់ជន សង្ស័យបានប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស៊ីធរ ហើយ​សមត្ថ​កិច្ចប៉ុស្តិ៍ បានបញ្ជូនជនសង្ស័យរួម ទាំងវត្ថុតាង មកអធិការដ្ឋាននគរបាលស្រុក ខ្សាច់កណ្តាល ចាត់ការ​បន្តតាមនីតិវិធី។

សមត្ថកិច្ចបានបញ្ផាក់ឱ្យដឹងផងដែរថា ជនសង្ស័យខាងលើនេះ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ កាលពី​ឆ្នាំ២០២០ ដោយជាប់ រយៈពេល១៨ខែ ពាក់ព័ន្ធករណីឆក់កាបូប។ លុះក្រោយពីចេញពន្ធនាគារមកវិញ ជន​សង្ស័យបានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ បានសម្រេចជាបន្តបន្ទាប់ចំនួន៥លើក ក្នុងនោះ​មាន​នៅរាជធានីភ្នំពេញចំនួន២លើក ស្រុកមុខកំពូល១លើក និងស្រុកខ្សាច់កណ្តាល១លើក ហើយលើក​ចុងក្រោយ គំរាមចាក់ប្លន់នារីម្នាក់ទៀត តែត្រូវអស់លក្ខណ៍ ដោយសារម្ចាស់កាបូប និងពលរដ្ឋដេញតាមទាន់ឃាត់​ខ្លួន​ប្រ​គល់ឱ្យ សមត្ថកិច្ចនាំយកទៅចាត់ការតាមច្បាប់ ៕

RELATED ARTICLES