Friday, October 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីលុយធនាគារទិញឡានឲ្យប្តីជិះ ប្តីរត់ចោល ប្តឹង​លែងលះប្រពន្ធ

ខ្ចីលុយធនាគារទិញឡានឲ្យប្តីជិះ ប្តីរត់ចោល ប្តឹង​លែងលះប្រពន្ធ

ព្រៃវែង ៖ ស្ត្រីមេម៉ាយម្នាក់ បានអះអាងថា ត្រូវបានបុរសពោះម៉ាយ ជាមន្ត្រីសាលាស្រុក លួងលោមសុំស្នេហ៍ រហូតដល់ទន់ចិត្ត ព្រមរួមរស់ជាប្តីប្រពន្ធ ប៉ុន្តែមិនបានរៀបចំពិធីអ្វីធុំនោះឡើយ ដោយសារតែស្នេហា​នោះកើត​ឡើងចំពេលជំងឺកូវីដ កំពុងវាយលុកខ្លាំង លុះក្រោយ មក ហេតុតែចង់លើកមុខមាត់ប្តី បានចងការប្រាក់ធនាគារ ទិញឡាន ១គ្រឿង ឱ្យប្តីជិះទៅធ្វើការ ស្រាប់តែពេលបានឡានជិះ ប្តីបែកគំនិតដើរផឹកស៊ី មិនសូវចូលផ្ទះ លុះចុង​ក្រោយ ចុះចោលផ្ទះបាត់ និងថែមទាំងបានដាក់ពាក្យបណ្តឹងលែងលះ ទាមទារទ្រព្យសម្បត្តិទៀតផង ជាហេតុ​ធ្វើឱ្យខ្លួនជាប្រពន្ធ កើតទុក្ខមិនសុខចិត្ត ស្នើសុំអន្តរាគមន៍ពីអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យបាន​ដឹងដល់​ថ្នាក់​ដឹកនាំ ចាត់វិធានការចំពោះប្តីកំហូច។

ស្ត្រីដែលអះអាងថា ខ្លួនជាជនរងគ្រោះ ត្រូវប្រុសព្រានបោកប្រាស់ មានឈ្មោះវ៉ា ស្រីពៅ អាយុ៤៩ឆ្នាំ មានលំនៅ​ភូមិពោធិ៍ចិន្តាសំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។ ចំណែកភាគីប្តីដែលរងការចោទប្រកាន់ ត្រូវស្ត្រីខាង​លើអះ​អាង​ថា ជាបុរសពោះម៉ាយកូន១  ឈ្មោះ អ៊ឹម សាភឿន អាយុ៤៦ឆ្នាំ ជាមន្ត្រីរដ្ឋបាលសាលាស្រុកស្វាយអន្ទរ និង​មាន​ស្រុកកំណើតនៅភូមិអម្ពិល ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសម្តីស្ត្រីឈ្មោះវ៉ា ស្រីពៅ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ថា រូបគាត់ជាស្ត្រីមេម៉ាយ មានកូនចំនួន៥នាក់ បានស្គាល់បុរសពោះម៉ាយកូន១ ឈ្មោះអ៊ឹម សាភឿន ជាមន្ត្រីរដ្ឋបាល​សាលាស្រុកស្វាយអន្ទរ  តាមរយៈបណ្តាញសង្គមហ្វេស ប៊ុក លុះក្រោមក ខាងប្រុសបានល្បួង​លួងលោម​សុំ​ស្រលាញ់រូបគាត់តែម្តង។ ក្នុងអំឡុងពេលស្គាល់គ្នានោះ រូបគាត់បានប្រាប់បុរសរូបនោះតាមត្រង់ថា “ខ្ញុំជាស្ត្រីមេ​ម៉ាយ កូន៥នាក់ ហើយបើអ្នកឯងមានប្រពន្ធ ខ្ញុំអត់ស្រលាញ់ទេ” តែបុរសរូបនោះប្រាប់មកគាត់វិញថា “ខ្ញុំក៏ពោះ​ម៉ាយកូន១ ដែរ ព្រោះតែមានជំងឺប្រចាំកាយ ប្រពន្ធសុំលែងលះគ្នាដាច់ស្រេចរួចរាល់អស់ហើយ”។

ស្ត្រីឈ្មោះវ៉ា ស្រីពៅ បានបន្តរៀបរាប់ថា ក្រោយមកបុរសរូបនោះ សុំគាត់មកលេងផ្ទះ និងសុំមកមើល​រូបគាត់​ផ្ទាល់ ព្រមទាំងយកលិខិតលែងលះប្រពន្ធដើម និងលិខិតបញ្ជាក់ភាពពោះម៉ាយ មកឱ្យគាត់មើលទៀត ទើបរូប​គាត់ព្រមស្ម័គ្រចិត្តរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធទៅ។ ប៉ុន្តែជំនាន់នោះ ជំងឺកូវីដ កំពុងតែផ្ទុះខ្លាំង មិនបាន​រៀប​ចំ​ហៅ​ភ្ញៀវធ្វើអ្វីធំដុំនោះទេ គឺគ្រាន់តែហៅបងប្អូនទាំងសងខាងដឹងឮ ធ្វើតែ២ឬ៣តុ និងហូបអាហារបន្តិច​បន្តួចតែប៉ុ​ណ្ណោះ។ បន្ទាប់ពីបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ បុរសរូបនោះបានលួងលោម និងសន្យាថា “បងនឹងថែអូន​អស់​មួយជីវិត” ហើយបុរសជាប្តី បានប្រាប់ទៀតថា “រូបគាត់នឹងរត់ការចុះអេតាស៊ីវិលតែម្នាក់ឯង ដោយមិន​បាច់​មានរូបគាត់ជាប្រពន្ធចូលរួមផ្តិតមេដៃនោះឡើយ”។

ស្ត្រីខាងលើ បានបន្តថា ដោយសារតែមានទំនុកចិត្ត ជឿជាក់លើពាក្យសម្តីលួងលោម ធ្វើឲ្យរូបគាត់ជា​ប្រពន្ធលង់​ស្នេហ៍ ដាក់ចិត្តស្រលាញ់ប្តីខ្លាំង និងចង់ឱ្យប្តីមានមុខមាត់ ក៏ពិភាក្សាគ្នានិយាយជាមួយប្តី ដើម្បីចងការលុយ​ធនា​គារឯកជន ទិញឡាន ១គ្រឿង ម៉ាកតូយ៉ូតា វីត សម្រាប់ឱ្យប្តីជិះទៅធ្វើការ ដោយរូបគាត់ជាប្រពន្ធ ជាអ្នកដឹងឮ។ ចាប់តាំងពីពេលបានឡានជិះ ប្តីរបស់គាត់ចាប់ផ្តើមប្លែកចរិត ជួនកាលដើរផឹកស៊ីដាច់យប់ និងមកផ្ទះវិញ ចេះតែ​រក​រឿងក្នុងគ្រួសារជាបន្តបន្ទាប់ រហូតឈានដល់វាយធ្វើបាប និងគំរាមបាញ់សម្លាប់រូបគាត់ជាប្រពន្ធទៀតផង។ ហើយការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ជាង២ឆ្នាំនេះ រូបគាត់មានកូនជាមួយគ្នា បាន៣ខែដែរ តែកូនអត់នៅ ក៏រលូត​បាត់ទៅ និងបានចូលលុយគ្នាទិញបានដីចម្ការ ក្បែរផ្ទះ មួយដុំ មានទំហំក្បាលដី ១៥ម៉ែត្រ បណ្តោយ​ប្រហែល ២៥ម៉ែត្រ។

ស្ត្រីរូបនេះ បានបញ្ជាក់ថា ការរស់នៅជាមួយគ្នា រយៈពេលជាង២ឆ្នាំនេះ ប្រាក់ខែប្តី ក្នុង១ខែជាង១លានរៀល មិនដែលឱ្យគាត់ជាប្រពន្ធកាន់ ឬទុកសូម្បីតែមួយរយលុយខ្មែរ ហើយចំណូលចំណាយចាយវាយក្នុងគ្រួសារ គឺលើរូបគាត់ជាប្រពន្ធ អ្នកផ្គត់ផ្គង់ទាំងអស់ សូម្បីកាតទូរស័ព្ទប្តី និងព្យាបាលជំងឺប្តី ក៏លុយរបស់គាត់ដែល​ជាប្រពន្ធទាំងអស់ដែរ។ លុះដល់ប្រពន្ធអស់លុយ អស់ទ្រព្យសម្បត្តិពីខ្លួន និងធ្លាក់ខ្លួនឈឺ ស្រាប់តែលោក​ប្តីកំហូច បើកឡានចុះចោលគាត់ទៅបាត់ ដោយមិនបានប្រាប់សូម្បីតែមួយម៉ាត់។ មិនតែប៉ុណ្ណោះ បុរសជាប្តី​បានដាក់ពាក្យបណ្តឹងទៅសាលាឃុំ និងសាលាស្រុក សុំលែងលះរូបគាត់ជាប្រពន្ធទៀតផង។ ក្រោយពីទទួល​បានពាក្យបណ្តឹង អាជ្ញាធរស្រុក-ឃុំ ក៏បានកោះហៅភាគីទាំងពីរឱ្យចូលខ្លួន ក្នុងគោលបំណងសម្រប​សម្រួល​ផ្សះផ្សាភាគីទាំងពីរនេះ តែបុរសភាគីខាងប្តី មិនព្រមដាច់ខាត ត្រូវតែលែង។

ស្ត្រីជាប្រពន្ធ បន្តទៀតថា បន្ទាប់ពីការសម្របសម្រួលរបស់អាជ្ញាធរស្រុក-ឃុំ មិនត្រូវគ្នា ភាគីបុរសជាប្តី បានដាក់​ពាក្យបណ្តឹងបន្តទៅកាន់តុលាការខេត្តព្រៃវែង ដើម្បីសុំលែងលះប្រពន្ធ និងទាមទារសុំយកទ្រព្យសម្បត្តិ ដីមួយដុំ ដែលបានទិញរួមគ្នានោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទៀតផង។

ស្ត្រីជាប្រពន្ធ បន្តថា សព្វថ្ងៃគាត់កំពុងមានការព្រួយបារម្ភខ្លាំង ដោយសារភាគីប្តី ជាអ្នកធ្វើការងារនៅសាលា​ស្រុក​ស្វាយអន្ទរ ដូច្នេះគាត់ស្គាល់អ្នកធ្វើការនៅសាលាខេត្ត និងតុលាការច្រើន ហើយដីការតុលាការ បានកោះ​ហៅគាត់ឱ្យចូលខ្លួន។ ដូច្នេះរូបគាត់ជាស្ត្រីមេម៉ាយទន់ខ្សោយ មិនមានខ្នងបង្អែក មានតែលើកដៃសំពះ​តាមរយៈ​អ្នកសារព័ត៌មាន សូមសំណូមពរឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងប្រធានតុលាការខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍រកយុត្តិធ៌មឲ្យគាត់ផង និងសូមឱ្យថ្នាក់ដឹកនាំលុបឈ្មោះប្តីគាត់ចេញ​ពីក្របខ័ណ្ឌមន្ត្រីរដ្ឋ​បាលសាលាស្រុកស្វាយអន្ទរ ចោលទៅ ព្រោះជាមន្ត្រីគ្មានគុណធម៌ សីលធម៌ ខ្វះការទទួលខុសត្រូវ ទុកនាំតែ​ខូចឈ្មោះមន្ត្រីល្អៗផ្សេងទេ និងសូមឱ្យរូបគាត់បានគ្រប់គ្រងកាន់កាប់ដីមួយដុំ ដែលបានទិញរួមគ្នា ទុកគ្រាន់​គាត់លក់ព្យាបាលជំងឺ ព្រោះរូបគាត់អស់ទ្រព្យសម្បត្តិពីខ្លួនហើយ កំពុងធ្លាក់ខ្លួនឈឺទៀត។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តីបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕

RELATED ARTICLES