ព្រៃវែង ៖ ស្ត្រីមេម៉ាយម្នាក់ បានអះអាងថា ត្រូវបានបុរសពោះម៉ាយ ជាមន្ត្រីសាលាស្រុក លួងលោមសុំស្នេហ៍ រហូតដល់ទន់ចិត្ត ព្រមរួមរស់ជាប្តីប្រពន្ធ ប៉ុន្តែមិនបានរៀបចំពិធីអ្វីធុំនោះឡើយ ដោយសារតែស្នេហានោះកើតឡើងចំពេលជំងឺកូវីដ កំពុងវាយលុកខ្លាំង លុះក្រោយ មក ហេតុតែចង់លើកមុខមាត់ប្តី បានចងការប្រាក់ធនាគារ ទិញឡាន ១គ្រឿង ឱ្យប្តីជិះទៅធ្វើការ ស្រាប់តែពេលបានឡានជិះ ប្តីបែកគំនិតដើរផឹកស៊ី មិនសូវចូលផ្ទះ លុះចុងក្រោយ ចុះចោលផ្ទះបាត់ និងថែមទាំងបានដាក់ពាក្យបណ្តឹងលែងលះ ទាមទារទ្រព្យសម្បត្តិទៀតផង ជាហេតុធ្វើឱ្យខ្លួនជាប្រពន្ធ កើតទុក្ខមិនសុខចិត្ត ស្នើសុំអន្តរាគមន៍ពីអ្នកសារព័ត៌មាន ដើម្បីផ្សព្វផ្សាយឱ្យបានដឹងដល់ថ្នាក់ដឹកនាំ ចាត់វិធានការចំពោះប្តីកំហូច។

ស្ត្រីដែលអះអាងថា ខ្លួនជាជនរងគ្រោះ ត្រូវប្រុសព្រានបោកប្រាស់ មានឈ្មោះវ៉ា ស្រីពៅ អាយុ៤៩ឆ្នាំ មានលំនៅភូមិពោធិ៍ចិន្តាសំ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ។ ចំណែកភាគីប្តីដែលរងការចោទប្រកាន់ ត្រូវស្ត្រីខាងលើអះអាងថា ជាបុរសពោះម៉ាយកូន១ ឈ្មោះ អ៊ឹម សាភឿន អាយុ៤៦ឆ្នាំ ជាមន្ត្រីរដ្ឋបាលសាលាស្រុកស្វាយអន្ទរ និងមានស្រុកកំណើតនៅភូមិអម្ពិល ឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

តាមសម្តីស្ត្រីឈ្មោះវ៉ា ស្រីពៅ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ថា រូបគាត់ជាស្ត្រីមេម៉ាយ មានកូនចំនួន៥នាក់ បានស្គាល់បុរសពោះម៉ាយកូន១ ឈ្មោះអ៊ឹម សាភឿន ជាមន្ត្រីរដ្ឋបាលសាលាស្រុកស្វាយអន្ទរ តាមរយៈបណ្តាញសង្គមហ្វេស ប៊ុក លុះក្រោមក ខាងប្រុសបានល្បួងលួងលោមសុំស្រលាញ់រូបគាត់តែម្តង។ ក្នុងអំឡុងពេលស្គាល់គ្នានោះ រូបគាត់បានប្រាប់បុរសរូបនោះតាមត្រង់ថា “ខ្ញុំជាស្ត្រីមេម៉ាយ កូន៥នាក់ ហើយបើអ្នកឯងមានប្រពន្ធ ខ្ញុំអត់ស្រលាញ់ទេ” តែបុរសរូបនោះប្រាប់មកគាត់វិញថា “ខ្ញុំក៏ពោះម៉ាយកូន១ ដែរ ព្រោះតែមានជំងឺប្រចាំកាយ ប្រពន្ធសុំលែងលះគ្នាដាច់ស្រេចរួចរាល់អស់ហើយ”។

ស្ត្រីឈ្មោះវ៉ា ស្រីពៅ បានបន្តរៀបរាប់ថា ក្រោយមកបុរសរូបនោះ សុំគាត់មកលេងផ្ទះ និងសុំមកមើលរូបគាត់ផ្ទាល់ ព្រមទាំងយកលិខិតលែងលះប្រពន្ធដើម និងលិខិតបញ្ជាក់ភាពពោះម៉ាយ មកឱ្យគាត់មើលទៀត ទើបរូបគាត់ព្រមស្ម័គ្រចិត្តរួមរស់នៅជាមួយគ្នាជាប្តីប្រពន្ធទៅ។ ប៉ុន្តែជំនាន់នោះ ជំងឺកូវីដ កំពុងតែផ្ទុះខ្លាំង មិនបានរៀបចំហៅភ្ញៀវធ្វើអ្វីធំដុំនោះទេ គឺគ្រាន់តែហៅបងប្អូនទាំងសងខាងដឹងឮ ធ្វើតែ២ឬ៣តុ និងហូបអាហារបន្តិចបន្តួចតែប៉ុណ្ណោះ។ បន្ទាប់ពីបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធ បុរសរូបនោះបានលួងលោម និងសន្យាថា “បងនឹងថែអូនអស់មួយជីវិត” ហើយបុរសជាប្តី បានប្រាប់ទៀតថា “រូបគាត់នឹងរត់ការចុះអេតាស៊ីវិលតែម្នាក់ឯង ដោយមិនបាច់មានរូបគាត់ជាប្រពន្ធចូលរួមផ្តិតមេដៃនោះឡើយ”។

ស្ត្រីខាងលើ បានបន្តថា ដោយសារតែមានទំនុកចិត្ត ជឿជាក់លើពាក្យសម្តីលួងលោម ធ្វើឲ្យរូបគាត់ជាប្រពន្ធលង់ស្នេហ៍ ដាក់ចិត្តស្រលាញ់ប្តីខ្លាំង និងចង់ឱ្យប្តីមានមុខមាត់ ក៏ពិភាក្សាគ្នានិយាយជាមួយប្តី ដើម្បីចងការលុយធនាគារឯកជន ទិញឡាន ១គ្រឿង ម៉ាកតូយ៉ូតា វីត សម្រាប់ឱ្យប្តីជិះទៅធ្វើការ ដោយរូបគាត់ជាប្រពន្ធ ជាអ្នកដឹងឮ។ ចាប់តាំងពីពេលបានឡានជិះ ប្តីរបស់គាត់ចាប់ផ្តើមប្លែកចរិត ជួនកាលដើរផឹកស៊ីដាច់យប់ និងមកផ្ទះវិញ ចេះតែរករឿងក្នុងគ្រួសារជាបន្តបន្ទាប់ រហូតឈានដល់វាយធ្វើបាប និងគំរាមបាញ់សម្លាប់រូបគាត់ជាប្រពន្ធទៀតផង។ ហើយការរស់នៅជាមួយគ្នាជាប្តីប្រពន្ធ ជាង២ឆ្នាំនេះ រូបគាត់មានកូនជាមួយគ្នា បាន៣ខែដែរ តែកូនអត់នៅ ក៏រលូតបាត់ទៅ និងបានចូលលុយគ្នាទិញបានដីចម្ការ ក្បែរផ្ទះ មួយដុំ មានទំហំក្បាលដី ១៥ម៉ែត្រ បណ្តោយប្រហែល ២៥ម៉ែត្រ។
ស្ត្រីរូបនេះ បានបញ្ជាក់ថា ការរស់នៅជាមួយគ្នា រយៈពេលជាង២ឆ្នាំនេះ ប្រាក់ខែប្តី ក្នុង១ខែជាង១លានរៀល មិនដែលឱ្យគាត់ជាប្រពន្ធកាន់ ឬទុកសូម្បីតែមួយរយលុយខ្មែរ ហើយចំណូលចំណាយចាយវាយក្នុងគ្រួសារ គឺលើរូបគាត់ជាប្រពន្ធ អ្នកផ្គត់ផ្គង់ទាំងអស់ សូម្បីកាតទូរស័ព្ទប្តី និងព្យាបាលជំងឺប្តី ក៏លុយរបស់គាត់ដែលជាប្រពន្ធទាំងអស់ដែរ។ លុះដល់ប្រពន្ធអស់លុយ អស់ទ្រព្យសម្បត្តិពីខ្លួន និងធ្លាក់ខ្លួនឈឺ ស្រាប់តែលោកប្តីកំហូច បើកឡានចុះចោលគាត់ទៅបាត់ ដោយមិនបានប្រាប់សូម្បីតែមួយម៉ាត់។ មិនតែប៉ុណ្ណោះ បុរសជាប្តីបានដាក់ពាក្យបណ្តឹងទៅសាលាឃុំ និងសាលាស្រុក សុំលែងលះរូបគាត់ជាប្រពន្ធទៀតផង។ ក្រោយពីទទួលបានពាក្យបណ្តឹង អាជ្ញាធរស្រុក-ឃុំ ក៏បានកោះហៅភាគីទាំងពីរឱ្យចូលខ្លួន ក្នុងគោលបំណងសម្របសម្រួលផ្សះផ្សាភាគីទាំងពីរនេះ តែបុរសភាគីខាងប្តី មិនព្រមដាច់ខាត ត្រូវតែលែង។

ស្ត្រីជាប្រពន្ធ បន្តទៀតថា បន្ទាប់ពីការសម្របសម្រួលរបស់អាជ្ញាធរស្រុក-ឃុំ មិនត្រូវគ្នា ភាគីបុរសជាប្តី បានដាក់ពាក្យបណ្តឹងបន្តទៅកាន់តុលាការខេត្តព្រៃវែង ដើម្បីសុំលែងលះប្រពន្ធ និងទាមទារសុំយកទ្រព្យសម្បត្តិ ដីមួយដុំ ដែលបានទិញរួមគ្នានោះ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ទៀតផង។
ស្ត្រីជាប្រពន្ធ បន្តថា សព្វថ្ងៃគាត់កំពុងមានការព្រួយបារម្ភខ្លាំង ដោយសារភាគីប្តី ជាអ្នកធ្វើការងារនៅសាលាស្រុកស្វាយអន្ទរ ដូច្នេះគាត់ស្គាល់អ្នកធ្វើការនៅសាលាខេត្ត និងតុលាការច្រើន ហើយដីការតុលាការ បានកោះហៅគាត់ឱ្យចូលខ្លួន។ ដូច្នេះរូបគាត់ជាស្ត្រីមេម៉ាយទន់ខ្សោយ មិនមានខ្នងបង្អែក មានតែលើកដៃសំពះតាមរយៈអ្នកសារព័ត៌មាន សូមសំណូមពរឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងប្រធានតុលាការខេត្តព្រៃវែង ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍រកយុត្តិធ៌មឲ្យគាត់ផង និងសូមឱ្យថ្នាក់ដឹកនាំលុបឈ្មោះប្តីគាត់ចេញពីក្របខ័ណ្ឌមន្ត្រីរដ្ឋបាលសាលាស្រុកស្វាយអន្ទរ ចោលទៅ ព្រោះជាមន្ត្រីគ្មានគុណធម៌ សីលធម៌ ខ្វះការទទួលខុសត្រូវ ទុកនាំតែខូចឈ្មោះមន្ត្រីល្អៗផ្សេងទេ និងសូមឱ្យរូបគាត់បានគ្រប់គ្រងកាន់កាប់ដីមួយដុំ ដែលបានទិញរួមគ្នា ទុកគ្រាន់គាត់លក់ព្យាបាលជំងឺ ព្រោះរូបគាត់អស់ទ្រព្យសម្បត្តិពីខ្លួនហើយ កំពុងធ្លាក់ខ្លួនឈឺទៀត។
ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនបុរសជាប្តីបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕