បន្ទាយមានជ័យ ៖ បុរសវ័យចំណាស់ម្នាក់ បានទាក់ទងហៅស្រីក្មេងម្នាក់ មករួមរ័ក ដោយប្រើថ្នាំជំនួយផ្លូវភេទ លុះដឹកដៃស្រីក្មេងឡើងឋានសួគ៌បានម្តង ទំនងជាមានក្តីរំភើបស្រើបស្រាល ស្រណុកស្រួលពេក ទើបបណ្តាល ឲ្យគាំងបេះដូងស្លាប់លើបង្គង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាទៀបភ្លឺ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចបន្ទប់លេខ៧០៨១៤ ជាន់ទី៨ នៃអគារប៉ាណូរ៉ាម៉ា ស្ថិតក្នុងកាស៊ីណូ ហូលីដេ ផាលេស មានទីតាំងស្ថិត នៅក្នុងក្រុងប៉ោយប៉ែត។

បុរសចំណាស់ដែលស្លាប់លើបង្គងនោះ មានឈ្មោះ YONGSAK EKPRACHY ASAKUL ភេទប្រុស អាយុ៦៥ឆ្នាំ ជាជនជាតិថៃ បានចូលមកទេសចរណ៍នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកនារីជាដៃគូរបស់ បុរសរងគ្រោះខាងលើ មានអាយុ២៩ឆ្នាំ ជាជនជាតិវៀតណាម ស្នាក់នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមសម្តីនារីជាជនជាតិវៀតណាម ដែលត្រូវជនរងគ្រោះទាក់ទងទៅរួមរ័ក រហូតដល់គាំងបេះដូងស្លាប់នោះ បានរៀបរាប់ប្រាប់ថា នាងបានចូលមកប្រទេសកម្ពុជា តាំងពីអំឡុងឆ្នាំ២០០០ និងមកស្នាក់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់ខែឧសភា ឆ្នាំ២០២៣ នាងបានទៅរស់នៅក្នុងក្រុងប៉ោយប៉ែត ដោយជួលបន្ទប់ស្នាក់ នៅក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
នារីខាងលើ បន្តថា លុះដល់វេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣ មាន ភ្ញៀវជនជាតិថៃ ម្នាក់ បានទាក់ទងមកនាង តាមរយៈប្រព័ន្ធតេឡេក្រាមថាឱ្យទៅគេងជាមួយគាត់ នៅក្នុង កាស៊ី ណូ ហូលីដេ ផាលេស ១យប់។ ពេលនោះ នាងបានទៅជួបភ្ញៀវដែលទាក់ទងមក ហើយភ្ញៀវនោះបាន ឱ្យនាង ចូលទៅដេកជាមួយបុរសម្នាក់ទៀត ដែលជាជនជាតិថៃ (ជនរងគ្រោះ) នៅក្នុងបន្ទប់លេខ៧០៨១៤ ជាន់ទី៨ នៃ អគារប៉ាណូរ៉ាម៉ា ស្ថិតក្នុងកាស៊ីណូ ហូលីដេ ផាលេស។
នារីដដែល បានឱ្យដឹងបន្តថា ពេលនិយាយត្រូវរ៉ូវគ្នាហើយ នៅវេលាម៉ោងប្រមាណ ២និង៥០នាទីរំលងអធ្រាត្រ ថ្ងៃដដែល នាងបានចូលទៅគេងជាមួយបុរសជាជនជាតិថៃ (បុរសរងគ្រោះ) ហើយបុរសវ័យចំណាស់ជន ជាតិថៃនោះ ចាប់ផ្តើមបបួលនាងឡើងឋានសួគ៌ បានសម្រេចតែម្តងគត់ ស្រាប់តែលែងកម្រើក ទើបនាងនឹក សង្ស័យ ក៏បានដាស់ និងយកដៃអង្រួនជង្គង់ តែបុរសនោះនៅស្ងៀម មិនឆ្លើយតបសោះ។ ឃើញបែបនេះ នាងបានចេញទៅប្រាប់សន្តិសុខដែលយាមប្រចាំការនៅទីនោះ ឱ្យជួយមើល លុះពេលសន្តិសុខមកដល់ ស្ទាបមើលដង្ហើម ជីពចរ និងចង្វាក់បេះដូង ទើបដឹងថាគ្មានចលនាអ្វីបន្តិចសោះឡើយ គឺបុរសជនជាតិថៃ នោះបានស្លាប់បាត់ទៅហើយ។

តាមសាក្សីមិត្តភក្តិរបស់ជនរងគ្រោះម្នាក់ទៀត បានរៀបរាប់ថា ជនរងគ្រោះមានជំងឺបេះដូង ប៉ុន្តែនៅពេល សមត្ថកិច្ចពិនិត្យនៅក្នុងកាបូបរបស់គាត់ ស្រាប់តែរកឃើញមានថ្នាំជំនួយផ្លូវភេទចំនួន ៣គ្រាប់ នៅក្នុងកាបូប នោះទៀតផង ដែលសបញ្ជាក់ឱ្យឃើញថា ជនរងគ្រោះពិតជា ស្លាប់លើបង្គង ប្រាកដមែន ហើយមូលហេតុ តែមួយគត់ គឺបណ្តាលមកពីប្រើថ្នាំជំនួយផ្លូវភេទ ដែលធ្វើឱ្យប៉ះពាល់ដល់ជំងឺបេះដូង។
សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកទៅតម្កល់ទុកនៅក្នុងវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រង់ចាំប្រគល់ជូនក្រុមគ្រួសារមកទទួលនិងចាត់ចែងបន្ត៕