Wednesday, November 20, 2024
Homeព័ត៌មានសិល្បៈប្រពន្ធចាក់រ៉ូមសាច់ស រងគ្រោះសង្គ្រោះបន្ទាន់ ពាក់មី ប្តឹងម្ចាស់ហាង ឲ្យទទួលខុសត្រូវ 

ប្រពន្ធចាក់រ៉ូមសាច់ស រងគ្រោះសង្គ្រោះបន្ទាន់ ពាក់មី ប្តឹងម្ចាស់ហាង ឲ្យទទួលខុសត្រូវ 

ភ្នំពេញ ៖ តារាកំប្លែង លោកចែម ចាន់រ៉ា ហៅពាក់មី បានស្នើឲ្យម្ចាស់ហាងកែសម្រស់ អេស 88 ប៊ីយូធី (S88 Beauty) ផ្សាធំថ្មី ដែលចាក់សេរ៉ូមសាច់ស ឲ្យប្រពន្ធរបស់លោក រងគ្រោះរហូតត្រូវចូលបន្ទប់សង្គ្រោះបន្ទាន់នោះ ចេញមុខទទួលខុសត្រូវ និងសំណូមពរសមត្ថកិច្ច និងច្បាប់ ជួយរកយុត្តិធម៌ជូនប្រពន្ធរបស់លោក ដើម្បីកុំឲ្យ មានអ្នករងគ្រោះដូចប្រពន្ធលោកទៀត។ 

 សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ លោកចែម ចាន់រ៉ា ហៅពាក់មី បានទម្លាយរឿងហាង កែសម្រស់ អេស 88 ប៊ីយូធី (S88 Beauty) សាខាផ្សារធំថ្មី ព្យួសេរ៉ូមសាច់ស ឲ្យប្រពន្ធលោករងគ្រោះ ចូល បន្ទប់សង្គ្រោះបន្ទាន់ ធ្វើឲ្យមានការភ្ញាក់ផ្អើលពីមហាជន។

នាយពាក់មី បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ថា «ប្រពន្ធខ្ញុំ សង្គ្រោះបន្ទាន់នៅបន្ទប់ ICU 2ថ្ងៃហើយ បន្ទាប់ពីគាត់បានព្យួសេរ៉ូមឲ្យសាច់ស នៅមជ្ឈមណ្ឌលកែ សម្ផស្ស S88 Beauty នៅថ្ងៃពុធ ទី2 ម៉ោង 1រសៀល។ តើម្ចាស់ S88 Beauty ទាំង 13សាខា ជានណា?» ។

 លោកចែម ចាន់រ៉ា ហៅពាក់មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ ថា មកដល់ ពេលនេះ ប្រពន្ធរបស់លោកបានដឹងខ្លួន ចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ បន្ទាប់ពីនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ អស់៣ថ្ងៃ តែកំពុងបន្តសម្រាកព្យាបាល និងស្ថិតនៅក្នុងការតាមដានយ៉ាងយកចិត្តទុកដាក់ពី វេជ្ជបណ្ឌិតនៃមន្ទីរ ពេទ្យកាលម៉ែត នៅឡើយ ។ ជាមួយនេះ លោកកំពុងកំពុងរង់ចាំដំណឹងពីសមត្ថកិច្ច អំពីចំណាត់ការទៅលើ ហាងកែសម្រស់ ដែលចាក់សេរ៉ូមសាច់សឲ្យប្រពន្ធលោក បណ្តាលឲ្យមានបញ្ហាបែបនេះ។ នាយបាក់មី បញ្ជាក់ ថា ពេលនេះសមត្ថកិច្ចនគរបាលខណ្ឌដូនពេញ កំពុងតាមស្វែងរកម្ចាស់ហាងកែសម្រស់ ដែលកំពុងរត់គេខ្លួន ក្រោយពីលោកបានដាក់ពាក្យបណ្ដឹង នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ។

លោកចែម ចាន់រ៉ា ហៅពាក់មី បានបញ្ជាក់ថា “បាទ! ភរិយាខ្ញុំចេញពីបន្ទប់សង្រ្គោះបន្ទាន់ហើយ ប៉ុន្តែកំពុង សម្រាកនៅបន្ទប់ព្យាបាលជាប់ហ្នឹង ។ សុខភាពគាត់រាងប្រសើរជាងមុនហើយ ប៉ុន្តែសមត្ថកិច្ចខណ្ឌដូនពេញ កំពុងធ្វើការរឿងហ្នឹង បន្ទាប់ពីខ្ញុំបានដាក់បណ្ដឹង តាំងពីថ្ងៃទី០២ សីហា ។ ភរិយាខ្ញុំបានចូលហាងកែសម្រស់នោះ នៅថ្ងៃទី០២ សីហា វេលាម៉ោង ១រសៀល ។ ខ្ញុំប្ដឹងម្ចាស់ហាងនោះ ពីបទទទួលកែសម្រស់ប្រពន្ធខ្ញុំ អត់ទទួលខុស ត្រូវ ធ្វើឲ្យប៉ះពាល់គ្រោះថ្នាក់ដល់សុខភាព គ្រោះថ្នាក់ដល់អាយុជីវិតទៀតនោះ ។ ចំពោះការប្ដឹងនេះទាមទារប្រាក់សំណង ឬទាមទារឲ្យផ្ដន្ទាទោសយ៉ាងណា ខ្ញុំអត់ទាន់ដឹងទេ ខ្ញុំទុកឲ្យសមត្ថកិច្ច ធ្វើការសិន បានខ្ញុំធ្វើអី ព្រោះខ្ញុំគ្រាន់តែចង់រកយុត្តិធម៌ ហើយឲ្យគាត់មកទទួលខុសត្រូវលើប្រពន្ធខ្ញុំ និងលើសុខ ភាពទៀត។ ពេលខ្ញុំប្ដឹងនេះដែរ ម្ចាស់ហាងបិទទ្វារហើយ ឥឡូវបិទទាំងទូរស័ព្ទ ដែលមានដល់ ១៣សាខាឯណោះ ។ យ៉ាងណា ម្ចាស់ហាងនោះ កំពុងលាក់ខ្លួននៅទីណានោះ ដឹងតម្រុយខ្លះៗហើយ ប៉ុន្តែប៉ូលិសកំពុងតែធ្វើការ គឺសមត្ថកិច្ចកំពុងតាមដានរឿងហ្នឹង» ។

នាយពាក់មី បន្តថា «ត្រង់ចំណុចនេះដែរ ខ្ញុំសុំរំលឹកពីដើមហេតុដំបូងថា នៅថ្ងៃទី០២ សីហា ហ្នឹង ប្រពន្ធខ្ញុំ អត់ មានគម្រោងទៅធ្វើខ្លួនអីទេ គាត់ទៅម៉ាស្សាមុខទេ គឺគម្រោងរបស់គាត់ហ្នឹង ទៅម៉ាស្សាមុខ ឲ្យមុខស ប៉ុន្តែទៅ ម៉ាស្សាមុខហ្នឹង ខាងគ្លីនិកហ្នឹង ខាងមជ្ឈមណ្ឌលហ្នឹង គេថា ៖ អ្ហែងម៉ាស្សាម្ដង ពីរដង មិនស្មើនឹងព្យួរសេរ៉ូម ម្ដង ទេ ព្យួរសេរ៉ូមម្ដង គឺសពីខាងក្នុងអីអ៊ីចេះមួយ អ៊ីចេះពីរអ៊ីចឹង ។ ប្រពន្ធខ្ញុំក៏ជឿតាមគេស្លុង ចាប់ផ្ដើមព្យួរសេរ៉ូម ហ្នឹងទៅ ។ ព្យួរបានពាក់កណ្ដាលសេរ៉ូម ចាប់ផ្ដើមធ្វើទុក្ខតែម្ដង ។ ធ្វើទុក្ខម្ដង ពីរដងហ្នឹង គឺធ្វើទុក្ខងងឹតមុខ ក្អួត រាក តឹងដើមទ្រូង ថប់ដង្ហើម ។ ពេលប្រាប់ទៅខាងគ្លីនិកហ្នឹងទៅ ខាងគ្លីនិកហ្នឹង គេថា មកពីប្រពន្ធខ្ញុំគេង ច្រើន ពេក ឬក៏មករដូវអី ខ្ញុំមិនដឹងទេ ។ ពេលប្រពន្ធខ្ញុំជិះមកតាមផ្លូវ មកដល់ពាក់កណ្ដាលផ្លូវ មានអាការក្អួត រាកធ្វើ ទុក្ខពិបាកក្នុងខ្លួន ងងឹតមុខ ក៏ទូរស័ព្ទទៅខាងគ្លីនិក គេអត់លើក ។ មកដល់ផ្ទះ នៅតែរាក ក្អួតៗ វិល ហើយតេ ទៅគ្លីនិកទៀត ក៏គេរអត់លើក រហូតដល់ប្រពន្ធខ្ញុំសន្លប់ លែងដឹងខ្លួន បានបញ្ជូនទៅពេទ្យទី១ នៅក្បែរហ្នឹង (ផ្ទះ) ប៉ុន្តែធ្ងន់ពេក ក៏បញ្ជូនមកពេទ្យកាល់ម៉ែត ចូលបន្ទប់សង្រ្គោះបន្ទាន់ (ICU) អស់រយៈពេលជាច្រើនម៉ោង ទើប ដឹងខ្លួនវិញ» ។

 នាយពាក់មី បន្តទៀតថា “ចំពោះការសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត នេះ ខាងលោកគ្រូពេទ្យ បានយក ចិត្តទុកដាក់ព្យាបាល រហូតប្រពន្ធខ្ញុំបានធូរស្រាល។ ហើយទាក់ទងនឹងមូលហេតុផ្សេងៗទៀត គាត់នឹង បញ្ជាក់ទៅលើក្រដាមស្នាម ពេលបានធូរ ជាមែនទែន ។ ប៉ុន្តែដំណាក់កាលទី១នេះ គាត់ថា ប្រពន្ធខ្ញុំបាន ធូរខ្លះហើយ មិនគួរឲ្យបារម្ភពេកទេ ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ក្នុងការចាក់ព្យួរសេរ៉ូមសាច់ស ឲ្យប្រពន្ធខ្ញុំនោះ ខាងគ្លីនិកកែសម្រស់នោះ គេយកថ្លៃសេវាដូចជាង ១០០ទេ ប៉ុន្តែរឿងគេធានាថា ប៉ុន្មានថ្ងៃ ប៉ុន្មានខែ សយ៉ាង ណានោះ ខ្ញុំអត់ដឹងទេ ទាល់តែសួរប្រពន្ធខ្ញុំ ប៉ុន្តែឥឡូវសួរមិនទាន់កើតទេ បើគាត់នៅមិនទាន់និយាយបាន ច្រើននៅឡើយ គ្រាន់តែនិយាយបានខ្លះៗ“ ។

 ជាចុងក្រោយ តាមរយ: «នគរធំ» នាយពាក់មី បានផ្តាំផ្ញើដល់បងប្អូនជនរួមជាតិ ជាពិសេសនារីៗ ដែលចង់ កែសម្រស់ឲ្យស្អាតឡើង គ្មានអ្នកណាអាចហាមឃាត់បានទេ គ្រាន់តែត្រូវស្រាវជ្រាវ ពិនិត្យឲ្យបានច្បាស់ ស្វែងរកហាងណាដែលមានជំនាញពិតប្រាកដ ដើម្បីចៀសវាងបញ្ហាគ្រោះថ្នាក់ដល់សុខភាព ឬអាចដល់ជីវិត ដូចករណីធ្លាប់កើតឡើងពីមុនមក ក៏ដូចជាករណីរបស់ប្រពន្ធលោកនេះ។ ជាមួយនេះ លោកក៏សំណូមពរ ដល់សមត្ថកិច្ចខណ្ឌដូនពេញ និងច្បាប់ ជួយរកយុត្តិធម៌ជូនប្រពន្ធរបស់លោក ដើម្បីកុំឲ្យមានអ្នករងគ្រោះ ដូចប្រពន្ធលោកទៀត ៕ កុលបុត្រ

RELATED ARTICLES