កណ្តាល ៖ ស្ត្រីជាមេការហាងខារ៉ាអូខេម្នាក់ ទើបនឹងចេញពីធ្វើការពេលយប់ ជិះម៉ូតូសំដៅទៅផ្ទះវិញ ស្រាប់តែត្រូវជនសង្ស័យ ១ក្រុម ប្រដាប់ដោយដាវ កាំបិត បានស្ទាក់ដេញកាប់ ប្លន់យកម៉ូតូ និងកាបូបលុយ រួចគេចខ្លនបាត់អស់ដោយសុវត្ថិភាព លុះជនរងគ្រោះដាក់ពាក្យ ប្តឹង ក៏ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួនបានចំនួន៤នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់ម៉ូតូ) ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ 21A ស្ថិតក្នុងភូមិព្រែកសំរោង២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ រហូតមកដល់ វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចក៏បានបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន ៤នាក់ ខណៈដែលពួកគេ កំពុងចេញធ្វើសកម្មភាពប្លន់សារជាថ្មី។
ជនរងគ្រោះ មានឈ្មោះតុង ស្រីទូច ភេទស្រី អាយុ៤២ឆ្នាំ មុខរបរមេការខារ៉ាអូខេ “ប៊ីយ៉ុន” មានលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។ ចំណែកទ្រព្យសម្បត្តិបាត់បង់ រួមមាន ម៉ូតូ១គ្រឿងម៉ាក ស្កុបពី ស៊េរី២០២២ ពាក់ស្លាកលេខ កណ្តាល 1AP-3723។ កាបូបលុយ ចំនួន១។ ទូរស័ព្ទ១គ្រឿង ម៉ាក Oppo ។ រួមនឹងឯកសារមួយចំនួន។

ចំណែកក្រុមជនសង្ស័យទាំង៤នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន រួមមាន ទី១-ឈ្មោះអ៊ិត ចាន់ទីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ ទី២-ឈ្មោះវិន លាភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ ទី៣-ឈ្មោះស៊ាន ខយ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ និងទី៤-ឈ្មោះយិន ស៊ឹមឡេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀនក្នុងខ្លួន)។ រីឯវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូ១គ្រឿង ម៉ាក Honda Moov ពណ៌ស ស្លាកលេខ ភ្នំពេញ 1HA 7486 (របស់ជនសង្ស័យ)។ ២-កាំបិត ប៉័ងតោចំនួន១ (របស់ជនសង្ស័យ)។ និង៣-ដាវចំនួន១ដើម (របស់ជនសង្ស័យ)។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ត្រីរងគ្រោះបានជិះម៉ូតូចេញពីធ្វើការ នៅហាងខារ៉ាអូខេ “ប៊ីយ៉ុន” បំណងត្រឡប់ទៅផ្ទះវិញ លុះជិះដល់ចំណុចកើត ហេតុ ខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់ គឺឈ្មោះអ៊ិត ចាន់ទីម៉េង និងឈ្មោះវិន លាភ បានជិះម៉ូតូ១គ្រឿង យកដាវដេញកាប់ស្ត្រីរងគ្រោះ រួចហើយដណ្តើមយកម៉ូតូនិងកាបូបលុយជិះគេចខ្លួនបាត់ទៅ។
លុះមកដល់វេលាម៉ោង១ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ក៏ស្រាប់តែលេចមុខជនសង្ស័យ៣នាក់ គឺឈ្មោះអ៊ិត ចាន់ទីម៉េង ឈ្មោះស៊ាន ខយ ឈ្មោះយិន ស៊ឹមឡេង បានជិះម៉ូតូដដែលមានកាន់កាំបិតប៉័ងតោចំនួន១ បានជិះនាំគ្នាប៉ុនប៉ងដើររក កាប់ប្លន់ម៉ូតូនៅពេលយប់ម្តងទៀត ចំណែកឈ្មោះវិន លាភ មិនបានមកជាមួយនោះទេ ស្រាប់តែបានជួប កម្លាំងសមត្ថកិច្ចក្រុងតាខ្មៅកំពុងល្បាត ធ្វើការឃាត់ខ្លួន និងបានស្រាវជ្រាវចាប់បានជនសង្ស័យម្នាក់ទៀតឈ្មោះវិន លាភ យកមកសាកសួរតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបាននាំគ្នាយកដាវកាប់ប្លន់យកម៉ូតូ និងកាបូប លុយរបស់ស្ត្រីរងគ្រោះខាងលើប្រាកដមែន។
ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ផូនទៅចាត់ការបន្តតាមនីតិវិធី ៕