Wednesday, November 20, 2024
Homeតារាខ្មែរមហាជនសរសើរខាត់ សុឃីម វាយពាក់មី ផ្សាយហ្គេម អនឡាញ ពង្វក់យុវជនខ្មែរ

មហាជនសរសើរខាត់ សុឃីម វាយពាក់មី ផ្សាយហ្គេម អនឡាញ ពង្វក់យុវជនខ្មែរ

ភ្នំពេញ ៖ មហាជនបានសម្ដែងការសរសើរចំពោះតារាសិល្បៈពហុជំនាញ អ្នកនាងខាត់ សុឃីម ដែលបដិសេធ ទទួលផ្សាយហ្គេមអនឡាញ ។ ទន្ទឹមនឹងនេះ មហាជន ជាពិសេសអ្នកគាំទ្រ តារាកំប្លែង ចែម ចាន់រ៉ា ហៅនាយ ពាក់មី បានសម្តែងការខកចិត្ត និងរិះគន់វាយប្រហារទៅលើតារាល្បីឈ្មោះរូបនេះ ដែលទទួលធ្វើជាទូត សុច្ឆន្ទៈ ក្រុមហ៊ុន FAFA138 ដែលជាវេបសាយកម្សាន្តហ្គេមអនឡាញ ដោយមហាជនលើកហេតុផលថា ការជួយផ្សាយ ហ្គេមអនឡាញនេះ គ្មានបានប្រយោជន៍អ្វីដល់សង្គមទេ មានតែពង្វក់យុវជនខ្មែរ ឲ្យភ្លេចការសិក្សា ងាកទៅលេង ល្បែងភ្នាល់តាមអនឡាញ។

គួរបញ្ជាក់ថា ថ្មីៗនេះ តារាកំប្លែងល្បី លោកចែម ចាន់រ៉ា ហៅនាយពាក់មី បានទទួលធ្វើទូតសុច្ឆន្ទៈ ក្រុមហ៊ុន FAFA138 ដែលជាកាស៊ីណូអនឡាញ ផ្ដល់សេវាហ្គេមអនឡាញ ដូចជា ភ្នាល់កីឡា, កាស៊ីណូផ្សាយផ្ទាល់, ស្លុតហ្គេម និងហ្គេមបាញ់ត្រី ជាដើម ។      

តាមរយៈទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់ខ្លួន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ នាយពាក់មី បានបង្ហោះ រូបភាពក្រុមហ៊ុនហ្គេមអនឡាញមួយ ដោយបានបញ្ជាក់ថា លោករីករាយដែលបានធ្វើជាទូតសុច្ឆន្ទៈតែមួយគត់ ជាមួយ FAFA138 ។ លោកបានផ្សាយថា «ទំនុកចិត្តខ្ពស់បំផុត មាននៅ FAFA138 តែប៉ុណ្ណោះ លេខ១ នៅតំបន់ អាស៊ី ។ ដូច្នេះបើបងប្អូនណាចាប់អារម្មណ៍ សូមទាក់ទង Telegram ដើម្បីបើកគណនី…» ។

 ក្រោយពីបានឃើញការប្រកាសរបស់នាយពាក់មី ខាងលើនេះ មានមហាជនជាច្រើន ជាអ្នកប្រើបណ្ដាញសង្គម ហ្វេសប៊ុក បានចូលបញ្ចេញមតិយោបល់ (Comment) រិះគន់វាយប្រហារមកលើតារាកំប្លែងល្បីឈ្មោះរូបនេះ ដោយភាគច្រើនពួកគេបង្ហាញការខកចិត្តចំពោះតារាជាអាយដូលរបស់ពួកគេ បែរជាជួយផ្សាយឲ្យហ្គេម អន ឡាញ ដោយសារតែដើម្បីជាថ្នូរនឹងលុយ។

ការបញ្ចេញយោបល់របស់មហាជនទាំងនោះ មានដូចជា «លុយអាចផ្លាស់ប្ដូរបានគ្រប់យ៉ាង សូម្បីមនុស្ស របស់ មហាជនដែលធ្លាប់និយាយក្តែងៗថា ស្អប់ខ្ពើមល្បែងស៊ីសង តែឥឡូវជាន់ដានឯង ព្រោះតែលុយៗៗៗ», «នេះហើយតារាកំប្លែងដែលខ្ញុំចូលចិត្ត Top fan សូមជម្រាបលា», «ឈប់បានឈប់ទៅពូអើយ ! ល្បែងតែងវិនាស សូមកុំពង្វក់យុវជន ប្រជាជន ឲ្យលេងល្បែង», «កាលពីមុន ដូចជាធ្លាប់ឃើញនិយាយថា ដាច់ខាតក្នុងការ ថតឲ្យ ក្រុមហ៊ុម game online តែឥឡូវម៉េចមកអ៊ីចឹងទៅវិញ?», គាត់ធ្លាប់ផុសថាឱ្យក្រុមហ៊ុនហ្គេមអនឡាញ ដែលយក រូបគាត់ទៅផុស ហើយគាត់ថា ដាច់ខាតមិនប្រូម៉ូតល្បែងដាច់ខាត តែឥឡូវចប់ទាំងអស់ គឺតារាភាគច្រើន សុទ្ធតែ អ៊ីចឹង», «បាបកម្ម មកបណ្តើរៗហើយ បន្តិចទៀតគ្រួសារនាយពាក់មី ដោយកម្មបាប នឹងវិនាសមិនខាន» …។

 ស្របពេលដែលមហាជនកំពុងរិះគន់វាយប្រហារតារាកំប្លែង នាយពាក់មី ខាងលើនេះ ពួកគាត់ក៏បាន សម្តែង នូវការសរសើរចំពោះតារាសិល្បៈពហុជំនាញ អ្នកនាងខាត់ សុឃីម បន្ទាប់ពីតារារូបនេះ បានទម្លាយថា មាន ខាងក្រុមហ៊ុនហ្គេមអនឡាញ បានទាក់ទងមកនាង ឲ្យជួយផ្សព្វផ្សាយ តែអ្នកនាងបានបដិសេធ មិនទទួល ផ្សាយជាដាច់ខាត ទោះឲ្យជាប្រាក់ប៉ុន្មានក៏ដោយ ។

  អ្នកនាងខាត់ សុឃីម បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់អ្នកនាងថា “និយាយបន្តិច ចុះរឿងនេះ (ដេកៗមានគេ call មក បង! ជួយផ្សាយឲ្យក្រុមហ៊ុនខ្ញុំបន្តិចមក បងយកប៉ុន្មាន?) អាហ្នឹងស្អីគេអូន? ចាសបង Game Online បង! ហ៊ឺ! លោកអើយ ស្មានតែគេជួលភ្លេង sorry sister បងអត់ផ្សាយទេ បងទទួលតែ ភ្លេងទេ ផ្សាយឲ្យអត់យកលុយទៀតហ្ន៎! ១នាទីក្រោយមក call មកប្ដីទៀត យី! មីអូនសាហាវម៉្លេះ ប្ដីបងក៏មិន លើកលែងដែរ? សូមអរគុណ!“ ។

 ជុំវិញការរិះគន់ ពីរឿងជួយផ្សាយឲ្យក្រុមហ៊ុនហ្គេមអនឡាញនេះ នាយពាក់មី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ថា លោកទទួលស្គាល់ការផ្សព្វផ្សាយហ្គេមអនឡាញនេះ វាពិតជាមានផល ប់ះពាល់ ក្នុងនាមជាអ្នកសិល្បៈល្បីម្នាក់ តែនៅពេលដែលគេជួលឲ្យថត និងឲ្យតម្លៃសមរម្យហើយ លោកត្រូវ តែទទួល ដើម្បីបានប្រាក់យកមកដោះស្រាយជីវភាព និងការចំណាយផ្សេងៗ ព្រោះលុយឥឡូវ ពិបាករកណាស់ ។ ម្យ៉ាងទៀត លោកជាអ្នកសិល្បៈ ដែលត្រូវរកលុយពីការថត បើមិនឲ្យលោកទទួលថត ឲ្យទៅធ្វើអីវិញ ហើយ លោកយល់ថា គ្រាន់តែដាក់រូបថតលោក លើអ៊ីនធឺរណិត ក្នុងនាមជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនហ្គេមអនឡាញ មិនមានឥទ្ធិពលអី រហូតដល់ពង្វក់ស្មារតីមនុស្សទាំងអស់ទេ គឺបើមិនចាប់អារម្មណ៍ មិនលេង អូសរំលងទៅ ។ ដូច្នេះលោកមិនខឹងនឹងមហាជនដែលបានរិះគន់លោកទេ គឺមានតែសុំចិត្តពួកគាត់វិញ កុំខឹងនឹងលោកអី ព្រោះ ក្នុងនាមជាអ្នកសិល្បៈ លោកត្រូវរកចំណូលពីការថត គីមិនមែនតែទទួលថតហ្គេមអនឡាញទេ សូម្បីតែថត ស្ពតស្រាបៀរ ដែលរិះគន់ថា ជាការផ្សព្វផ្សាយធ្វើឲ្យសុខភាពមនុស្ស ក៏លោកទទួលថតដែរ ។

នាយពាក់មី បាននិយាយថា “ខ្ញុំជាតារាសម្ដែង តែគេជួលថត ខ្ញុំថតហើយ ប៉ុណ្ណឹងឯង ។ ចំពោះតម្លៃខ្លួនគេអត់ និយាយបានទេ ប៉ុន្តែទាក់ទងនឹងការរិះគន់ពីអ្វីដែលខ្ញុំបានថតនេះ ថាជាការពង្វក់យុវជនខ្មែរ ឲ្យលេង ល្បែង អីជាដើមនេះ សម្រាប់ខ្ញុំជាតារាល្បីដែរ តែគេជួលយើងថត គឺយើងថតហើយ ។ ឥឡូវខ្ញុំសួរវិញ បើថត ១សន្លឹក ២សន្លឹក ឲ្យ២០ម៉ឺនដុល្លារ តើថតឬអត់? ប្រាកដជាទទួលថតហើយ ព្រោះដឹងហើយ ឥឡូវពិបាកក្នុងការរកលុយ ណាស់ ទូកធំ ក្ដោងធំ ។ ពេលខ្លះយើងឃើញថាមិនសម ប៉ុន្តែបងប្អូនអ្នកទៅភ្នាល់បាល់ទាត់អីហ្នឹង កុំភ្នាល់ទៅ ដូចគ្រូបង្រៀន ដប់ម្ភៃឆ្នាំ ម៉ែឪប្រដៅបួនដប់ម្ភៃឆ្នាំ មិនស្ដាប់ មកមើលតារាផុស ១សន្លឹកហ្នឹង ។ ធ្វើតាមអី ឃើញ អូសរំលងចោលទៅ កុំទៅមើល ។ និយាយទៅ ខ្ញុំដឹងថា ផលប៉ះពាល់ ប៉ុន្តែធ្វើម៉េចនេះជាមុខរបរ ។ ពីមុនមក យើងនៅផ្ទះតូច ចំណាយយើងក៏តិច ពេលឥឡូវយើងនៅផ្ទះធំ ក៏ចំណាយទឹក ភ្លើង ការហូបចុក ចំណាយ ទៅលើគ្រួសារ ចំណាយផ្សេងៗ គឺមនុស្សសុទ្ធតែមានការចំណាយរៀងៗខ្លួន ហើយមុខរបររៀងៗខ្លួនបង ប្អូនរកស៊ីមុខរបរផ្សេង ហើយខ្ញុំមុខរបរថត ហើយបើថតធម្មតា បាន ១០០០ដុល្លារ តែដល់ពេលថតនោះ បាន ដប់ម្ភៃម៉ឺនដុល្លារ សួរថា តើចោលលុយហ្នឹងឬទេ? គឺមិនអាចចោលលុយហ្នឹងទេ» ។

នាយពាក់មី បន្តថា «អ៊ីចឹងខ្ញុំសុំទោសបងប្អូនទាំងអស់គ្នា សម្រាប់ការថតនេះ ប៉ុន្តែនេះជាមុខរបរ ជាការងារខ្ញុំ សម្រាប់ថតអ៊ីចឹងហើយ ។ ដូចស្រាបៀរកម្ពុជា អ៊ីចឹង បងប្អូនរិះគន់ថា ខ្ញុំថតប៊ីយែរ តែធ្វើម៉េច នេះជាមុខរបរ បច្ចុប្បន្ននេះ ខនសឺត ក៏ខនសឺត ប៊ីយែរ យើងចេះតែថតទៅ បើយើងអ្នកថតហើយ ការងាររបស់យើង ជាអ្នក ថតហ្នឹងហើយ ហើយបើយើងបិទប៊ីយែរ បិទអីអត់ថត តើថតអី? យ៉ាងណា ខ្ញុំសុំផ្ដាំទៅបងប្អូនទាំងអស់គ្នាថា កុំលេងល្បែងភ្នាល់បាល់អីហ្នឹង កុំឃើញគេផុសហ្នឹង ចង់លេង បើផុស អូសចោលទៅ កុំមើល ហើយសុំទោស ផង ដែលខ្ញុំផុសអីអ៊ីចឹងៗ ដោយសារយើងទទួលគេ ហើយនេះជាមុខរបររបស់ខ្ញុំ ។ ដូចអ្នកលក់ប៊ីយែរអ៊ីចឹង បងប្អូនមិនហូប កុំទិញហូបទៅ ដល់ពេលបងប្អូនទិញហូប ទៅបន្ទោសអ្នកប្រូម៉ូតប៊ីយែរ អ្នកលក់ប៊ីយែរម៉េចកើត សំខាន់លើយើងខ្លួនឯង ។ សរុបទៅ ឆ្លើយតបនឹងការរិះគន់ពីមហាជននេះ ខ្ញុំអត់ខឹងទេ មានតែសុំចិត្តកុំខឹងខ្ញុំវិញ ព្រោះទៅខឹងបងប្អូនម៉េចកើត បើបងប្អូនជាអ្នកចិញ្ចឹមខ្ញុំហើយ បងប្អូនហ្នឹងហើយជាអ្នកធ្វើឲ្យខ្ញុំមានថ្ងៃហ្នឹង ទៅខឹងពួកគាត់ម៉េចកើត ប៉ុន្តែសុំចិត្តបងប្អូន កុំខឹងខ្ញុំ អានេះជាមុខរបរទេ យើងខំធ្វើខ្លួនឲ្យល្បី ពេលល្បី បាន មានគេជួល“ ៕ កុលបុត្រ

RELATED ARTICLES