Wednesday, November 20, 2024
Homeព័ត៌មានសិល្បៈអ្នកនិពន្ធ ផ្តាំទៅកំពូលតារាចម្រៀង មានទ្រព្យ-យស រៀនកតញ្ញូខ្លះផង

អ្នកនិពន្ធ ផ្តាំទៅកំពូលតារាចម្រៀង មានទ្រព្យ-យស រៀនកតញ្ញូខ្លះផង

ភ្នំពេញ ៖ អ្នកនិពន្ធល្បីឈ្មោះម្នាក់ គឺលោកស្រី ងិន ម៉ានីយ៉ា ដែលធ្លាប់បាននិពន្ធទំនុកច្រៀង ឬបទចម្រៀង ឲ្យតារាចម្រៀងមួយចំនួនច្រៀង រហូតមានភាពល្បីល្បាញ ក្លាយជាអ្នកមានបានក្នុងអាជីពនោះ បានផ្តាំទៅកំ ពូលតារាចម្រៀងទាំងឡាយ ឲ្យរៀនកតញ្ញូខ្លះផង ។ អ្នកនិពន្ធរូបនោះ បានផ្តាំថា បើអ្នកមានវាសនាបានល្បី ល្បាញ មានកិត្តិយសកេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិហូរហៀរហើយ បើមិននឹកគុណដល់អ្នកនិពន្ធទេ ក៏សូមគ្រាន់តែ កុំភ្លេចឈ្មោះអ្នកដែលធ្លាប់និពន្ធទំនុកច្រៀងល្អៗ ឲ្យខ្លួនច្រៀង បានល្បីដូចសព្វថ្ងៃនេះទៅបានហើយ។

អ្នកនិពន្ធដដែល បានបញ្ជាក់ថា គាត់មិនមែនទាមទារគុណស្រ័យអ្វីទេ គ្រាន់តែតូចចិត្តថា ហេតុអ្វីសង្គមខ្មែរ មិនផ្ដល់តម្លៃ កិត្តិយស និងលើកតម្កើងអ្នកនិពន្ធសោះ?

លោកស្រី ងិន ម៉ានីយ៉ា ដែលដាក់រហស្សនាមខ្លួនឯងថា «អ្នកនិពន្ធអត់ឈ្មោះ» បានសរសេរក្នុងគណនីបណ្តា ញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅរាត្រីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ថា «ថ្ងៃនេះ នាងខ្ញុំសូមផ្ញើសារដល់កំ ពូលៗតារាចម្រៀង ដែលល្បីល្បាញដោយសារទំនុកច្រៀងរបស់នាងខ្ញុំ គ្រប់ៗគ្នា ឲ្យបានជ្រាបថា បើអ្នកមាន វាសនាបានល្បីល្បាញ មានកិត្តិយស កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិហូរហៀរហើយ បើមិននឹកគុណដល់ខ្ញុំ ក៏មិន អីដែរ គ្រាន់តែសូមកុំភ្លេចឈ្មោះអ្នកដែលធ្លាប់និពន្ធទំនុកច្រៀងល្អៗឲ្យអ្នកបានល្បីដូចសព្វថ្ងៃនេះទៅបានហើយ»។

លោកស្រី ងិន ម៉ានីយ៉ា បានបន្តថា «មិនមែនទាមទារគុណស្រ័យអ្វីទេ គ្រាន់តែតូចចិត្តថា ហេតុអ្វីសង្គមខ្មែរយើង មិនព្រមផ្ដល់តម្លៃ កិត្តិយស និងលើកតម្កើងអ្នកនិពន្ធសោះអ៊ីចឹង ??? រៀនកតញ្ញូខ្លះទៅទើបល្អ។ កុំចាំដល់ពេល ខ្ញុំស្លាប់ រលត់វិញ្ញាណបាត់ទៅ ទើបចេញមកថ្លែងអំណរ ផ្ដល់តម្លៃនិងកិត្តិយសអ្វីនោះទេ ព្រោះខ្ញុំលែងដឹងស្ដាប់ លែងឮហើយ។ តែប៉ុណ្ណឹងឯង សូមជម្រាបសួរ សូមអរគុណ សូមជម្រាបលា»។

ជុំវិញការលើកឡើង ផ្តាំផ្ញើតាមបណ្តាញសង្គម ខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពី លោកស្រី ងិន ម៉ានីយ៉ា បានទេ កាលពីល្ងាចម្សិលមិញ ទើបមិនអាចដឹងថា លោកស្រីចង់ផ្តាំផ្ញើសម្តីក្នុងសំណេរ ខាងលើ ទៅកាន់កំពូលតារាចម្រៀងរូបណាខ្លះនោះទេ។

សូមបញ្ជាក់ថា លោកស្រីងិន ម៉ានីយ៉ា អតីតភរិយាលោកថៃ នរ:សត្យា អតីតរដ្ឋលេខាធិការ ក្រសួង វប្បធម៌និង វិចិត្រសិល្ប: និងជាម្តាយបង្កើតរបស់អតីតតារាសម្តែង ថៃ នរ:ពិទូរ្យ គឺជាអ្នកនិពន្ធទំនុកច្រៀងល្បីឈ្មោះម្នាក់ ដែលបទចម្រៀងជាស្នាដៃនិពន្ធរបស់លោកស្រីជាច្រើនបទ បានធ្វើឲ្យតារាចម្រៀងប្រុសស្រីជាច្រើនដួងនៅ ផលិតកម្មហង្សមាស និងរស្មីហង្សមាស មានភាពល្បីល្បាញ រហូតក្លាយជាកំពូលតារាចម្រៀង នៅពេលបច្ចុប្បន្ន ក្នុងនោះលោកស្រីបាននិពន្ធទំនុកច្រៀងឲ្យតារាចម្រៀងល្បីៗ នៅក្នុងផលិតកម្មទាំងពីរនេះច្រៀង ភាគច្រើនគឺ លោកព្រាប សុវត្ថិ (សព្វថ្ងៃក្លាយជាឧកញ៉ា) លោកស្រីហ៊ឹម ស៊ីវន អ្នកនាងឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណា រាជ និងតារាល្បីៗមួយចំនួនទៀត។

ក្នុងនោះបទចម្រៀងស្នាដៃនិពន្ធទំនុកច្រៀងរបស់លោកស្រី ងិន ម៉ានីយ៉ា មានដូចជា   ៖ «ហួសពេលហើយអូន» (ច្រៀងដោយលោកព្រាប សុវត្ថិ និងលោកស្រីហ៊ឹម ស៊ីវន), «ហួសពេលហើយបង» (ច្រៀងដោយអ្នកនាងឱក សុគន្ធកញ្ញា), «នឹកពៅនៅកន្លែងចាស់» ច្រៀងដោយលោក ឆន សុវណ្ណារាជ), «កប់ខ្លួនឯងជាមួយភាពល្ងង់ខ្លៅ» (ច្រៀងដោយអ្នកនាងឱក សុគន្ធកញ្ញា), «LADY» (ច្រៀងដោយលោកព្រាប សុវត្ថិ), «ផ្តើមស្នេហ៍ជាថ្មី» (ច្រៀង ដោយលោកព្រាប សុវត្ថិ), «នៅតែចាំ នៅតែនឹក» (ច្រៀងដោយលោកព្រាប សុវត្ថិ), «ស្មោះប៉ុណ្ណឹងមិនល្មម» (ច្រៀងដោយលោកព្រាប សុវត្ថិ), «រស់មិនបាន បើគ្មានអូន» (ច្រៀងដោយលោកព្រាប សុវត្ថិ), «ខ្មៅស្រែ» (ច្រៀងដោយលោកព្រាប សុវត្ថិ), «ស្រមោលស្នេហ៍អតីត» (ច្រៀងដោយលោកព្រាប សុវត្ថិ),  «ហេតុអ្វីទៅអូន?» (ច្រៀងដោយលោកព្រាប សុវត្ថិ), «អូនជាស្រមោលបង»  (ច្រៀងដោយលោកព្រាប សុវត្ថិ), «វិបត្តដួងចិត្ត» (ច្រៀងដោយលោកព្រាប សុវត្ថិ), «រដឺនមានស្នេហ៍» (ច្រៀងដោយលោកព្រាប សុវត្ថិ), «ខ្លែងដាច់ខ្សែ» (ច្រៀងដោយលោកព្រាប សុវត្ថិ), «បងជាបុរសទីមួយ» (ច្រៀងដោយលោកស្រីហ៊ឹម ស៊ីវន), «មន្តស្នេហ៍ចិត្តអូន» (ច្រៀងដោយលោកស្រីហ៊ឹម ស៊ីវន), «ទីក្រុងគ្មានមេឃ» (ច្រៀងដោយលោកឆន សុវណ្ណារាជ) ជាដើម។

ក្រៅពីផលិតកម្មហង្សមាស និងរស្មីហង្សមាស លោកស្រី ងិន ម៉ានីយ៉ា ក៏ទទួលនិពន្ធទំនុកច្រៀង ឲ្យផលិតកម្ម នានា ជាច្រើនទៀតផងដែរ ៕ ខៀវទុំ

RELATED ARTICLES