Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្រពន្ធមិនព្រមរួមស្នេហ៍ជាថ្មី ប្តីចាក់សាំងដុត

ប្រពន្ធមិនព្រមរួមស្នេហ៍ជាថ្មី ប្តីចាក់សាំងដុត

ភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានស្ត្រីជាប្រពន្ធលែងលះដាច់ស្រេច ជិតកន្លះឆ្នាំទៅហើយ នៅតែតាមអង្វរលួង លោមសុំត្រូវរ៉ូវ រួមរស់ជាមួយគ្នាវិញ លុះខឹងប្រពន្ធមិនព្រម ក៏បែកគំនិតទិញសាំង មកជះស្រោចប្រពន្ធ ដើម្បីដុតសម្លាប់ តែត្រូវក្រុមគ្រួសារជួយឃាត់ទាន់ និងចាប់ខ្លួនបុរសកំណាចជាអតីតប្តី ប្រគល់ឱ្យសមត្ថ កិច្ចចាត់ការតាមច្បាប់។

ករណីអតីតប្តីចាក់សាំងដុតសម្លាប់ប្រពន្ធនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ នៅចំ ណុចសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ។

ជនសង្ស័យជាអតីតប្តីដែលចាក់សាំងប្រុងដុតសម្លាប់ប្រពន្ធ និងត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះនី ផល្លី អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូកង់បី។ ចំណែកស្ត្រីរងគ្រោះជាអតីតប្រពន្ធ មានឈ្មោះ យ.អ សព្វថ្ងៃស្នាក់នៅផ្ទះ កើតហេតុខាងលើ។

តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា រវាងជនសង្ស័យឈ្មោះនី ផល្លី និងស្ត្រីរងគ្រោះ ឈ្មោះ យ.អ គឺជាអតីតប្តីប្រពន្ធដែលធ្លាប់បានរៀបការត្រឹមត្រូវ ប៉ុន្តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នោះទេ ហើយបាន រួមរស់ជាមួយគ្នា រហូតបង្កើតបានកូនស្រី ចំនួន៥នាក់។

ប្រភពដដែល បន្តថា ដោយការរស់នៅមិនសូវចុះសម្រុងគ្នា ព្រោះតែបុរសជាប្តី ជាមនុស្សប្រើប្រាស់គ្រឿងញៀន តែងតែបង្កអំពើហិង្សាក្នុងគ្រួសារ វាយប្រពន្ធកូន ជាបន្តបន្ទាប់ រហូតធ្លាប់ជាប់គុក និងចូលមណ្ឌលកែប្រែផ្តាច់ សារធាតុញៀន តែក៏នៅមិនកែប្រែអត្តចរិត ទើបអតីត ប្រពន្ធទ្រាំទ្រទៀតមិនបាន ក៏សម្រេចចិត្តលែងលះគ្នា នៅសាលាសង្កាត់ច្រាំងចំរេះ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣។ ក្រោយពេលលែងលះគ្នាដាច់ស្រេចមក ជនសង្ស័យជាប្តី តាំងខ្លួនជាអ្នកស្មោះស្នេហ៍ តែងតែទូរស័ព្ទទៅអតីតប្រពន្ធ ដើម្បីសុំត្រូវរ៉ូវគ្នាឡើងវិញតែអតីត ប្រពន្ធ មិនយល់ព្រម។ 

ប្រភពដដែល បន្តថា លុះមកដល់ព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យជាអតីតប្តី បានទូរស័ព្ទមក សុំត្រូវរ៉ូវគ្នាម្តងទៀត តែស្ត្រីជាប្រពន្ធ នៅតែបដិសេធ ទើបជនសង្ស័យបានគំរាមថា “បើមិនត្រូវគ្នាវិញទេ មានតែស្លាប់ទាំងពីរនាក់” រួចក៏ចុចបិទទូរស័ព្ទទៅ។

បន្ទាប់មកប្រហែលកន្លះម៉ោង បុរសជាប្តី បានជិះម៉ូតូកង់បី ១គ្រឿង មកដល់ផ្ទះអតីតប្រពន្ធ ដើរចូលទៅក្នុងផ្ទះ រួចចាក់គន្លឹះពីខាងក្នុងបន្ទប់ យកសាំងចំនួន ៣ដប មកចាក់ស្រោចពីលើអតីតប្រពន្ធ។ ភ្លាមនោះ កូនស្រីដែល នៅខាងក្រៅបន្ទប់ បានឃើញឪពុកមានកាន់ដបសាំង ក៏ស្រែកហៅជីដូន ឱ្យមកជួយ ទើបជីដូនដែលត្រូវជាម្តាយ ក្មេកបុរសជាប្តី បានរត់មកធាក់ទ្វារ០៤ ទៅ០៥ជើង បណ្តាលឱ្យរបើក និងឃើញអតីតកូនប្រសា កំពុងចាក់សាំង ស្រោចលើកូនស្រីគាត់ ក៏ស្ទុះទៅប្រតាយប្រតប់ដណ្តើមយកដបសាំងចេញ តែត្រូវអតីតកូនប្រសា ជះសាំង ទៅលើអតីតម្តាយក្មេក និងរៀបយកដែកកេះមកកេះដុត ប៉ុន្តែត្រូវកូនស្រីខ្លួន ស្ទុះទៅចាប់ប្រតាយប្រតប់ គ្រ វាសដែកកេះចេញពីដៃ រួចបន្តប្រតាយប្រតប់គ្នា ហើយបុរសជាប្តី បានជះសាំងទៅលើកូនស្រីខ្លួនម្នាក់ទៀត បម្រុងដុតសម្លាប់ទាំងអស់គ្នា ក៏ត្រូវបានអ្នកជិតខាងស្ទុះទៅចាប់ឃាត់ និងទូរស័ព្ទប្តឹងកម្លាំងអាវុធ ហត្ថខណ្ឌ ឫស្សីកែវ ចុះអន្តរាគមន៍ទាន់ពេលវេលា។

ក្រោយកើតហេតុ កម្លាំងជំនាញអាវុធហត្ថ បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យឈ្មោះនី ផល្លី យកមកចាត់ ការតាមនីតិវិធី និងបានពិនិត្យឃើញថា ជនសង្ស័យ មានសារធាតុញៀនក្នុងខ្លួនផងដែរ។

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿង បញ្ជូនទៅ តុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES