ភ្នំពេញ៖នៅចុងឆ្នាំ២០២៣ នេះគេកត់សម្គាល់ថាមានតារា៣ដួង បានសម្រេចចិត្តយកកូនព្រមគ្នានៅឆ្នាំថោះ(ឆ្នាំទន្សាយ) ហើយក្នុងនោះមានខ្លះចាប់ផ្ដើមកាត់បន្ថយអាជីពសិល្បៈជាបណ្ដើរៗទៅហើយ។
ចាំមើលតើតារាណាទៅក្នុងចំណោមទាំង៣ដួងខាងលើសម្រាលកូនង៉ាបានមុន?
១៖ស៊ឹម សូលិកា ៖ពិធីការិនីបាយ័នរូបនេះបានប្រកាសថាខ្លួនពពោះដូចក្ដីប្រាថ្នា តែមិនទាន់បង្ហាញថាកូនជាភេទប្រុស ឬស្រីនោះទេ ខណៈដែលស្វាមីនាងលោកអេង រិទ្ធី ជាអភិបាលរងខេត្តស្វាយរៀងអ្នកយកព័តមានយើងបានដាក់សំណួរតាមTelegram ជាច្រើនសប្ដាហ៍មកហើយតែលោកមិនទាន់ឆ្លើយតប។ប៉ុន្ដែតាមសូលិកា បានដាក់ឈ្មោះកូនតាំងពីមានអាយុបាន៤៩ ថ្ងៃដោយយកឈ្មោះនាងផ្គួបជាមួយស្វាមីគឺឬទ្ធីការ នោះបញ្ជាក់ថាពួកគេទទួលបានកូនស្រី។សូលិកា បានកាត់បន្ថយអាជីពសិល្បៈដើម្បីយកពេលមកថែគ័ត ខណៈដែលកូនស្រីច្បងរបស់នាងឈ្មោះសុកាន ភីរៈណុច ហៅសូលីណា ដែលនាងចាប់ដៃគ្នាជាមួយស្វាមីមុនលោកសៅ ភីរៈ នោះពេលនេះនាងពេញវ័យក្រមុំស្ដូកទៅហើយ។សូលិកា បានរៀបការស្វាមីថ្មីជាមួយលោកអេង រិទ្ធី កាលពីថ្ងៃទីទី៩ ខែកញ្ញា ឆ្នាំ២០១៩ និងក្លាយទៅជាជំទាវ ដែលរស់នៅយ៉ាងស៊ីវីល័យមានផ្ទះវីឡារ និងរថយន្ដប្រណិតៗជាច្រើនគ្រឿង មិនចាញ់សេដ្ឋីនីឡើយ។
២៖ឱក សុគន្ធកញ្ញា ៖ប្អូនថ្លៃថៅកែហង្សមាសរូបនេះទើបតែបង្ហាញថាខ្លួនមានផ្ទៃពោះជាកូនស្រី បន្ទាប់ពីតារាចម្រៀងរួមអាជីព និងFan ជម្រុញឲ្យនាងយកកូនថែមតាំងពីឆ្នាំមុន។ប៉ុន្ដែដោយសារតែផ្ទៃពោះនៅមិនទាន់រីកធំហេតុនេះសុគន្ធកញ្ញា បន្ដការងារសិល្បៈជាធម្មតាទាំងជាCoach កម្មវិធី The Voice Cambodia រដូវកាលទី៣ និងច្រៀងសម្ដែងលើឆាក រួមទាំងថតស្ពតផ្សេងៗ។ពិតណាស់ការមានកូនស្រីជាក្ដីប្រាថ្នាដ៍ធំមួយរបស់សុគន្ធកញ្ញា ពោលគឺតាំងពីក្រោយនាងរៀបការភ្លាមៗម្លេះ តែពេលនោះដោយសារដឹងថាខ្លួនមានកូនប្រុសទើបនាងថាឲ្យតែកូនស្រីក៍បានប្រុសក៍បានដែរ ហើយកូនប្រុសជាជម្ទល់គ្រួសារដ៍រឹងមាំទៀតផង។គេជឿរថាសុគន្ធកញ្ញា នឹងមានសុភមង្គល និងទទួលបានភាពកក់ក្ដៅពីស្វាមីទ្វេរដងជាមិនខានក្រោយទទួលបានកូនទី២ នេះព្រោះគ្រប់គ្នាបានមើលឃើញច្បាស់ថានៅពេលសុគន្ធកញ្ញា សម្រាលកូនទី១នោះលោកសុខលី ដែលគេល្បីថាលោកមានសង្សារជាតារាច្រើនដួងនោះស្រលាញ់នាងលើសផ្ដើមស្នេហ៍គ្រាដំបូងទៅទៀតហើយថែមទាំងហៅកញ្ញា ថាជាមាតាដៃ១០០ និងឧត្តមភរិយា ។
សូមរំលឹកថាឱក សុគន្ធកញ្ញា បានរៀបការជាមួយលោកអ៊ឹង សុខលី កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ហើយពេលនេះកូនប្រុសទី១របស់នាងមានអាយុជាង៤ឆ្នាំទៅហើយ ។គេចាំបានថានៅថ្ងៃរៀបការសុគន្ធកញ្ញា បានប្រាប់ទៅនាយក្រឹម ថានាងចង់បានកូន៣ ហេតុនេះនៅតាមយក១ទៀតទើបគ្រប់ផែនការណ៍។
៣៖គង់ ច័ន្ទរដ្ឋា ៖ បើទោះជាមិនទាន់បានរៀបអាពាហ៍ ពិពាហ៍ ក្ដី ប៉ុន្ដែម្ចាស់បទ”មូសខាំ”គង់ ច័ន្ទរដ្ឋា និងមន្រ្ដីប៉ូលីសលោកស៊ិន សុភា សមាជិកក្រុមTwin Boys បានសម្រេចចិត្តយកកូនមុនរៀបការ ហើយជាញឹកញាប់រដ្ឋា បានបង្ហាញសកម្មភាពនាងទៅញាំអាហារ បែបប៉ូវៗដើម្បីបំប៉នដល់សុខភាពទារកក្នុងផ្ទៃរបស់ឲ្យឆាប់ធំធាត់។រដ្ឋា បានហៅកូននាងថាជាកូនទន្សាយដូចគ្នាទៅនិងសូលិកា ដែរតែនាងមិនទាន់ប្រាប់ថាជាកូនប្រុសឬស្រីនោះទេ បន្ទាប់ពីនាងនិងស្វាមីបានប្រកាសស្នេហ៍ជាចំហ រយៈពេល៨ឆ្នាំទៅហើយ និងបានបំពាក់ជញ្ជៀនស្នេហ៍ឲ្យគ្នាកាលពីឆ្នាំ២០១៩ ។
ក្រៅពីតារាចម្រៀងស្រីទាំង៣ដួងខាងលើនេះក៍មានតារាល្បីៗមួយចំនួនទៀតកំពុងតែចង់បានកូនដែរនោះគឺមានដូចជាសុគន្ធ និសា ,មាស សុខសោភា និងកែវ សីហា ជាដើម ខណៈដែលមុននេះអតីតតារាសម្ដែងអ្នកនាងហង្ស ម៉ារីនី ដែលទើបទទួលបានគោរម្យងារជាឧកញ៉ានោះទើបតែសម្រាលកូនស្រី៕