Tuesday, November 19, 2024
Homeតារាខ្មែរខាត់ សុឃីម ៖ក្ដីសុបិន ក្លាយទៅជាការពិត មុនហោះ​ទៅអាមេរិក

ខាត់ សុឃីម ៖ក្ដីសុបិន ក្លាយទៅជាការពិត មុនហោះ​ទៅអាមេរិក

ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានលេង១ក្បាច់ទៀតនោះគឺការទិញLexus Lx 600 តម្លៃជាង​២០ម៉ឺនដុល្លារ ព័ណ​ខ្មៅ ដ៍ថ្មីសន្លាងអំឡុងពេលដែលមនុស្សភាគច្រើន​កំពុងជួបវិបត្តិ​សេដ្ឋកិច្ច​នៅឆ្នាំ២០២៣  ខណៈដែល​មុននេះ​នាងបានទិញLexus Lx 570 ទើបជិះ​បានជាង១ឆ្នាំក៍​លក់​ចោល។សុឃីម បានចាត់ទុកថាការទិញបាន​Lexus Lx600 នេះជាក្ដីស្រម៉ៃ ក្លាយទៅជាការពិត ព្រោះនាងស្រលាញ់ឡាននេះជាយូមកហើយ តែមុននេះលុយ មិនទាន់​គ្រប់​ ប៉ុន្ដែពេល​សន្សំ​បាន​ភ្លាមទិញភ្លែតតែម្ដង។អ្នកនាងសុឃីម ក៍មិនភ្លេចអរគុណ​ដល់​ស្វាមី​នាងដែល​បានគាំទ្រ​ការ​ដែលនាងចំណាយលុយជិត​៣០ម៉ឺនដុល្លារ ដែលប្រាក់នេះអាចទិញ​បាន​ផ្ទះ​វីឡារមួយ​យ៉ាងប្រ​ណិតមួយនោះយក​មកទិញរថយន្ដទំនើបមួយគ្រឿងជិះយ៉ាងកាលីពនា​ពេល​នេះ​​​ដែរ ខណៈដែលនាងនិងស្វាមីត្រូវហោះ​ទៅអាមេរិក​រយៈពេល៣សប្ដាហ៍ដើម្បីជួបជុំម្ដាយ និងប្អូន​ស្រីនាងកំពុងរស់នៅទីនោះ នឹងឆ្លៀតច្រៀង​សម្ដែងសិល្បៈ​ពេល​ខ្លីផងដែរ។

តាមព័តមានថាក្រៅពីមានបំណងចង់ជិះរថយន្ដដ៍ទំនើប១គ្រឿងនេះជាយូរមកហើយនោះអ្នកនាងខាត់ សុឃីម ក៍ចង់បង្ហាញទៅអ្នកមើលងាយនាងទាំងឡាយឲ្យ​បានភ្លឺភ្នែកដែរថា​តាម​ពិតនាងមិនមែនធ្លាក់ខ្លួនដូចគេ​ម៉ៃនោះ​ទេ គឺនៅតែមានលុយ បើអត់លុយ ម៉េចមានលទ្ធ​ភាពឯណា ទៅទិញរថយន្ដថ្លៃបែបនេះជិះបានទៅ?តែគេមិនដឹង​ថាអ្នកណាខ្លះនៅតែ​ហ៊ានឌឺ​ដង ឬមើលស្រាលសុឃីម នោះទេ ព្រោះថាក្រោយស្ងប់ស្ងាត់កូវីដនេះអ្នកនាង​តែង​តែ​បង្ហាញ​ឲ្យគេភ្ញាក់ផ្អើលតាមរយៈការពាក់គ្រឿងអលង្ការជាមាសពេជ្រ ធំៗបន្ទាប់ពីនាងក្លាយ​ទៅ​ជា​ថៅកែ​ហាង​រក្សារសម្រស់មួយ។

ខាត់ សុឃីម ត្រូវបានគេចាត់ទុកថាជាតារាមានទ្រព្យច្រើនក្នុងចំណោមអ្នកនាងយុគ ចិន្ដា ,គង់ សុជាតិ ,កែវ ស្រី​នាង ,ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ជាដើម។ប៉ុន្ដែកាលពី​ដើមខែ​កញ្ញា ឆ្នាំ២០២១ សុឃីម បានទម្លាយថានាង​ចាញ់បោកឧកញ៉ាម្នាក់​អស់លុយជិត១លាន​ដុល្លារ​​​ឯណ្ណោះ ហើយនាងបានប្រាប់ពីវិធីបោករបស់ឧកញ៉ារូបនោះ​ដើម្បីកុំឲ្យអ្នក​ផ្សេងៗទៀត​រងគ្រោះដូចរូបនាងដែរ។ប៉ុន្ដែលទ្ធផលដែលសុឃីម ទទួលបានគឺនាងបែជាត្រូវ​គេ​លេប​ខាយ​ឲ្យនិង ពេលនាងទៅណាមកណាមានអ្នកតាមសម្លឹងមើលលើក្រោម រហូតមានអ្នកខ្លះចាត់​ទុក​ថា​នាងធ្លាក់ខ្លួនហើយទៀតផង ព្រោះពេលនោះសុឃីម បានប្រកាសដាក់លក់ផ្ទះ និងហាង​សម្អាង​ការជាបន្ទាន់។ដោយសារតែចង់ឲ្យអ្នកមើលស្រាល​លើខ្លួនឃើញថានាង​មិនមែន​ឈានដល់តំណាក់កាលដូចពួកគេម៉ៃ​នោះ​ទើបនៅចុងខែកញ្ញា ឆ្នាំ២០២១ តារាពហុជំនាញ​បាន​ទិញរថយន្ដទំនើបLexus Lx 570 តម្លៃជាង២០ម៉ឺនដុល្លារជិះ​យ៉ាងរំភើយ។តែដោយសារតែ​មានអ្នកខ្លះនៅតែសង្ស័យថាសុឃីម មិនទាន់មានលុយច្រើនដូចមុននៅឡើយ  ព្រោះលុយ​ជាង​៩០ ម៉ឺនដុល្លារ ដែលឧកញ៉ាម្នាក់បោកយកទៅអស់ គ្មានទាមទារបាន១សេនវិញ​នោះសុ​ឃីម ទិញ​Lexus Lx 600 តែម្ដង ធ្វើឲ្យអ្នកផ្លែផ្កាឲ្យនាងខ្លះចាប់ផ្ដើមសា្ងត់វិញ ហើយភាគ​ច្រើន​​ជឿរជាក់ថាសុឃីម ពិតជា​មានលុយមិនធម្មតាមែន។

គូររំលឹកថាខាត់ សុឃីម បានចាប់ដៃលោកអ៊ិន សុបញ្ញា ហៅផាណូ រយៈពេល១១ឆ្នាំ មកហើយដែលពេល​នេះ​ទទួលបានកូនស្រី១ អាយុជិត១០ឆ្នាំឈ្មោះបញ្ញា ហ្វូតូស្អាត ខណៈ​ដែលនាងមានកូនប្រុស​ច្បងមុនរៀបការ​ឈ្មោះ​ស្កាយ ដែលគេសង្ស័យថាជាកូនរបស់លោក​ចា រិទ្ធី នោះពេញវ័យកំលោះទៅហើយ។សុឃីម បានលុបចោល​គម្រោងយកកូនទី៣ដោយ​អ្នកនាងលើកហេតុផលថាសម័យនេះបើមានកូនហើយ​ឪពុកម្ដាយគ្មាន​ពេលវេលា​អប់​រំកូនៗឲ្យបានដិតដល់នោះទេ គឺក្មេងងាយនឹងធ្លាក់ទៅការប្រព្រឹត្តិអ្វីដែលមិនល្អ ទើបនាងលែងចង់​បាន​កូនថែម។អ្នកនាងសុឃីម ស្ថិតក្នុងចំណោមតារាដែលយកប្ដីក្មេងមានដូចជាអ្នកនាងគង់ សុជាតិ ,ពេជ្រ សោភា និងប៉ាច គីមមួយ ជាដើម។ដោយឡែកសម្រាប់តារាស្រីដែលជិះLexus Lx 600 នាពេលនេះក្រៅពីសុឃីម គេឃើញមាន​តែស្រីស្អាតគីម ហួរ ម្នាក់ទៀតប៉ុណ្ណោះ។

មជ្ឈដ្ឋានមហាជនមួយចំនួនបានសរសើរអ្នកនាងខាត់ សុឃីម ថាពិតជារក្សារជំហ បានរឹងមាំ ពោលគឺមិនបាក់​ទឹកចិត្ត ឬទន់ជ្រាយ នៅពេលដែលនាងខំប្រឹងសន្សំ​លុយជា​ច្រើន​ឆ្នាំទម្រាំមានសល់ប្រាក់ជិត១លានដុល្លារ តែ​ត្រូវឧកញ៉ាបោកយកអស់នោះ តែផ្ទុយទៅវិញ​នាងអាច​ក្រោកឈបានសារជាថ្មី និងពេលនេះនាងនៅតែត្រូវប៉ាន់​ក្នុងអាជីព​សិល្បៈតាមរយៈ​ការ​លេចមុខច្រៀងតាមកម្មវិធីមង្គលការនារដូវក្ដៅកន្លងមកជាច្រើនរោង ខណៈនាង​ក្លាយទៅ​ជា​ថៅកែ​ហាងរក្សារសម្រស់មួយដែលចាយទុនជាច្រើនម៉ឺនដុល្លារ។អ្វីដែលសុឃីម កាន់តែកក់​ក្ដៅថែម​ទៀតនោះគឺស្វាមីក្មេងរបស់នាងមិនដែលលេចឭថាក្បត់ចិត្តនាងម្ដងណាឡើយ ព្រោះ​នាងធ្លាប់ចេញសារថា​បើ​នាងកាចម្លឹងៗតើស្រីណាហ៊ានឲ្យដៃប្ដីនាងទៅ?

RELATED ARTICLES