ព្រៃវែង ៖ រថយន្តហាយឡែនដឺរ ១គ្រឿង បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរចំនួន ៨នាក់ (ជាក្រុមគ្រួសារតែមួយ) បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្តធុនធំដឹកផ្លែឈើ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តហាយឡែនដឺរ ក្រឡាប់ជាច្រើនត្រឡប់ ចំណែករថយន្តធុនធំ ក្រឡាប់ផ្ងារជើង បង្កឱ្យភាគីរថយន្តធុនធំ រងរបួសធ្ងន់ ២នាក់ ចំណែកភាគីរថយន្តហាយឡែនដឺរ ស្លាប់៤ រងរបួសធ្ងន់ ៥នាក់។ហេតុការណ៍សោកនាដកម្មលើដងផ្លូវដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោងជិត១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខការ៉ាស់សាំង PTT ក្នុងភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺរ ពាក់ស្លាកលេខ 2AZ-0614 ជិះគ្នា ១០នាក់ បានធ្វើដំណើរមកក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឆ្លងទ្រូងថ្នល់ទៅខាងឆ្វេង បុកចំពីមុខរថយន្តកូរ៉េដឹកផ្លែឈើ ដែលបើកមកបញ្ច្រាស់ទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តហាយឡែនឺរ ក្រឡាប់២-៣ត្រឡប់ ធ្លាក់ចេញពីផ្លូវ និងមនុស្សក្នុងរថយន្ត ១០នាក់ ខ្ទាតចេញមកក្រៅ ដេកស្តូកស្តឹងពេញផ្លូវ។ ចំណែករថយន្តកូរ៉េដឹកផ្លែឈើ ក្រឡាប់ផ្ងារជើង ចាក់ផ្លែឈើចោលពេញផ្លូវ។

ប្រភពដដែល បន្តថា គ្រោះថ្នាក់ខាងលើនេះ បានបណ្តាលឱ្យភាគីខាងរថយន្តម៉ាកហាយឡែនដឺរ ស្លាប់ចំនួន៤នាក់ ក្នុងនោះមានក្មេងប្រុស អាយុ៨ខែម្នាក់ និងរបួសធ្ងន់-ស្រាល ៥នាក់ ចំណែកភាគីរថយន្តកូរ៉េ របួសធ្ងន់ ២នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា តាមប្រភពពីសាច់ញាតិខាងរថយន្តម៉ាកហាយឡែនដឺរ បានរៀបរាប់ឱ្យដឹងថា ដោយសារកូនស្រីមានសង្សារ ហើយបានរត់មកតាមសង្សារនៅស្រុកកៀនស្វាយ ទើបឪពុកម្តាយនាំគ្នាមកយកកូនត្រឡប់ទៅវិញ តែមុនពេលមកយកកូនស្រី គឺអ្នកបើកបររថយន្ត បានផឹកនៅផ្ទះ ឯក្រុងបាវិត ខេត្តស្វាយរៀង ខ្លះហើយ លុះពេលទៅដល់កៀនស្វាយ បានផឹកថែមទៀត រហូតដល់យប់ ទើបបើករថយន្តត្រឡប់ទៅបាវិត វិញ ទាំងអស់គ្នា តែជាអកុសល ពេលមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះអកុសលបែបនេះតែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងចាត់បញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តទាំង ២គ្រឿង ខូចខាតធ្ងន់ បន្ទាប់ពីធ្វើការវាស់វែងរួច ក៏អូសយកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕


