Saturday, May 4, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអាតូចបុកអាធំ ស្លាប់៤ របួស៧

អាតូចបុកអាធំ ស្លាប់៤ របួស៧

ព្រៃវែង ៖ រថយន្តហាយឡែនដឺរ ១គ្រឿង បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរចំនួន ៨នាក់ (ជា​ក្រុមគ្រួសារតែមួយ) បើកបរក្នុងល្បឿនលឿន រួចជ្រុលទៅបុករថយន្តធុនធំដឹកផ្លែឈើ ១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តហាយឡែនដឺរ ក្រឡាប់ជាច្រើនត្រឡប់ ចំណែករថយន្តធុនធំ ក្រឡាប់ផ្ងារជើង បង្កឱ្យភាគី​រថយន្តធុនធំ រងរបួសធ្ងន់ ២នាក់ ចំណែកភាគីរថយន្តហាយឡែនដឺរ ស្លាប់៤ រងរបួសធ្ងន់ ៥នាក់។ហេតុការណ៍សោកនាដកម្មលើដងផ្លូវដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោងជិត១២រំលងអធ្រាត្រ ឈាន​ចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខការ៉ាស់សាំង PTT ក្នុង​ភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកហាយឡែនដឺរ ពាក់ស្លាកលេខ 2AZ-0614 ជិះគ្នា ១០នាក់ បានធ្វើដំណើរមកក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតឆ្លងទ្រូងថ្នល់ទៅខាងឆ្វេង បុកចំពីមុខរថយន្តកូរ៉េដឹកផ្លែឈើ ដែលបើកមកបញ្ច្រាស់ទិសគ្នា យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តហាយឡែនឺរ ក្រឡាប់២-៣ត្រឡប់ ធ្លាក់​ចេញពីផ្លូវ និងមនុស្សក្នុងរថយន្ត ១០នាក់ ខ្ទាតចេញមកក្រៅ ដេកស្តូកស្តឹងពេញផ្លូវ។ ចំណែករថយន្តកូរ៉េ​ដឹកផ្លែឈើ ក្រឡាប់ផ្ងារជើង ចាក់ផ្លែឈើចោលពេញផ្លូវ។

ប្រភពដដែល បន្តថា គ្រោះថ្នាក់ខាងលើនេះ បានបណ្តាលឱ្យភាគីខាងរថយន្តម៉ាកហាយឡែនដឺរ ស្លាប់​ចំនួន៤នាក់ ក្នុងនោះមានក្មេងប្រុស អាយុ៨ខែម្នាក់ និងរបួសធ្ងន់-ស្រាល ៥នាក់ ចំណែកភាគីរថយន្តកូរ៉េ របួសធ្ងន់ ២នាក់។

សមត្ថកិច្ចបានបញ្ជាក់ថា តាមប្រភពពីសាច់ញាតិខាងរថយន្តម៉ាកហាយឡែនដឺរ បានរៀបរាប់ឱ្យដឹងថា ដោយ​សារកូនស្រីមានសង្សារ ហើយបានរត់មកតាមសង្សារនៅស្រុកកៀនស្វាយ ទើបឪពុកម្តាយនាំគ្នា​មកយក​កូន​ត្រឡប់ទៅវិញ តែមុនពេលមកយកកូនស្រី គឺអ្នកបើកបររថយន្ត បានផឹកនៅផ្ទះ ឯក្រុងបាវិត ខេត្តស្វាយរៀង ខ្លះហើយ លុះពេលទៅដល់កៀនស្វាយ បានផឹកថែមទៀត រហូតដល់យប់ ទើបបើក​រថយន្តត្រឡប់ទៅបាវិត វិញ ទាំងអស់គ្នា តែជាអកុសល ពេលមកដល់ចំណុចកើតហេតុ ក៏ជួបគ្រោះអកុស​លបែបនេះតែម្តង។ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងចាត់បញ្ជូនអ្នករងរបួស ទៅកាន់មន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តទាំង ២គ្រឿង ខូចខាតធ្ងន់ បន្ទាប់ពីធ្វើការវាស់វែងរួច ក៏អូសយកទៅរក្សាទុក រង់ចាំដោះស្រាយ​តាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅ​ដ្ឋាន ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី ៕

RELATED ARTICLES