ភ្នំពេញ : អតីតតារាភាពយន្តល្បី លោកស្រី កែវ កល្យាណ បានបញ្ជាក់ថា បន្ទាប់ពីលោកស្រីទម្លាយថា លោក យុត្ថារា ឆានី ដែលជាអតីតតារាភាពយន្ត និងជាមិត្តភក្តិរួមជំនាន់ បានលក់ដីឲ្យលោកស្រី ហើយលោកស្រីបាន បង់លុយផ្តាច់ ៦ម៉ឺនដុល្លារ តាំងពីជាង៣ឆ្នាំមុន តែមកដល់ឥឡូវ មិនដឹងដីនៅឯណា ប្លង់ដីក៏មិនទាន់ទទួលបាន ឯលោកយុត្ថារា ឆានី បានត្រឹមតែសន្យាខ្យល់នោះមក ពេលនេះលោកយុត្ថារា ឆានី សុំទាក់ទងមកលោកស្រី សុំចរចាសម្របសម្រួលដោះស្រាយហើយ ដោយលោកស្រីនិងមិត្តភក្តិរួមអាជីពទាំងអស់ ដែលបានទិញដី លោកយុត្ថារា ឆានី បានសម្រេចទុកពេលឲ្យលោកឆានី ១រយៈទៀត ដើម្បីដោះស្រាយ តាមសំណូមពរ។
លោកស្រី កែវ កល្យាណ បានបញ្ជាក់តាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកស្រី នៅរាត្រីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ថា «ជម្រាបសួរ បងប្អូន ពុកម៉ែ ជាទីគោរព! នាងខ្ញុំ កែវ កល្យាណ សូមចូលខ្លួនមកបក ស្រាយនូវរឿងដីធ្លីជាមួយលោកយុត្ថារា ឆានី ឥឡូវលោកបានខលមកសម្របសម្រួលដោះស្រាយហើយ។ នាងខ្ញុំនិងមិត្តរួមអាជីពទាំងអស់គ្នាដែលបានទិញដី ក៏ជជែកនិងសម្រេចចិត្តទុកពេលឲ្យលោកឆានី ១រយៈ ដើម្បីដោះស្រាយតាមសំណូមពរ ត្រង់ថាដោះបានពេលណា ឬយ៉ាងណា ចាំនាងខ្ញុំជម្រាបបន្តបន្ទាប់ទៀត។ នាងខ្ញុំក៏សូមអរគុណដល់បងប្អូន ពុកម៉ែ ដែលតែងតែស្រលាញ់និងគាំទ្រដល់នាងខ្ញុំ និងមិត្តសិល្បៈទាំងអស់ គ្នារហូតមក សូមអរគុណ!»។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ អតីតតារាភាពយន្ត លោកស្រី កែវ កល្យាណ បាន ទម្លាយថា លោកស្រីបានទិញដីពីលោកយុត្ថារា ឆានី ដែលជាអតីតតារាភាពយន្ត និងជាមិត្តភក្តិរួមជំនាន់ ហើយលោកស្រីបានបង់លុយផ្តាច់ ៦ម៉ឺនដុល្លារ រួចរាល់តាំងពីឆ្នាំ២០១៩ តែមកដល់ឥឡូវ មិនដឹងដីនៅឯណា ប្លង់ដីក៏មិនទាន់ទទួលបាន ឯលោកយុត្ថារា ឆានី បានត្រឹមតែសន្យាខ្យល់ ជាង៣ឆ្នាំមកហើយ។
លោកស្រីកែវ កល្យាណ បានសរសេរក្នុងទំព័របណ្តាញសង្គម Facebook របស់លោកស្រី នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា “បើខ្ញុំវិញ ជិត៦ម៉ឺនដុល្លារ បង់លុយផ្តាច់អស់ តាំងមុនកូវីដ ទៀត ហើយសន្យាកាត់ប្លង់រឹង បំបែកក្បាលដីឲ្យ ចាំរហូតមកដល់ឥឡូវ នៅតែសន្យា ។ ប្អូនអើយ ! ខ្ញុំធ្លាប់ថតជាមួយ រាប់អាននិងទុកចិត្ត ជឿ ជាក់ ខំជួយទិញតាមការអះអាងធានាសព្វគ្រប់។ មិត្តឆានី បើបានឃើញហើយ គួរជួយដោះស្រាយតាមសន្យា ដោយការគួរផង លុយញើសឈាមណាមិត្ត ហើយខ្ញុំបាននាំមិត្តភក្តិយើងសិល្ប: ជាច្រើនទិញ ឥឡូវពួកគាត់ ពិបាកចិត្ត តឹងទ្រូង យំមិនចេញទេ ពួកគាត់បបួលខ្ញុំប្តឹង និងបង្ហោះ f តែខ្ញុំនិងមិត្តអម្ពរទេវី ថាកុំទាន់ ចាំមើល គាត់ដោះស្រាយសិន។ អ៊ីចឹងសូមឆានី ជួយដោះស្រាយឲ្យបានឆាប់ផង កុំពន្យារពេលយូរទៀតអី ព្រោះយូរ ឆ្នាំហើយ តាំងពីដើមឆ្នាំ២០១៩ ម៉្លេះ”។
គួរបញ្ជាក់ដែរថា ការទម្លាយរឿងទិញ-លក់ដីធ្លី ខាងលើនេះ របស់លោកស្រី កែវ កល្យាណ ខាងលើនេះ បាន ធ្វើឡើងបន្ទាប់ពីកាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ មានបុរសម្នាក់ បានផុសរូបភាពនិងសំ ណេរតាម បណ្តាញសង្គមថា ខ្លួនខំទុកចិត្តអាយដូល យុត្ថារា ឆានី បាននាំបងស្រីទៅទិញដីរបស់អតីតតារាភាពយន្តរូបនេះ លុះបង់រំលស់បានជាង ២ម៉ឺនដុល្លារ ស្រាប់តែលោកឆានី គ្មានដីឲ្យ ហើយដីដែលដាក់លក់នោះ ត្រូវគេព័ទ្ធរបង យកអស់។
បុរសម្នាក់នោះ បានសរសេរក្នុងគណនីហ្វេសប៊ុក របស់ខ្លួន ឈ្មោះ «Seng Kim» នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា “ខំទុកចិត្ត និងស្រលាញ់ idol តាំងពីក្មេង ក៏នាំបងស្រីទៅទិញដី របស់idol បង់រំលស់បានជាង ២ម៉ឺនដុល្លារ ប៉ុន្តែបែរជាអត់មានដីទៅវិញ ដីដែលបានបង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។ ចាំidol ដោះ ស្រាយក៏មិនឃើញ សុំតែលុយដើមវិញ ឬដូរដីផ្សេងក៏បាន ប៉ុន្តែអត់មានដំណោះស្រាយ ឲ្យចាំហើយចាំទៀត។ សូមបងប្អូនជួយស៊ារ ឲ្យលោកពូ យុត្ថារា ឆានី បានឃើញផង។ បងខ្ញុំខំប្រឹងធ្វើការណាស់ ដើម្បីយកលុយ ទៅបង់ឲ្យលោកពូ រាល់ខែ មិនដែលយឺត១ថ្ងៃ។ សូមបងប្អូនជួយស៊ារ ឲ្យគាត់ឃើញផង”។
យោងតាមកិច្ចសន្យាបង់រំលស់ដីធ្លី ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ដែលបុរសខាងលើបានអះអាងថា អ្នកទិញដី ជាបងស្រីរបស់ខ្លួន បានបញ្ជាក់ថា ភាគី (ក) ឈ្មោះយុត្ថារា ឆានី មានលំនៅ ផ្ទះលេខ ៨៦អឺសូន្យ ផ្លូវលេខ១៧៤ ភូមិ១១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាម្ចាស់ដីឡូត៍ វណ្ណេត-សុវណ្ណភូមិ (CTLV) ជាអ្នកលក់។ ចំណែកភាគី (ខ) ឈ្មោះទុយ គឹមជូ ភេទស្រី ឆ្នាំកំណើត១៩៨២ មានអាសយដ្ឋាន ផ្ទះលេខ ២៩អា ផ្លូវ៨១ ភូមិឫស្សី សង្កាត់ស្ទឹងមាច័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាអ្នកទិញ បាព្រមព្រៀងលក់-ទិញដីឡូត៍ ទំហំទទឹង ១៥ម៉ែត្រ បណ្តោយ២០ម៉ែត្រ ស្ថិតនៅភូមិអម្ពិល សង្កាត់កំបូលខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងតម្លៃ ៣៩ ៣០០ដុល្លារអាមេរិក ក្នុងលក្ខខណ្ឌបង់រំលស់ (បង់មុន ២០% រំលស់ ៨០%) គិតចាប់ពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។ ប៉ុន្តែ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ភាគីអ្នកទិញដីខាងលើ បានអះអាងថា ខ្លួនបានបង់រំលស់ បានជាង ២ម៉ឺនដុល្លារទៅហើយ ស្រាប់តែភាគីអ្នកលក់ដី (លោកយុត្ថារា ឆានី) បែរជាអត់មានដីឲ្យ ដោយដីដែល បាន បង់នោះ ត្រូវគេព័ទ្ធរបងយកទៅវិញ។
ទោះបីជាយ៉ាងណា អតីតតារាភាពយន្ត លោកយុត្ថារា ឆានី បានចេញមុខបដិសេធថា ព័ត៌មានដែល ត្រូវបាន បង្ហោះ និងផ្សាយតាមបណ្តាញសង្គម ខាងលើនេះ មិនពិតទេ ដោយលោកបានបញ្ជាក់ថា ប្រទេសមានច្បាប់ បើយល់ថាលោកធ្វើខុស សូមធ្វើតាមច្បាប់រៀងខ្លួនចុះ។
លោកយុត្ថារា ឆានី បានបញ្ជាក់តាមគណនី Facebook របស់លោក នៅល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ថា «ខ្ញុំបាទ យុត្ថារា ឆានី សូមបដិសេធរាល់ការចុះផ្សាយព័ត៌មានមិនពិត។ ប្រទេសមានច្បាប់ បើយល់ថាខ្ញុំខុស សូមធ្វើតាមច្បាប់រៀងខ្លួនចុះ»៕ ខៀវទុំ