កំពង់ស្ពឺ ៖ អ្នកនាងអ៊ីត និងនាយក្រូច ដែលជាតារាកំប្លែងល្បី បានបង្ហាញនូវក្តីទុក្ខសោកស្តាយក្មួយស្រី បង្កើតម្នាក់ មានរូបសម្រស់ស្អាត និងជានិស្សិតរៀនពូកែ បែរជាស្លាប់ទាំងវ័យក្មេង។
បើតាមអ្នកនាង អ៊ីត បានឲ្យដឹងថា ក្មួយស្រីដែលស្លាប់ទាំងវ័យក្មេងនោះ ឈ្មោះខុន ធីដា អាយុ២១ឆ្នាំ។ នាងបានស្លាប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមន្ទីរពេទ្យ ដោយជំងឺតម្រងនោម និងខ្វះគ្រាប់ឈាម។អ្នកនាង អ៊ីត បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់ខ្លួន នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថា «សូមក្មួយស្រីទៅឲ្យបានសុខ កើតជាតិណាៗ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត។ មិនគួឲ្យជឿទេក្មួយ ថាវាបែប នេះ ស្រីដា ជាក្មេងដែលស្អាត ឆ្លាត រៀនពូកែ ទាំងខ្មែរ និងអង់គ្លេស មិនគួរអាយុខ្លីសោះ»។
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ អ្នកនាង អ៊ីត បានបង្ហោះរូបភាពបុណ្យសពក្មួយស្រី ខុន ធីដា ជាមួយសំណេរ បន្ថែមថា «នាងខ្ញុំសូមអរគុណដល់បងប្អូន មិត្តភក្តិ សាច់ញាតិទាំងអស់ដែលបានចូលជាថវិកាបុណ្យសពក្មួយ ស្រីនាងខ្ញុំ សូមបងប្អូនជួបតែសេចក្ដីសុខគ្រប់ៗគ្នា»។
ចំណែកនាយក្រូច ជាបងប្រុសរបស់អ្នកនាង អ៊ីត បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនថា «ទៅចុះណាក្មួយ កុំព្រួយពីប៉ាម៉ាក់ កើតជាតិណាៗ កុំឲ្យអាយុខ្លីដូចជាតិនេះទៀត (15/08/2023) ក្មួយស្រី ខុន ធីដា លាអ្នកទាំង អស់គ្នា គ្មានថ្ងៃត្រឡប់»៕