ខេត្តកណ្តាលៈ លោកយាយវ័យ៨៨ឆ្នាំម្នាក់ដើរឆ្លងផ្លូវត្រូវម៉ូតូបើកបុកបណ្តាលឲ្យដួលបោកទៅលើផ្លូវស្លាប់ភ្លាមៗមួយរំពេច កាលពីវេលាម៉ោង០៦ និង៤៥នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ នុន សុន អាយុ៨៨ឆ្នាំ មានទីលំនៅក្នុងភូមិប្របវត្ត ឃុំព្រៃពួច ស្រុកអង្គស្នួល ។ ចំណែកឯម៉ូតូមិនស្គាល់ម៉ាក ក្រោយពីកើតហេតុបានបើកគេចបាត់ស្រមោល ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញលោកយាយរងគ្រោះដើរចេញពីក្នុងផ្ទះលោកយាយឆ្លងផ្លូវពីកើតទៅលិច ក្នុងគោលបំណងទៅផ្ទះកូន ខណៈកំពុងដើរនៅលើផ្លូវក៏ត្រូវម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបើកបុកលោកយាយរងគ្រោះ បណ្តាលឲ្យដួលបោកទៅលើផ្លូវរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។
ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបរម៉ូតូបានបន្ថែមល្បឿនបើកគេចបាត់ស្រមោល ។ ចំណែកឯសពលោកយាយរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួលបានដាក់ការសន្និដ្ឋានថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយភាគីម៉ូតូ បើកបរក្នុងល្បឿនលឿននៅទីប្រជុំជន ទើបបណ្តាលឲ្យគេមិនទាន់ក៏បុកលោកយាយរងគ្រោះតែម្តង ៕
សិលា