ភ្នំពេញ ៖ អតីតតារាភាពយន្ត លោកយុត្ថារា ឆានី ដែលបានងាកមករកស៊ីលក់ដីឡូត៍នោះ ក្រោយទទួលរងការ ចោទប្រកាន់ពីអតិថិជន រួមមានទាំងអតីតមិត្តអ្នកសិល្បៈរួមជំនាន់ គឺលោកស្រីកែវ កល្យាណ និងអម្ពរ ទេវី ជាដើមថា លក់ដីខ្យល់នោះមក លោកយុត្ថារា ឆានី បានចេញមុខបកស្រាយបំភ្លឺជូនដល់មហាជន លោកខូច ឈ្មោះលក់ដីខ្យល់នេះ ព្រោះតែរងថ្មបាក់ពីមិត្តភក្ដិជាដៃគូរកស៊ីដីឡូត៍ជាមួយគ្នា បោកប្រាស់ទំនុកចិត្តវេចលុយ រត់បាត់ ទុកឲ្យលោករងគ្រោះ ប្រឈមនឹងការដោះស្រាយជាមួយអតិថិជនតែម្នាក់ឯង ។
លោកយុត្ថារា ឆានី បានធ្វើការបំភ្លឺថា ពាក់ព័ន្ធនឹងការលក់ដីឡូត៍ ក្នុងគម្រោងវណ្ណេត សុវណ្ណភូមិ ដែលកំពុងមាន ភាពចម្រូងចម្រាសជាមួយអតិថិជន ក្នុងរយៈពេលចុងក្រោយនេះ ក្នុងនាមលោកជាម្ចាស់ភាគហ៊ុនមួយរូប នៅ ក្នុងក្រុមហ៊ុន លោកក៏ជាជនរងគ្រោះម្នាក់ដែរ ខណៈដែលបុគ្គលដែលរកស៊ីជាមួយលោក បានវេចលុយរត់បាត់ ទាំងលោកមិនដឹងខ្លួន ។
លោកយុត្ថារា ឆានី បានរំលឹកថា លោកបានដាក់ទុនរកស៊ីជាមួយឈ្មោះ សាន វណ្ណេត និងមិត្តភក្តិ សរុប៤នាក់ ទៀត អស់ជាច្រើនឆ្នាំមកហើយ។ ដោយសារតែឃើញបុគ្គលឈ្មោះសាន វណ្ណេត មានបទពិសោធន៍ និងមាន ទំនុកចិត្តខ្ពស់ ទើបលោកប្រគល់កិច្ចការងារទូទៅ ឲ្យបុគ្គលរូបនេះគ្រប់គ្រង រួមមានទាំងការគ្រប់គ្រងលើ ចរន្ត គណនេយ្យ និងរដ្ឋបាលរបស់ក្រុមហ៊ុនផងដែរ ។ ប៉ុន្តែទីបំផុត ក្នុងអំឡុងពេលកំពុងកាន់ការងារ ទាំងរដ្ឋបាល និងគណនេយ្យ នោះ បុគ្គលសាន វណ្ណេត បានក្បត់ទំនុកចិត្ត វេចលុយយកទៅអស់។ ដោយសារតែក្រុមហ៊ុននេះ ដាក់ឈ្មោះលោកជាម្ចាស់ក្រុមហ៊ុន និងជាម្ចាស់គម្រោង រួមទាំងប្លង់ដី ក៏ឈ្មោះរបស់លោកទៀត ប៉ុន្តែប្លង់ដី ត្រូវបានបុគ្គលឈ្មោះសាន វណ្ណេត នោះយកទៅបញ្ចាំឲ្យគេ ធ្វើឲ្យលោកត្រូវជាប់ឈ្មោះលក់ដីខ្យល់ ឲ្យអតិថិជន ព្រោះមិនបានកាត់ប្លង់ឲ្យពួកគាត់ ប៉ុន្តែការពិតពេលនេះលោកបានក្លាយជាជនរងគ្រោះម្នាក់ផងដែរ ។
ទោះបីយ៉ាងណា លោកយុត្ថារា ឆានី បញ្ជាក់ថា រហូតមកទល់នាពេលនេះ លោកមិនបានគេចវេះ មិនដោះ ស្រាយជូនអតិថិជនដែលបានទិញដីពីក្រុមហ៊ុនរបស់លោកនោះឡើយ ហើយលោកក៏សូមបញ្ជាក់ដែរថា ដីរបស់លោក មិនមែនជាដីខ្យល់ ដូចការចោទប្រកាន់នោះទេ ហើយលោកកំពុងតែបន្តដោះស្រាយជូន អតិថិជន។ ជាមួយគ្នានេះ លោកស្នើសុំដល់អតិថិជនទាំងអស់ដែលបានបង្ហោះព័ត៌មានានាជុំវិញបញ្ហានេះ នៅលើបណ្តាញសង្គម មេត្តាទុកពេលឲ្យលោក ព្រោះលោកនៅតែមានឆន្ទៈក្នុងការដោះស្រាយ ក្នុង ខណ: ដែលលោកក៏ជាជនរងគ្រោះម្នាក់ ដែលទទួលថ្មបាក់ក្នុងរឿងនេះ ។ ជាមួយនេះ លោកឆានី បានបង្ហើបដែរថា រហូតមកទល់ពេលនេះ លោកបានដាក់ពាក្យបណ្តឹងរួចហើយ និងតុលាការបានដេញដីកាកោះ ចំនួន២លើក រួចហើយដែរ តែបុគ្គលសាន វណ្ណេត នោះ មិនបានចូលខ្លួនទេ ដូច្នេះនៅចាំតែដីកាចុងក្រោយគឺនាំខ្លួនបុគ្គល សាន វណ្ណេត នេះតែម្តង។
ក្នុងបទសម្ភាសន៍ជាមួយ “នគរធំ” នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ លោកយុត្ថារា ឆានី បានរៀបរាប់ពីដំណើរ រឿងខាងលើនេះថា “បាទ! ប៉ុន្មានថ្ងៃនេះ ភ្លើងឆាបឆេះនៅក្នុងបណ្ដាញសង្គមហ្នឹងមានច្រើន ប៉ុន្តែមិនបានសាក សួរព័ត៌មានផ្ទាល់ពីលោកឆានី (ខ្ញុំ) ឬក៏ពីភរិយាខ្ញុំ ឬក៏ភាគហ៊ុនផ្សេងទៀត នៅក្នុងក្រុមហ៊ុនសោះ ប៉ុន្តែគាត់បែរ ជាចុះផ្សាយនូវសារព័ត៌មានជាច្រើន ដែលគាត់បានព័ត៌មានហ្នឹងវាបានខុសខ្លះ ត្រូវខ្លះ វាមិនមែនត្រូវទាំងមួយ រយភាគរយទេក្នុងហ្នឹង ហើយក៏មិនខុសមួយរយភាគរយដែរ ។ អ៊ីចឹងខ្ញុំសុំឆ្លើយតបថា បុគ្គលឈ្មោះសាន វណ្ណេត ក្រុមហ៊ុនឈ្មោះវណ្ណេត សុវណ្ណភូមិ ។ យើងស្ដាប់ប៉ុណ្ណឹង យើងយល់ថា មិនមែនយុត្ថារា ឆានី ជាម្ចាស់គម្រោង បាត់ហើយ បើយុត្ថារា ឆានី ជាម្ចាស់គម្រោង ឆានី សុវណ្ណភូមិ ហើយ មិនមែនវណ្ណេត សុវណ្ណភូមិ ទេ ។ អ៊ីចឹង ក្រុមហ៊ុនហ្នឹង មានឈ្មោះថា វណ្ណេត សុវណ្ណភូមិ ហើយអ្នកដែលបោកប្រាស់លុយ រត់គេចបាត់ហ្នឹង មានឈ្មោះ សាន វណ្ណេត ។ ឯកឧត្ដមសាន វណ្ណេត គាត់មានងារជាឯកឧត្ដមទៀត គាត់មានតួនាទីដែរ ប៉ុន្តែខ្ញុំសុំមិនបង្ហើប ចុះ ព្រោះបុគ្គលថោកទាប ដោយបុគ្គលចុះ មិនពាក់ព័ន្ធនឹងឋានៈទេ ។
អ៊ីចឹងខ្ញុំសុំបង្ហើបតែប៉ុណ្ណឹង ហើយដំបូង ឡើយ ខ្ញុំបានស្គាល់គ្នាអ៊ីចឹងទៅ រាប់អានជិតស្និទ្ធគ្នា ប៉ុន្តែដោយសារខ្ញុំ មានកេរ្តិ៍ឈ្មោះបោះសំឡេង មានប្រជា ប្រិយភាព មានបងប្អូនស្គាល់ច្រើន ពីមួយជំនាន់ទៅមួយជំនាន់ និយាយ ទៅ ត្រឹមតែកើតឆ្នាំ១៩៩០ ឡើងទៅ គឺស្គាល់ទាំងអស់ភាគច្រើន ។ ដល់តែយើងស្គាល់គាត់ រាប់អានគ្នា មើលទៅ ល្អជាអីដែរ ក៏គាត់បបួលយើង រកស៊ីចូលគ្នា ដាក់ហ៊ុន ដាក់លុយអីចូលគ្នា ប៉ុន្តែនិយាយទៅ ក្នុងហ្នឹងក៏មានភាគ ហ៊ុនយើងដែរ មិនមែនអត់ សោះទេ ក្នុងក្រុមហ៊ុនហ្នឹងទាំងអស់គ្នា មាន៤នាក់ មាន៤ភាគហ៊ុន ។ ប៉ុន្តែដោយ យោងថា ខ្ញុំឆានី ជាអ្នកមាន អ្នកស្គាល់ច្រើន ក៏សម្រេចគ្នាទាំង៤នាក់ហ្នឹង ៣នាក់ទៀតហ្នឹង ក៏យល់ស្របដាក់ ឈ្មោះយុត្ថារា ឆានី ជាម្ចាស់ គម្រោង ប៉ុន្តែប៉ាយឈ្មោះក្រុមហ៊ុន នៅតែឈ្មោះវណ្ណេត សុវណ្ណភូមិ ដដែល មិន មែនឈ្មោះខ្ញុំឆានី ទេ គឺឈ្មោះ វណ្ណេត សុវណ្ណភូមិ ឈ្មោះសាន វណ្ណេត ហ្នឹងហើយ គេដាក់ប្រេននាមរបស់គេ ប៉ុន្តែនៅលើប្លង់ នៅលើឯក សារនានា ប្រើឈ្មោះយុត្ថារា ឆានី ទៅ ដោយសារអតិថិជន គាត់ស្គាល់ច្រើន គាត់ គាំទ្រអីច្រើន គាត់មកជួយទិញ ជួយអីអ៊ីចឹងទៅ ហើយយើងរកស៊ីជាមួយគ្នាស្មោះត្រង់ទៅវិញទៅមក មានអី ដែលត្រូវជជែកគ្នា មានបញ្ហាអី ផ្សេងៗ យើងរួមគ្នាដោះទាំងអស់គ្នាអ៊ីចឹងទៅ ហើយកន្លងមក តាំងពីគម្រោងទី៧ ទី៨ ទី៩ហ្នឹងមក វាអត់មានល្អក់ កករអីទេ គឺមើលទៅគាត់ខំធ្វើការ គាត់បំពេញការងារ ស្មោះត្រង់អីទៅវិញទៅមក បូកបញ្ជីឯកសារអី យើង ពង្រីកគម្រោងអីថែមអ៊ីចឹង“ ។
លោកយុត្ថារា ឆានី រៀបរាប់បន្តថា “ដល់ពេលក្នុងអំឡុងឆ្នាំ២០២២ ក្នុងវិបត្តិសេដ្ឋកិច្ចយើងកំពុងតែជាប់គាំង ព្រោះកាលនោះកូវីដ កំពុងតែវាយលុកខ្លាំង ២០១៩ ដល់២០២២ ហ្នឹង វ៉ៃលុកខ្លាំង មានការបិទខ្ទប់ប្រ ទេសអី ផ្សេងៗអ៊ីចឹងទៅ ក៏វាប៉ះពាល់ដល់ហិរញ្ញវត្ថុក្នុងក្រុមហ៊ុនតិចតួចទេ អត់ប៉ះខ្លាំងទេ ប៉ុន្តែលោកសាន វណ្ណេត ហ្នឹង បានស្នើមកខ្ញុំ ឆានី ថាសុំឲ្យឆានី ជួយផ្ដិតមេដៃ ដើម្បីកម្ចីប្រាក់ឯកជនមួយកន្លែង ដែលមានខ្ចីលុយគេ ទំហំ សាច់ប្រាក់ ៥០ម៉ឺនដុល្លារ ។ ខ្ចី៥០ម៉ឺនដុល្លារហ្នឹង ដើម្បីយកមកពង្រីក ឬក៏ធ្វើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុន មានដូចជា ផ្លូវបេតុង មានលូ ចាក់ដីអីអ៊ីចឹងបន្ថែម ។ យើងក៏ជឿគាត់ ហើយធម្មតាប្លង់ដី ឈ្មោះយើង មិនត្រូវ ការយើងទៅផ្ដិតមេដៃ? ឈ្មោះលោកឆានី ទៅផ្ដិតមេដៃ កម្ចីប្រាក់គេ ។ អ៊ីចឹងពេលទៅខ្ចីប្រាក់គេហ្នឹង ត្រូវការ ឯកសារបញ្ចាំ គឺដីហ្នឹងហើយ យកដីទៅបញ្ចាំ តែ ១ហិកតារទេ ក្នុងដីដែលមានបញ្ហា ដែលកំពុងតែព័ទ្ធរបងហ្នឹង គឺកើតឡើងពីការបញ្ចាំ ។ ទីតាំងដីហ្នឹង នៅភូមិអម្ពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ទំហំដីទាំងអស់ មាន ៧ហិកតារ ប៉ុន្តែជាក់ស្ដែងដីដែលមានបញ្ហា ដូចប្រជាពលរដ្ឋ ឬក៏អតិថិជនដែលគាត់កំពុង តែផ្ទុះហ្នឹង គឺព័ទ្ធរបងតែ ១ហិកតារទេ ក្នុងចំណោមដី ៧ហិកតារហ្នឹង មិនមានបញ្ហាទាំងអស់ទេ ។ ដីយើង ៧ហិកតារ ហើយយកទៅដាក់បញ្ចាំ តែ១ហិកតារទេ យកទៅដាក់បញ្ចាំក្នុងទំហំសាច់ប្រាក់ ៥០ម៉ឺនដុល្លារ ។ ក្រោយពីបញ្ចាំហើយ ចំនួន៤ខែ បង់ការប្រាក់គេបាន ២ខែ សាន វណ្ណេត អត់បង់ ២ខែទៀត គេមកកាត់ដី យើង យកតែម្ដង កាត់ប្លង់រឹងចូលក្នុងម្ចាស់បំណុល ។ ក្នុងរយៈពេលខានបង់ការប្រាក់ តែ ២ខែទេ គាត់ (ម្ចាស់បំណុល) កាត់ឈ្មោះទៅគាត់ គាត់យកបំណុល យកលុយហ្នឹងកាត់សងជាមួយនឹងដីរបស់យើង ដែលគាត់ដឹងស្រាប់ថា ដីហ្នឹង យើងកំពុងតែពុះឡូត៍ អស់៧១គ្រួសារ នៅលើដី ១ហិកតារហ្នឹង“ ។
លោកយុត្ថារា ឆានី បានរៀបរាប់បន្តទៀតថា “សូមបញ្ជាក់ម្ដងទៀតថា ក្នុងការទៅខ្ចីលុយហ្នឹង គឺលោកឆានី (ខ្ញុំ) និងលោកសាន វណ្ណេត ទៅខ្ចីទាំង២នាក់ ព្រោះប្លង់ឈ្មោះគឺឈ្មោះយុត្ថារា ឆានី អ៊ីចឹងចាំបាច់យុត្ថារា ឆានី ត្រូវ តែផ្ដិតមេដៃ ប៉ុន្តែអ្នករៀបចំឯកសារខ្ចីទាំងអស់ គឺលោកសាន វណ្ណេត ទាំងអស់ ។ លោកសាន វណ្ណេត រៀបចំ ជាមួយនឹងអ្នកតំណាងម្ចាស់លុយរបស់គេខាងនោះៗអីហ្នឹង គឺរៀបចំឯកសាររួចហើយ ហៅទៅផ្ដិតមេដៃតែម្ដង ហើយយកលុយហ្នឹងមក គឺលោកឆានី អ្នកទៅផ្ដិតមេដៃយកលុយ ប៉ុន្តែសាន វណ្ណេត អ្នកទទួលលុយ ។ ខ្ញុំមានភ័ស្តុតាងរូបភាពទាំងអស់ នៅពេលដែលគាត់ទទួលលុយ ទំហំដកម្ដង២៥ម៉ឺន ដកម្ដង ១៥ម៉ឺនអីហ្នឹង ខ្ញុំមាន ភ័ស្តុតាងទាំងអស់ជូន រូបថតដែលគាត់ទទួលលុយសុទ្ធ ។ អ៊ីចឹងមេដៃដែលផ្ដិត គឺលោកឆានី ដោយសារខ្ញុំជា អ្នកតំណាងក្នុងក្រុមហ៊ុន ទើបមានមេដៃរបស់ខ្ញុំផ្ដិតកម្ចីហ្នឹង ។
អ៊ីចឹងបានវាកើតចេញពីនៅពេលយើងខានបង់ប្រាក់គេ ២ខែ គេកាត់ឈ្មោះយក នៅពេលក្រោយមក ក៏ព័ទ្ធរបង លើដីហ្នឹងតែម្ដង ។ បន្តពីការព័ទ្ធរបងហ្នឹងមក គឺបានពួកខ្ញុំជាម្ចាស់ដី ដែលពួកខ្ញុំជាម្ចាស់ភាគហ៊ុន ពីរបីនាក់ ទៀតហ្នឹងដឹងរឿង ហើយដឹងរឿងហ្នឹង ដឹងពីបុគ្គលិកមកទៀត ព្រោះយើងប្រគល់ការងារ ធម្មតាទេ សាន វណ្ណេត គេម្ចាស់ក្រុមហ៊ុនធំ គេចាត់ចែងការងារអីទាំងអស់ខ្លួនគេអ៊ីចឹង ។ អ៊ីចឹងយើងអត់បានដឹងថា គេបង់លុយ មិនបង់ លុយអី យើងអត់បានដឹងទាំងអស់ទេ បានពីបុគ្គលិកតេមកប្រាប់ថា មានគេព័ទ្ធរបង បានហៅសាន វណ្ណេត ហ្នឹងសួរនាំ ហើយគាត់ក៏សារភាពថា មិនបានទៅបង់ការប្រាក់គេ ពីរខែ ហើយគាត់យកលុយកាក់កន្លងមកហ្នឹង អត់បានយកទៅអភិវឌ្ឍទៅលើដី ទៅលើផ្លូវ នៅលើលូ នៅលើបង្គោលភ្លើងអីទេ គឺគាត់យកទៅចាត់ចែង ចាយ ខុសរបៀបរបបរបស់គាត់ផ្ទាល់ខ្លួន អត់យកមកដាក់ក្នុងក្រុមហ៊ុនទេ ។ ក្នុងកម្ចី ក៏ដូចជាលុយក្នុងក្រុមហ៊ុន ចំណូលទាំងប៉ុន្មានដែលគាត់កាន់ អតីថិជនទិញមក លុយចូល ១ខែប៉ុន្មានម៉ឺនដុល្លារអីហ្នឹង គឺគាត់ប្រមូលយក ទៅចាយខុសខ្ទង់ ខុសរបៀប ។ ក្រោយពីសារភាពហើយ ខ្ញុំក៏អញ្ជើញមេធាវីជាសាក្សី ហើយឲ្យគាត់អង្គុយសារ ភាពម្ដងទៀត និយាយដើមហេតុទាំងអស់ ក៏ធ្វើកំណត់ហេតុមួយឲ្យគាត់ទទួលស្គាល់ និងផ្ដិតមេដៃ ។ បានផ្ដិតមេដៃទទួលស្គាល់លុយដែលគាត់មិនយកលុយមកចាត់ចែងចាយនៅក្នុងក្រុមហ៊ុនហើយ ៨ថ្ងៃក្រោយ គឺនៅថ្ងៃទី០៨ ខែ០៨ ឆ្នាំ២០២២ គាត់រត់បាត់» ។
លោកយុត្ថារា ឆានី បន្តថា «ពេលសាន វណ្ណេត រត់បាត់ ភាគហ៊ុនទាំងអស់ជជែកគ្នាដាក់ពាក្យ បណ្ដឹងលើ លោក សាន វណ្ណេត ប៉ុន្តែពីដំបូងលោកឆានី (ខ្ញុំ) អត់ព្រម ដោយសារអាណិតគេ ហាមឃាត់ភាគហ៊ុនទាំងអស់កុំប្ដឹងផ្ដល់ ក្រែងលោសាន វណ្ណេត ហ្នឹងខុសអីមួយទៅ អាចកែប្រែវិញបាន ប៉ុន្តែផ្ទុយទៅវិញ សាន វណ្ណេត មិនបានកែប្រែ ទៅតាមទឹកចិត្តដ៏ល្អរបស់ខ្ញុំឆានី ទេ គាត់បែរជាកាន់តែបាត់ទៅៗ រត់ចោលស្រុក អត់ចូលមកទទួលខុសត្រូវ ដដែល យើងក៏សម្រេចដាក់ពាក្យបណ្ដឹងទៅខាងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅក្នុងខែ០២ ឆ្នាំ២០២៣ ។ ដល់ពេលដាក់បណ្ដឹងហើយហ្នឹង ក៏នៅតែអត់ទាន់ចាប់បានជនហ្នឹងទេ មកដល់ឥឡូវ ហើយនៅក្នុងអំឡុងខែ០៥ ក៏ខ្ញុំបានដាក់បណ្ដឹងទៅខាងសាលាដំបូងរាជធានភ្នំពេញ។ អ៊ីចឹងពាក្យបណ្ដឹងមាន២ ដែលយើងបានដាក់ ទៅ គាត់ ហើយខ្ញុំចូលបំភ្លឺពីរបីដងរួចរាល់ហើយ ជាមួយនឹងខាងសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងរបស់សាន វណ្ណេត ហ្នឹង ។ ចំណែកសាន វណ្ណេត មកដល់ថ្ងៃនេះ អត់ទាន់ចូលខ្លួនបំភ្លឺនៅតុលាការទេ ហើយក៏អត់ទាន់ចាប់ បានដែរ ប៉ុន្តែដំណឹងភាគច្រើនប្រហែលនៅក្នុងស្រុកហ្នឹង ព្រោះធ្លាប់មានគេឃើញម្ដងម្កាល ហើយកាលពីអំ ឡុងខែ០២ ឆ្នាំ២០២៣ តាមព័ត៌មានច្បាស់ការមួយ គាត់បានឡើងទៅអាមេរិក ប៉ុន្តែប្រហែលជាត្រូវត្រលប់ មកវិញ ហើយ ព្រោះមិនអាចនៅបានយូរទេ ស្រុកអាមេរិក នោះ ព្រោះមានគេធ្លាប់ឃើញគាត់នៅក្នុងស្រុកខ្មែរ គ្រាន់តែ គេតាមមិនទាន់“ ។
លោកយុត្ថារា ឆានី បានបន្តថា “អ៊ីចឹងកន្លែងនេះ ខ្ញុំចង់បញ្ជាក់ជូនសាធារណជនទាំងអស់ ក៏ដូចជាបងៗសា រព័ត៌មានដែរថា ដីយុត្ថារា ឆានី មិនមែនជាដីខ្យល់ទេ ។ បើសិនជាដីខ្យល់ មិនអាចកាត់ចេញពីឈ្មោះ ប្រជា ពលរដ្ឋដើម មកចូលឈ្មោះយុត្ថារា ឆានី បានទេ វាអត់មានរូបរាងប្លង់សម្រាប់កាត់ទេ មានតែដីទទេ សម្រាប់ ពុះច្រៀកមិនបាន អាហ្នឹងគេហៅដីខ្យល់។ ប៉ុន្តែសម្រាប់ដីដែលទិញពីប្រជាពលរដ្ឋ ឲ្យលុយគ្រប់មួយ រយភាគ រយរួចរាល់ កាត់ឈ្មោះ ចូលឈ្មោះយុត្ថារា ឆានី មួយរយភាគរយ ដីទាំង ៧ហិកតារនេះ បានកាត់ចូល ឈ្មោះ យុត្ថារា ឆានី អស់ហើយ ។ បើចង់មើលថា ដីនេះជាដីខ្យល់ឬអត់? ខ្ញុំមានប្លឹងរឹង ខ្ញុំមានឯកសារទិញ-លក់ ពី ម្ចាស់ដីដើមទាំងអស់ ម្ចាស់មួយរយភាគរយថា មិនមែនដីខ្យល់ទេ ខ្ញុំសុំបញ្ជាក់កន្លែងហ្នឹងឲ្យច្បាស់ ។ ដូច្នេះ យុត្ថារា ឆានី ជាជនរងគ្រោះដែរទេ ឯឈ្មោះសាន វណ្ណេត ជាបុគ្គលថោកទាបពិតប្រាកដ បុគ្គលកេងប្រវ័ញ្ច ពិតប្រាកដ ដែលបានលុយ ទាំងលុយខ្ចីពីគេ ទាំងលុយដែលចំណូលចូលក្រុមហ៊ុនទាំងប៉ុន្មានលានដុល្លារហ្នឹង គឺគាត់កេងប្រវ័ញ្ចបោកប្រាស់ ដែលមិនតែយុត្ថារា ឆានី មានភាគហ៊ុនពីរគ្រួសារទៀត ក៏ជាជនរងគ្រោះដែរ គាត់ក៏ដាក់ពាក្យបណ្ដឹងទៅតុលាការដែរ កំពុងតែប្ដឹងសាន វណ្ណេត ហ្នឹងដូចគ្នា ។ អ៊ីចឹងខ្ញុំសូមសំណូមពរដល់សាធាណជនទាំងអស់ កុំឲ្យមានការយល់ច្រឡំថា លោកយុត្ថារា ឆានី លក់ដីខ្យល់ ព្រោះដីនេះបានទិញពីប្រជាពលរដ្ឋ ទូទាត់លុយគ្រប់មួយរយភាគរយហើយ ហើយមួយវិញទៀត អតិថិជន ៨០ភាគរយ គាត់ក៏បានជ្រាប និងយោគយល់ហើយដែរ មានតែ ២០% ដែលគាត់រាងបារម្ភ ហើយអតិថិជនខ្លះ មិនទុកពេលឲ្យយើងដោះស្រាយ »។
លោកឆានី បន្តថា «ដូច្នេះសំណូមពរដល់អតិថិជនជារួមទាំងអស់ សូមឲ្យយោគយល់ដល់ក្រុមហ៊ុនវណ្ណេត សុវណ្ណភូមិ ដែលមានលោកយុត្ថារា ឆានី ជាតំណាងនេះ ទុកពេលសម្រាប់ខ្ញុំដោះស្រាយការងារនេះ ឲ្យ បានគ្រប់អតិថិជនទាំងអស់ ព្រោះខ្ញុំចង់ជម្រាបជូនថា ថ្វីត្បិតជួបរឿងបោកបែបនេះក៏ពិតមែន ប៉ុន្តែនៅក្នុងទំហំដី ៧ហិកតារនេះ អតិថិជនដែលមិនទាន់បង់ប្រាក់ចូលមកក្រុមហ៊ុន គឺមានចំនួន ១លាន ២សែនដុល្លារទៀត ហើយទំហំសាច់ប្រាក់ដែលខ្ញុំនៅជំពាក់ម្ចាស់លុយ ដែលគេមកកាត់កងដីនេះ ដំណើរដើមទងលុយប្រាក់ដើម តែ៥០ម៉ឺនដុល្លារទេ ។ អ៊ីចឹងបើយើងយកមកគិតជាមួយនឹងលុយទាំងអស់ដែលនៅសល់ អតិថិជនអត់ ទាន់បាន បង់មក គឺវានៅខុសគ្នាច្រើន សំខាន់តែការយោគយល់សម្រាប់អតិថិជន ទុកពេលវេលាឲ្យលោកឆានីដោះ ស្រាយ ទុកឲ្យខ្ញុំសម្របសម្រួលជាមួយនឹងម្ចាស់លុយ ។ ជាពិសេសគឺម្ចាស់លុយ ខ្ញុំមានសំណូមពរឲ្យគេមេត្តា កុំយកដីអី យកលុយប្រាក់ដើមលោកដែលបានឲ្យខ្ចីហ្នឹងមក ព្រោះសេដ្ឋកិច្ច ពេលឥឡូវនេះ យើងមើលឃើញ ជាក់ស្ដែងទាំងអស់គ្នាថា មិនទាន់រលូនទេ ជាពិសេសវិស័យអចលនទ្រព្យហ្នឹង ហើយបងម្ចាសលុយ ក៏បានដឹង ដែរថា មុននឹងឲ្យលុយមកខ្ចី ក៏បានឃើញថា នៅលើហ្នឹង មានផ្ទះ មានសំណង់សាងសង់ បង្គោលឡូត៍ ឬថានេះ ជាក្រុមហ៊ុនពុះដីឡូត៍ ទើបបងឲ្យលុយខ្ចី ប៉ុន្តែគ្រាន់តែខានបង់ការប្រាក់ បងបែរជាកាត់ដីនេះយកទាំងគំហុក ។ អ៊ីចឹងខ្ញុំសុំអង្វរបងថា បងគួរតែយោគយល់ដល់បុរសម្នាក់ដែលជាជនរងគ្រោះដែរ និងអតិថិជន ៧១គ្រួសារទៀត ជាជនរងគ្រោះដូចគ្នា នៅក្រោមស្នាដៃសាន វណ្ណេត តែម្នាក់ ម្ចាស់ក្រុមហ៊ុនពិតប្រាកដនេះ អ៊ីចឹងសុំមេត្តា បងជួយសម្របសម្រួលបើកច្រក បើកផ្លូវចេញទាំងអស់គ្នា» ។
លោកយុត្ថារា ឆានី បន្ថែមថា “ខ្ញុំក៏សំណូមពរទៅមហាជន កុំស្ដាប់តែម្ខាង សូមស្ដាប់ជនរងគ្រោះម្នាក់នេះផង ពេលខ្លះយើងជាជនរងគ្រោះដែរ ដល់ពេលវ៉ៃប្រហារទាំងសារព័ត៌មាន ហើយនិងមហាជនមួយចំនួន ដែលគាត់ មិនដឹងរឿង ប៉ុន្តែគាត់វ៉ៃប្រហារយើងដែរ ធ្វើឲ្យពេលខ្លះ ប៉ះពាល់បាក់ទឹកចិត្តមែនទែន ។ អ៊ីចឹងសូមជូនដំណឹងទៅបណ្ដាអតិថិជន ក៏ដូចជាមហាជនឲ្យជា្របថា ខាងខ្ញុំមានឆន្ទៈមុតមាំនឹងដោះ ស្រាយ ជូនអតិថិជនទាំងអស់ មិនឲ្យបាត់ដីសូម្បីតែ ១តឹក មិនឲ្យបាត់ទេ ការដោះដូរប្លង់ ក៏យើងមាន ព្រោះយើងជាប់ តែមួយហិកតារទេ យើងនៅសល់ដី ៦ហិកតារទៀត ដោះដូរក៏បាន ហើយរង់ការដោះស្រាយផ្សេងៗទៀត ។ ហើយមួយទៀត ខ្ញុំសូមសំណូមដល់សមត្ថកិច្ចដែលពាក់ព័ន្ធ សូមមេត្តាជួយស្វែងរកជនឆបោក ជនបោកប្រាស់ ជនកេងប្រវ័ញ្ចពិតប្រាកដ ដែលមានឈ្មោះ សាន វណ្ណេត នេះ មកផ្ដន្ទាទោសឲ្យបានសមនូវទង្វើ ដែលគេ បាន សាង បានប្រព្រឹត្តចំពោះប្រជាពលរដ្ឋ ក៏ដូចជាចំពោះលោកយុត្ថារា ឆានី ក៏ដូចជាចំពោះភាគហ៊ុន ទាំង៣នាក់ ទៀត ដែលគ្នាក៏ជាជនរងគ្រោះដែរ ។ ជាមួយនេះដែរ ចំពោះលោកស្រី កែវ កល្យាណ គាត់ពិតជាមាន ទិញដី នៅក្នុងគម្រោងហ្នឹងមែន ហើយដីរបស់គាត់ ស្ថិតនៅក្រៅបរិវេណរបង គ្រាន់តែជាប់ក្បាលដីចូលក្នុងរបងបន្តិចៗ ហើយសម្រាប់ការយោគយល់របស់គាត់ គាត់ក៏បានចុះផ្សាយម្ដងទៀតហើយ ដំបូងដូចថា ចិត្តរបស់គាត់ មួយឆាវ ទៅ ព្រោះខាងក្រុមហ៊ុន មិនទាន់បានទទួលប្លង់ជូនគាត់មែន» ។
លោកយុត្ថារា ឆានី បន្ថែមទៀតថា «ដូចខ្ញុំនិយាយពីដើម ខ្ញុំនិយាយតែពាក្យពិតទេ ខាងក្រុមហ៊ុន ពិតជាមិន ទាន់បានប្រគល់ប្លង់ឲ្យគាត់ពិតមែន ដោយយោងហេតុផលដូចជម្រាបជូនជាបន្តបន្ទាប់ថា ពីមុន សាន វណ្ណេត គឺជាអ្នកកាន់ការងារទាំងអស់ លោកយុត្ថារា ឆានី គ្រាន់តែជាអ្នកតំណាងទេ ។ អ៊ីចឹងសាន វណ្ណេត នាំព័ត៌មាន បែបណាថា ប្លង់ហ្នឹងបែបអ៊ីចេះអ៊ីចុះមក គឺយើងជូនព័ត៌មានទៅលោកស្រីកែវ កល្យាណ បែបដូច្នោះដែរ ហើយ លោកស្រីកែវ កល្យាណ ក៏ឃើញស្រាប់ហើយ ពេលដែលគាត់មកទិញ ក៏គាត់ស្គាល់ដែរ សាន វណ្ណេត ហ្នឹង ហើយក្រោយពីរឿងផ្ទុះតាមបណ្ដាញសង្គមហ្នឹង ខ្ញុំក៏បានសុំទោសគាត់ ក៏ខលទំនាក់ទំនងជជែកជាមួយគាត់ គាត់ក៏យល់ហេតុផល ក៏គាត់ទុកពេលដើម្បីឲ្យខ្ញុំ ឆានី ដោះស្រាយឲ្យបានសមស្របនៅពេលវេលាណាមួយ ។ ខ្ញុំសុំអរគុណខ្លាំងណាស់ ហើយក៏អរគុណបង (អ្នកសារព័ត៌មាន) ដែលបានសួរនាំ សម្ភាសន៍ខ្ញុំ លោកយុត្ថារា ឆានី ព្រោះកន្លងមក បណ្ដាសារព័ត៌មានភាគច្រើន ខ្ញុំអត់ចេះពាក្យការទូតទេ ខ្ញុំសុំនិយាយឲ្យស្មោះត្រង់ថា បណ្ដា សារព័ត៌មានភាគច្រើន គឺតែងតែពោលពាក្យថា ទាក់ទងលោកយុត្ថារា ឆានី មិនបាន ប៉ុន្តែទាំងដែលមិន ទាក់ទង មកឲ្យបំភ្លឺទេ ហើយចេះតែចុះផ្សាយព័ត៌មានតាមអ្វីៗតៗគ្នា ហើយមានបន្ថែមបន្ថយល្បោយមួយចំនួនទៀត វាធ្វើ ឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះខ្ញុំមែនទែន នៅពេលដែលខ្ញុំមិនបានប្រព្រឹត្តរឿងហ្នឹងសោះ…”៕ កុលបុត្រ