បាត់ដំបង ៖ បុរសម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានកើតមានជំងឺសរសៃប្រសាទអស់រយៈពេល ៥ឆ្នាំមកហើយ លុះក្រោយ មកកើតមានអាការមិនស្រួលខ្លួន ត្រូវស្ត្រីជាម្តាយនាំកូនប្រុសទៅផ្ទះគ្រូពេទ្យភូមិ ឱ្យជួយពិនិត្យព្យាបាល លុះគ្រូពេទ្យពិនិត្យរួច ចាក់ថ្នាំឱ្យ ២ម្ជុល ស្រាប់តែកូនប្រុសបានស្ទុះរត់ចេញពីផ្ទះពេទ្យ ដោយកាន់កាំបិតជាប់ដៃ រត់ទៅអារកសម្លាប់ខ្លួននៅខាងមុខផ្ទះអ្នកភូមិក្បែរនោះ បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។

ករណីអារកសម្លាប់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខផ្ទះអ្នកភូមិម្នាក់ ស្ថិតក្នុងភូមិរាមគន់ ឃុំគារ ស្រុកមោងប្ញស្សី។បុរសគិតខ្លីដែលអារកសម្លាប់ខ្លួន មានឈ្មោះរិទ្ធ ប៊ុនធឿន អាយុ៣៦ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិតាតុក១ ឃុំមោង ស្រុកមោងប្ញស្សី។
តាមប្រភពពីម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនប្រុសរបស់គាត់ (ជនរងគ្រោះ) បានកើតមានជំងឺសរសៃប្រសាទ អស់រយៈពេល៥ឆ្នាំមកហើយ។ លុះមកដល់ព្រឹកកើតហេតុ គាត់បាននាំកូនទៅចាក់ថ្នាំ នៅផ្ទះគ្រូពេទ្យខាងលើ។ ពេលទៅដល់ គ្រូពេទ្យពិនិត្យរួច ក៏បានចាក់ថ្នាំឱ្យកូនគាត់ ចំនួន២ម្ជុល បន្ទាប់មក ស្រាប់តែកូនគាត់ស្ទុះរត់ចេញពីផ្ទះគ្រូពេទ្យ ក្នុងដៃមានកាន់កូនកាំបិតផង។ ឃើញបែបនេះ ពួកគាត់បានព្យាយាមរត់ដេញតាម ដើម្បីដកយកកាំបិតមកវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ តែដេញតាមមិនទាន់។
ក្រុមគ្រួសារជនរងគ្រោះ បន្តថា ពេលនោះកូនគាត់បានរត់ចូលផ្ទះអ្នកភូមិនៅក្បែរនោះ ហើយពេលគាត់រត់ទៅដល់ ស្រាប់តែឃើញកូនប្រុសគាត់បានអារកសម្លាប់ខ្លួន ដេកលើដីខាងមុខផ្ទះគេបាត់ទៅហើយ ដោយមានឈាមជោក។

ជុំវិញករណីនេះ អាណាព្យាបាលជនរងគ្រោះ មិនបាននិយាយលម្អិតអំពីប្រវត្តិកូនប្រុសរបស់គាត់ ប្រាប់សមត្ថកិច្ចទេ ដោយគ្រាន់តែប្រាប់ថា កូនគាត់មានជំងឺសរសៃប្រសាទ ៥ឆ្នាំមកហើយ និងបានរៀបរាប់អំពីរឿងរ៉ាវមុនពេលកើតហេតុ ដោយសង្ខេបប្រាប់សមត្ថកិច្ចប៉ុណ្ណោះ។
ដោយឡែក ក្រោយពីចុះពិនិត្យនិងធ្វើកោសល្យវិច័យសពរួច សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានប្រើប្រាស់កូនកាំបិតចុងស្រូច អារកខ្លួនឯង នៅពីមុខផ្ទះអ្នកភូមិនៅក្បែរនោះ។ ប៉ុន្តែកូនកាំបិតដែលជនរងគ្រោះសម្លាប់ខ្លួន មិនដឹងជាយកពីណាមកទេ គ្រាន់តែដឹងថា បន្ទាប់ពីគ្រូពេទ្យចាក់ថ្នាំឱ្យរួច ជនរងគ្រោះបានរត់ចេញទៅសម្លាប់ខ្លួនតែម្តង។
សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕