Tuesday, November 19, 2024
Homeព័ត៌មានសិល្បៈឌួង ហ្សូរីដា ៖ដឹកនាំក្រុម CSM រកថវិការជួយ​ដល់មូល​និធិ​អភិរក្ស ដំរីខ្មែររៃអាវត្តា

ឌួង ហ្សូរីដា ៖ដឹកនាំក្រុម CSM រកថវិការជួយ​ដល់មូល​និធិ​អភិរក្ស ដំរីខ្មែររៃអាវត្តា

ភ្នំពេញ៖កញ្ញាឌួង ហ្សូរីដា បានធ្វើជាពិធីការិនីកម្មវិធីរាត្រីសមោសររៃងង្គាសថវិការជួយ​ផ្គត់ផ្គង់ដល់ដំរីខ្មែរ​រៃអាវត្តា ជាលើកទី៥ ដែលរៀបចំនៅសណ្ឋាគារSun & Moon Riverside កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងនិងស្ថាប័នមួយចំនួន សិល្បករល្បីៗ ភ្ញៀវជាតិនិងអន្ដរជាតិជាច្រើន​នាក់ផងដែរ។ពិធីការិនីឌួង ហ្សូរីដា  បានចាប់ដៃជាមួយពិធីករលោកឌីជេ ហេរ៉ូ និងទ្រី ដារ៉ាវុធ ហើយពិតណាស់​សកម្មភាពរបស់នាងលើសពីMC លើឆាកព្រោះនាងបានបំផុសឲ្យភ្ញៀវទាំងឡាយ​ដែលបានចូលរួមជួយ​ឧបត្ថម្ភ​ថវិការដើម្បីជួយអភិរក្សដល់ដំរីខ្មែររៃអាវត្តា ផ្គត់ផ្គងដល់ចំណី និងលើការចំណាយផ្សេងៗ​រួមទាំងលើបុគ្គលិក​ហ្មដំរីឲ្យបន្ដការ​ងារមួយនេះតទៅមុខទៀត ខណៈដែលលោកហេរ៉ូ និងដារ៉ាវុធ ក៍បានជម្រុញទឹកចិត្តសប្បុរស​ជន​ជួយដល់ដំរីខ្មែរដូចនាងផងដែរ។

មិនត្រឹមតែប៉ុណ្ណោះហ្សូរីដា បានដឹកនាំក្រុមបង្ហាញម៉ូដរបស់នាងCambodia Super Model (CSM) ដែលប្រជុំ​ទៅ​ដោយតារាបង្ហាញម៉ូដល្បីឈ្មោះទាំងស្រី​និងប្រុសជាច្រើនដួងនោះ​មកបង្ហាញ​ម៉ូដជូនភ្ញៀវទាំងអស់ដែល​ចូលរួម​បានទស្សនាសម្លៀកបំពាក់ប្រពៃណីខ្មែរដែលច្នៃរពីហាងកាត់ដេរ ដាណាម៉ា មានគ្រប់ម៉ូដ គ្រប់ឈុត ហើយមាន​ទាំងម៉ូដផុសអក្សរខ្មែរនៅលើអាវផងដែរ ដើម្បីឲ្យសប្បុរសជនដែល​ពេញចិត្ត​តាមលំដាប់ថ្នាក់លេខ​នីមួយៗជា​សំគាល់នៅលើតារាម៉ូដែលនោះពួកគាត់អាចទិញឈុតដែលខ្លួនស្រលាញ់បានដែលមានតម្លៃចាប់ពី២៥០ ទៅ​៣៥០ ដុល្លារទៅតាមឈុតបុរសនិងស្រ្ដីនោះហើយថវិការដែលប្រមូល​បាននឹងយក​ទៅ​ឧបត្ថម្ភជូនមូលនិធិដំរី​ខ្មែរ​រៃអាវត្តា ទាំងអស់ដែលសកម្មភាពរបស់នាងពិតជាធ្វើឲ្យសប្បុរសជនដែល​អញ្ជើញ​ទៅចូលរួមដោយផ្ទាល់​និង​ទស្សនាតាមការLive សម្ដែងការកោតសរសើរដល់ពិធីការិនីរូបនេះ​ជាខ្លាំងថានាងពិត​ជាបានលះបង់ទាំង​កំលាំង​កាយនិងចិត្តព្រមទាំងថវិការផ្ទាល់ខ្លួនដែលបានពីការលក់សម្លៀកបំពាក់ពីហាងកាត់ដេរ ដាណាម៉ា នៅរាត្រី​សមោសរ​នោះជួយដល់ដំរីខ្មែររៃអាវត្តា ពិតប្រាកដមែនហើយនាងធ្វើ​សកម្មភាពបែបនេះ​រយៈពេល៥ឆ្នាំមក​ហើយ​។អ្វីដែលគូរឲ្យចាប់អារម្មណ៍ផងដែរហ្សូរីដា ក៍បានប្រកាសពីការដាក់​ដេញថ្លៃរូបផ្ទាំង​គំនូរ​ដំរី និងវត្ថុអនុស្សាវរីយ៍​ជាច្រើនទៀតដែលយកទៅបង្ហាញនៅរាត្រីនោះដើម្បីប្រ​មូល​ថវិការជួយដល់​មូលនិ​ធិអភិរក្សដំរីខ្មែររៃអាវត្តា ។

 អ្នកស្រីចិន្ដា ក្លេ ខៃ ប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានឲ្យដឹងថាថវិការ​ដែលប្រមូលបានក្នុង​កម្មវិធីរាត្រីសមោសរ នេះបានជួយដល់សមាគមដើម្បីបន្ដកិច្ចការងារអភិរក្សដំដីតទៅទៀត ហើយចំណុចជោគ​ជ័យរបស់សមាគម ដែលទទួលស្គាល់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន មានទាំងវិស័យឯកជន វិស័យរដ្ឋ ដែល​ពី១ឆ្នាំ​ទៅ១ឆ្នាំ ការគាំទ្រកាន់តែច្រើនឡើង ។យើងចិញ្ចឹមដំរីផង បង្កាត់ពូជដំរីផង ដែលចាយវាយច្រើន និងការដាំដើម​ឈើជាជម្រក​សត្វ ហើយសមាគមក៍ធ្លាប់ជួយដល់ជនក្រក្សត់ផងដែរតាមជាក់ស្ដែង និងរៀបចំអេកូទេសចរណ៍ ធ្វើកសិកម្ម ដាំដុះ និងផ្ដល់ទីតាំងដល់សិស្សនិស្សិតដែលធ្វើការស្រាវជ្រាវផ្នែកបរិដ្ឋាន ដំរី និងវប្បធ័ម អីចឹងហើយ​បានជាយើងត្រូវការលុយច្រើន ព្រោះធ្វើការងារក៍ច្រើនដែរ។អ្នកស្រីចិន្ដា ក្លេ ខៃ បន្ថែមថាការចំណាយទៅ​លើការ​ងារជាច្រើនមុខខាងលើនេះចំណាយក្នុង១ឆ្នាំជាង១០ម៉ឺនដុល្លារ ព្រោះយើងចំណាយទៅលើការ​ផ្សព្វផ្សាយទាំង​ក្នុង​និងក្រៅប្រទេស។អ្នកស្រីបន្ថែមទៀតថាដំរីខ្មែររៃអាវត្តាអភិរក្សនាពេលបច្ចុប្បន្នមានតែ៤ក្បាលទេ  គឺដំរីធំ​ពេញវ័យ៣ក្បាល ដំរីកូនញី១ក្បាល និងថ្មីៗនេះយើងបានព្យាយាមបង្កាត់ពូជរយៈពេល២ខែកន្លះ មកហើយនឹង​យើងសង្ឃឹម និងមានលទ្ធវិជ្ជមាន តែបើមិនបានជោគជ័យ យើងនឹងធ្វើបន្ដទៀតរហូតទទួលបានលទ្ធផល។អ្នកស្រីប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា បានសំណូមពរឲ្យសប្បុរសជន​បន្ដជួយអភិរក្សដល់ដំរីខ្មែរ​ជាបន្ដទៀត ព្រោះថាដំរីស្រុកនៅកម្ពុជាមានចំនួនតិចតួចត្រូវការជាបន្ទាន់ដើម្បីបង្កាត់ពូជដំរី កុំឲ្យដំរីស្រុកផុតពូជ តាមរយៈការបរិច្ចាគថវិការតាមលទ្ធភាពដែលបងប្អូនអាចធ្វើបាន។

 ឯកឧត្តមព្រំ សុខា រដ្ឋមន្រ្ដីក្រសួងមុខងារសារធារណៈ ដែលបានអញ្ជើញជាអធិបតីដោយផ្ទាល់​​កម្ម​វិធីរាត្រី សមោលសររៃអង្គាសថវិកាជួយដល់មូលនិធិអភិរក្សដំរីខ្មែររៃអាវត្តា នោះមានប្រសាសន៍​ថាលោក​បានជួបលោក ស្រីចិន្ដា ក្លេ ខៃ និងស្វាមីនៅខេត្តក្រចេះហើយបានផ្សារភ្ជាប់ជាមួយរៃអាវត្តារហូតមក។ឯកឧត្តម​មាន​បន្ថែមថា ដំរីខុសអស់សត្វផងព្រោះចេះយំ អាចរស់នៅជាមួយមនុស្សបាន នឹងអាចធ្វើកិច្ចការដែល​មនុស្ស​មិនអាចធ្វើបាន ហើយញាណរបស់ដំរីអាចនាំមនុស្សដើរកាត់ព្រៃបាន ឆ្លងភ្នំជាដើម ហើយេកឧត្តមក៍ធ្លាប់ជិះ​ដំរីឡើងភ្នំបាក់ខែង ផងដែរ។លោករដ្ឋមន្រ្ដីថែមទាំងបានសូត្រមេសូត្រដ៍ខ្លីដែលលោកបានចង​ចាំកាលលោក​នៅវ័យ​កុមារដែរ គឺ ”ដំរីធំណាស់”ជូនភ្ញៀវទស្សនាទាំងអស់បានស្ដាប់ទៀតផង។

គេចាប់អារម្មណ៍ថាក្រុមសម្លៀកបំពាក់សហសម័យច្នៃ Cambodia Super Model ដែលបានបង្ហាញឈុត​សម្លៀកបំ ពាក់ហាងកាត់ដេដាណាម៉ា នោះមានដូចជាលោកញ៉ែម សុគន្ធ,ចន ច័ន្ទតារា,ប៊ើរី ,សម្បើមស័ក្ក,អ៊ុន សិទ្ធា, …,កញ្ញាសោម ស្រីនាថ ,ទេពី ,រ៉េត សារីតា ,វ៉ាន់ វរល័ក្ខ,អ៊ឹង និមល ,រ៉ានូ ,ស្រីម៉ៅ និងសារ៉ាយ សក្ខិណា ជាដើមដែល​មានអ្នកគាំទ្រនិងតាមដានដោយជក់ចិត្តជាមួយឈុតបុរាណ,ប្រពៃណីដ៍ស្រស់ស្អាតទាំងនោះ។ចំណែក​ក្រុម​សិល្បៈSilver Belle ,ក្រុមសម្ដែងក្បាច់គុណល្បុក្កតោ ,តារាចម្រៀងលោកSai និងការច្រៀងរួមគ្នាបទ​ខ្មែរជួយខ្មែរ ក៍ទទួលបានសម្លេងគាំទ្រយ៉ាងច្រើនផងដែរនៅរាត្រីនោះផងដែ៕ 

   

RELATED ARTICLES