Saturday, July 19, 2025
Homeសន្ដិសុខសង្គមភ្លើងឆេះរោងចក្រ បាញ់ទឹកអស់ ៧៩ឡាន

ភ្លើងឆេះរោងចក្រ បាញ់ទឹកអស់ ៧៩ឡាន

ភ្នំពេញ ៖ រោងចក្រកែច្នៃសម្ភារៈប្រើប្រាស់អំពីស្បែកសត្វមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោ សន្ធៅទាំងយប់ ដោយពុំទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ បណ្តាលឱ្យរងការខូចខាតជាង៣០ភាគរយ និងត្រូវបានសមត្ថកិច្ចជំនាញ ចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ដោយប្រើរថយន្តប្រមាណជាង ២០គ្រឿង និង ប្រើទឹកអស់ប្រមាណ ៧៩ឡាន ទើបភ្លើងបានរលត់ទៅវិញទាំងស្រុង។

ហេតុការណ៍អគ្គិភ័យខាងលើ បានកើតឡើង កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣ នៅចំណុចរោងចក្រ CIPLE មានទីតាំងស្ថិតនៅក្នុងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។រោងចក្រដែលរងការឆាបឆេះ ជារោងចក្រផលិតកែច្នៃសម្ភារៈប្រើប្រាស់ពីស្បែកសត្វ មានទំហំ១៥ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ជាប្រភេទសំណង់ដែក ប្រក់ដំបូលស័ង្កសី មានម្ចាស់ឈ្មោះ SHI SHANGHONG ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន។

នៅក្នុងហេតុការណ៍នេះ ពុំបានបណ្តាលឱ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ចំណែក មូលហេតុនៃការឆាបឆេះ នៅពុំទាន់ដឹងនៅឡើយដែរ កំពុងស្ថិតនៅក្នុងការស្រាវជ្រាវ។

តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ការឆាបឆេះរោងចក្រខាងលើនេះ បណ្តាលឱ្យរងការខូចខាតជាង ៣០ភាគរយ ប៉ុន្តែនៅពុំទាន់ដឹងថា ការខាតបង់គិតជាប្រាក់អស់ប៉ុន្មាននៅឡើយទេ។

ក្នុងហេតុការណ៍អគ្គិភ័យនេះ សមត្ថកិច្ចជំនាញ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ចេញអន្តរាគមន៍ ពន្លត់ភ្លាមៗ ដែលក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការ-សង្គ្រោះ និងពន្លត់អគ្គិភ័យ ចំនួន១៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៦៨រថយន្ត ស្មើនឹង២៧២ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់កងពល តូចលេខ៧០ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង ១៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ១គ្រឿង ប្រើប្រាស់ទឹកចំនួន ២រថយន្ត ស្មើនឹង ១២ ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់ទីក្រុងកោះនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង ១៦ម៉ែត្រគូប។ រថយន្តពន្លត់អគ្គិភ័យរបស់បុរីប៉េងហួត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤រថយន្ត ស្មើនឹង ១៦ម៉ែត្រគូប ដោយភ្លើងបានរលត់ទៅវិញទាំងស្រុង នៅវេលាទៀបភ្លឺ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣៕

RELATED ARTICLES