Tuesday, November 19, 2024
Homeតារាខ្មែរព្រាប សុវត្ថិ ៖ចេញពីហង្សមាស៣ឆ្នាំ ប្រែប្រួល អ្វីខ្លះ?

ព្រាប សុវត្ថិ ៖ចេញពីហង្សមាស៣ឆ្នាំ ប្រែប្រួល អ្វីខ្លះ?

ភ្នំពេញ៖លោកព្រាប សុវត្ថិ គម្រប់ខួបរយៈពេល៣ឆ្នាំគត់នៅខែសីហា ឆ្នាំ២០២៣ នេះនៃការដើរ​ចេញពីហង្ស​មាសចូលGalaxy បន្ទាប់ពីលោកបានរួមរស់ជាមួយហង្សមាសរយៈពេល២៣ ឆ្នាំ​(១៩៩៧-២០២០)។អ្នកគាំទ្រព្រាប សុវត្ថិ មានការលើកឡើងខុសៗគ្នាជុំវិញការ​ទៅដល់ទ្រនុំ​ថ្មី​របស់ព្រាប សុវត្ថិ ដោយខ្លះយល់ថាលោកសុវត្ថិ មិន​មានបទចម្រៀងល្បីៗខ្លាំង​ដូចកាល​នៅ​ហង្សមាសនោះទេ ខណៈដែលខ្លះទៀតថាជាជម្រើស​ល្អរបស់​តារាវ័យ​៤៨ឆ្នាំ រូបនេះដែល​តាំង​ពី​មកដល់ផលិតកម្មថ្មីលោកឈប់ច្រៀងចម្រៀងចម្លងពីចិន និងថៃ ដូចមុនទៀតហើយ។​ប៉ុន្ដែ​សំ​ណួរ​ដែល​មហាជនចង់ដឹងថាតើរយៈពេល៣ឆ្នាំរបស់លោកព្រាប សុវត្ថិ ដែលជ្រក​នៅ​Galaxy នេះ​​លោក​ចុះ​ខ្សោយជាងកាលច្រៀងនៅហង្សមាស ,នៅទ្រឹង ឬមួយខ្លាំងជាងមុន?

 អតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានប្រាប់អ្នកយកព័តមានយើង​តាមទូរ​ស័ព្ទ​កាលពីរសៀលថ្ងៃទី១៥ សីហា ថាទីផ្សារ​ចម្រៀង​ព្រាប សុវត្ថិ គ្មានការប្រែប្រួលច្រើនទេ​តាំងពីចេញពីហង្សមាសមកGalaxy ៣ឆ្នាំនេះ។តែលោកថាអ្វី​ដែល​ព្រាប សុវត្ថិ ប្រែប្រួល​តាំង​ពីទៅផលិតកម្មថ្មីនោះគឺលោកគិតតែពីរឿងរកស៊ីច្រើនជាងមុន ហើយមិនសូវមានទំនាក់​ទំនង​ជាមួយសិល្បករជាទូទៅច្រើនដូចកាលច្រៀងនៅហង្សមាសឡើយ។លោកនូ ស៊ឹប ថាដោយ​សារ​តែព្រាប សុវត្ថិ លែងបុកទីផ្សារចម្រៀងដូចមុន ឬបញ្ចេញ​សម្ថ​ភាពមិនអស់បែបនេះ ហើយ​ទើប​លោក​​មិនអាចនិយាយបានថាព្រាប សុវត្ថិ ខ្លាំង ឬខ្សោយ​ជាង​​មុនបានទេ តែអាចនិ​យាយ​បានថាគ្មានការ​ប្រែ​ប្រួល​។

 ព្រាប សុវត្ថិ នៅសល់ពេល២ឆ្នាំទៀតជាមួយGalaxy  ពោលគឺនៅឆ្នាំ២០២៥ ទើប​លោក​ចប់កុងត្រាតំណាក់​កាលទី១ជាមួយផលិតកម្មមួយនេះក្នុងរយៈពេល៥ឆ្នាំ ខណៈដែល​តាមព័តមានថាផលិតកម្មថ្មីតែហ៊ាន​ចាយ​លុយធំនេះចង់បន្ដចំនួនកុងត្រាថ្មីដល់លោកសុវត្ថិ ១០ឆ្នាំ​ថែមទៀតពោលគឺដល់ឆ្នាំ ២០៣៥ ឯណ្ណោះ ដែល​ពេលនោះលោកសុវត្ថិ មានអាយុ​៥៨ឆ្នាំ ។មតិខ្លះបានលើកឡើងថាបើព្រាប សុវត្ថិ នៅតែរយាលៗពីការចេញ​បទចម្រៀង​បែបនេះ​ទៀត​នោះនឹងត្រូវ”រលកក្រោយ ច្រានរលកមុន”ជាមិនខាន” តែខ្លះទៀតយល់ថា​ពេល​នេះ​លោក​សុវត្ថិ ក្លាយទៅជាឧកញ៉ាទៅហើយ ហេតុនេះ មិនអាចផ្ដោតតែលើអាជីពចម្រៀងតែ​មួយ​ច្រកដូចមុន​បានទេ គឺត្រូតែពង្រឹងលើការធ្វើជំនួញទើបអាចពង្រីកទ្រព្យបានថែមទៀត។

 លោកនូ ស៊ឹប បន្ថែមថាធម្មតាទេកាលណាមានលុយគេត្រូវតែធ្វើជំនួញអីចឹងហើយ ព្រោះអាជីពចម្រៀងទោះ​ជាល្បីដូចព្រាប សុវត្ថិ បានតម្លៃខ្លួនខ្ពស់មែន តែមិនមែនបានលុយ​នោះ​មក​ទាំង​ដុលទេ គឺពេលខ្លះផលិត​កម្ម​ក៍គេដកខ្លះដែរ ។លោកថាថ្មីៗនេះឃើញព្រាប សុ​វត្ថិ ធ្វើពិធីមួយប្រគល់ប្លង់ដីធ្លីទៅអតិថនគាត់ អីចឹងបញ្ជាក់ថា​គេ​គិត​គូរឿងរកស៊ីហ្នឹង​ច្រើនជាង​បទចម្រៀង ស្របពេលដែលរូបលោកតាំងពីលោកសុវត្ថិ ឡើងជាឧកញ៉ា​មក​មិនដែល​បានជួប​គ្នា​ផ្ទាល់ដូចមុននោះទេ។

ថ្វីត្បិតតែលោកនូ ស៊ឹប ថាលោកព្រាប សុវត្ថិ តាំងពីទៅច្រៀងនៅGalaxy មកងាកមក​វាយ​លុកធ្វើជំនួញច្រើនជាង​កាលនៅហង្សមាសក្ដី ប៉ុន្ដែក្នុងជំនួបកន្លងមកលោកសុវត្ថិ បាន​អះ​អាងថាក្រោយទទួលបានគោរម្យងារជាឧកញ៉ា​នេះមកលោកគិតទៅលើការរកស៊ី និងអាជីព​ចម្រៀងស្មើគ្នា មិនអាចព្រលែងមួយណាបានទេ។លោកសុវត្ថិ ថែម​ទាំងថាបើមិនរកស៊ី ឬធ្វើជំ​នួញទេ អត់ទៅមុខឡើយ។

 សូមបញ្ជាក់ថាព្រាប សុវត្ថិ នៅតែជាតួឯករបស់Galaxy បើទោះជាគូប្រជែងចាស់​របស់​លោកគឺលោកខែម ប៊ុនថៃ ទៅរួមទ្រនុំប៉ៈគ្នាជាលើកទី២ក្ដី តែថៅកែមិនហ៊ានមើលរំលង​លោក​ឡើយ។​មជ្ឈដ្ឋាន​មហាជនលើកឡើងថា​ទោះ​ជាពេលនេះព្រាប សុវត្ថិ លែងច្រៀងក៍លោកមិន​ប្រឈមហានិ​ភ័យ​ដែរ ព្រោះកាលពីខែកញ្ញា ឆ្នាំ២០២០  ទីប្រឹក្សារ​របស់លោកធ្លាប់ទម្លាយ​ប្រាប់​​​អ្នកកាសែត​ថាលោកសុវត្ថិ សល់ទ្រព្យខ្ទង់៣០លានដុល្លារ ពីការចាប់អាជីពចម្រៀង​រយៈ​ពេល​​ជាង២០ឆ្នាំ​។ក្រៅពីត្រូវបានគេចាត់ទុកថាជាតារាចម្រៀង​ដែលល្បីល្បាញបានយូឆ្នាំ​ជាង​គេនោះលោក​សុវត្ថិ ក៍ជាមន្រ្ដីក្នុងជូររាជការមានក្របខណ្ឌនៅក្រសួងការពារជាតិ​ដែលបច្ចុ​ប្បន្ន​​​លោកមានឋានន្ដរស័ក្កជាជាវីរៈ​សេនីឯក និងជានាយរងការិយាល័យទី៥នៃ​កងទ័ព្ទ​ជើងគោក។Fan របស់លោកព្រាប សុវត្ថិ ចង់ឃើញលោកឧក​ញ៉ា​រូបនេះចេញ​បទខ្លាំងៗដូច​មុន និងមានដៃគូដ៍សាកសមជាមួយលោក ព្រោះពេលនេះលោកឆ្លង​ឆ្លើយតែជា​មួយ​នាងតន់ ច័ន្ទសីម៉ា ម្នាក់ ហើយអ្នកនិយមចម្រៀងលោកនៅតែស្ដាប់បទចាស់ៗ​ជាងបទ​ថ្មីៗ៕

RELATED ARTICLES