ភ្នំពេញ ៖ កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ (Miss Grand Cambodia2022) កញ្ញា ពេជ្រ វត្តីសារាវឌី ត្រូវបានបុរសម្នាក់ អះអាងថាជាបងប្រុស រិះគន់ថា បានល្បី ចោលម៉ែ ខណ:ពេលនេះ ម្តាយកំពុងឈឺធ្ងន់ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។
បុរសដែលអះអាងថា ត្រូវជាបងប្រុសរបស់កញ្ញា ពេជ្រ វត្តីសារាវឌី នោះ បានបង្ហោះរូបថតវត្តី កាលនៅតូច ជាមួយខ្លួន និងម្តាយ រួមជាមួយឃ្លីបវីដេអូមួយ ក្នុងគណនីហ្វេសប៊ុក របស់ខ្លួន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ជាមួយសំណេរថា “បងសរសើរប្អូន អត់ទាន់ល្បី ទាក់ទងជាមួយម្ដាយរហូត ដល់ពេលល្បី បិទម្ដាយចោល ម្ដាយអត់ចង់អីបានអីក្រៅពីសេចក្តីស្រឡាញ់កូននោះទេ សូមបកស្រាយឡើងវិញ ឲ្យម្ដាយស្លាប់ទៅបិទភ្នែកជិតផង.? សាក្សីមានច្រើនណាស់ បើសិនជាប្អូនកុំបកស្រាយបែបខុសអ៊ីចឹង គេមិនខ្វល់ពីប្អូនឡើយ តែសូមឱ្យកុំវ៉ៃប្រហារម្ដាយ ទាំងម្ដាយកំពុងសង្គ្រោះបន្ទាន់ ម្តាយដែលជាម្តាយបង្កើត មក DNA ឥឡូវក៏បានដែរ.. ប្អូនស្រីពេជ្រ។ ឥឡូវម្ដាយនៅរស់ទេ កំពុងនៅក្នុងមន្ទីរពេទ្យ..”។
ជុំវិញការលើកឡើងរិះគន់របស់បុរសជាបងប្រុសខាងលើនេះ «នគរធំ» មិនអាចទាក់ទងសុំការបកស្រាយបំភ្លឺ ឆ្លើយតប ពីកញ្ញា ពេជ្រ វត្តីសារាវឌី បានទេ កាលពីល្ងាចម្សិលមិញ ហើយគិតត្រឹមល្ងាចថ្ងៃដដែល ក៏មិនទាន់មានការបកស្រាយបំភ្លឺ ឆ្លើយតបពីកញ្ញា ពេជ្រ វត្តីសារាវឌី តាមទំព័របណ្តាញសង្គម របស់នាងនៅឡើយ។ ដូច្នេះមិនដឹងថា មានបញ្ហាអ្វីក្នុងសង្គមគ្រួសារនាងទេ គឺមានតែសាមីខ្លួន និងអ្នកពាក់ព័ន្ធទេ ទើបដឹងច្បាស់ មិនខុសពីពាក្យថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» នោះទេ។
គួរបញ្ជាក់ថា ការរិះគន់របស់បុរសដែលអះអាថាជាបងប្រុសរបស់កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីកញ្ញា ពេជ្រ វត្តីសារាវឌី បាននិយាយក្នុងឃ្លីបវីដេអូមួយថា ពីក្មេង នៅពេលគេជេរម៉ែនាង នាងតែងឆ្លើយតបទៅគេវិញថា នាងអត់មានម៉ែផង អត់ឈឺ ។ ប៉ុន្តែនាងបញ្ជាក់ថា ការឆ្លើយបែបនេះ ដោយសារនាងនៅក្មេង អត់ដឹងអី ចេះតែឆ្លើយឲ្យតែរួចពីមាត់ទៅ។
កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២២ រូបនេះ បាននិយាយក្នុងឃ្លីបវីដេអូនោះថា «កាលពីក្មេង នៅពេលគេជេរម៉ែខ្ញុំណា ដឹងថាខ្ញុំឆ្លើយទៅគេវិញម៉េចអត់? អត់មានម៉ែផង អត់ឈឺ ខ្ញុំប្រាប់គេអ៊ីចឹង របៀបថាយើងនៅក្មេង យើងអត់ដឹងអី យើងចេះតែឆ្លើយឲ្យតែរួចពីមាត់ ហើយខ្ញុំអត់ដឹងថាខ្ញុំកើតអីទេ កាលពីមុននៅពេលគេហៅខ្ញុំថា សត្វកវែង ទង់ព្រលឹង អីអ៊ីចឹងទៅណា ដល់ហើយខ្ញុំស្រឡាញ់សត្វដែរ ដល់អ៊ីចឹង ខ្ញុំអត់មានអារំ្មណ៍ថាឈឺទេ នៅពេលគេដៀលខ្ញុំដូចសត្វ ដូចឆ្កែអីអ៊ីចឹងៗ ខ្ញុំមានអារម្មណ៍ថា Feel good មានអារម្មណ៍ល្អ ខ្ញុំអត់មានអារម្មណ៍ថាឈឺចាប់ទឹកភ្នែកទឹកសំបោរអីទេ នៅពេលគេប៊ូលីខ្ញុំ ពីក្មេងគេថាខ្ញុំអាក្រក់អី ដូចថាមនុស្សខ្ញុំជឿជាក់លើខ្លួនឯងមកតាំងពីក្មេង ដូចថាមុខក្រាស់…»៕ ខៀវទុំ