រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចចម្រុះបានបើកប្រតិបត្តិការចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេស តាមបណ្តាហាងកាហ្វេ និងផ្ទះជួល នៅតាមបណ្តោយផ្លូវលេខ៩០ ស្ថិតក្នុងភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ប្រុស-ស្រី១១នាក់ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថា ដោយយោងទៅតាមបទបញ្ជាពីលោកនាយឧត្តមសេនីយ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ធ្វើយ៉ាងណា អនុវត្តច្បាប់អន្តោប្រវេសន៍របស់យើង ឲ្យមានប្រសិទ្ធភាពខ្ពស់ កម្លាំងរបស់លោកតែងតែបានចុះអនុវត្តទៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេស ដោយបានធ្វើឡើងរាល់ទីតាំងស្នាក់នៅ និងបំពេញការងាររបស់ជនបរទេស គ្រប់សញ្ជាតិទាំងអស់ និងតែងតែបានធ្វើការឃាត់ខ្លួន និងបណ្តេញចេញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញជាបន្តបន្ទាប់ផងដែរ ។
លោកបានប្រាប់បន្តទៀតថា ជាក់ស្តែងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ កម្លាំងរបស់លោក បានធ្វើការសហការជាមួយនឹងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍រាជធានីភ្នំពេញ ដោយមានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេស នៅតាមបណ្តាហាងកាហ្វេ ផ្ទះជួលមួយចំនួន នៅក្នុងសង្កាត់ស្រះចក ក្នុងខណ្ឌដូនពេញ ហើយបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម ប្រុស-ស្រី សរុបចំនួន១១នាក់នាក់ ក្នុងនោះមានស្រី៧នាក់ ដែលបានកំពុងតែលួចចូលមកស្នាក់នៅ និងបំពេញការងារដោយគ្មានលិខិតស្នាមអ្វីទាំងអស់ ហើយពួកគេក៏ប្រឈមទៅនឹងការអនុវត្តច្បាប់ ដោយរង់ចាំធ្វើការបណ្តេញចេញផងដែរ ។
ក្រោយពីប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និងបំពេញការងាររបស់ជនបរទេសនេះដែរ ក្រុមជនជាតិវៀតណាម ប្រុស-ស្រីទាំង១១ ត្រូវបានធ្វើការឃាត់ខ្លួនយកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីរង់ចាត់ការទៅតាមនីតិវិធីច្បាប់ជាបន្តទៅទៀត ៕