Tuesday, December 24, 2024
Homeព័ត៌មានជាតិកម្លាំងអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ តាមហាងកាហ្វេ

កម្លាំងអន្តោប្រវេសន៍ ឃាត់ខ្លួនជនជាតិវៀតណាម១១នាក់ តាមហាងកាហ្វេ

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​២និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៧ សមត្ថកិច្ច​ចម្រុះ​បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស តាម​បណ្តា​ហាង​កាហ្វេ និង​ផ្ទះ​ជួល​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៩០ ស្ថិត​ក្នុងភូមិ​១២ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ដោយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ​ប្រុស​-​ស្រី​១១​នាក់ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បានឱ្យ​ដឹង​ថា ដោយ​យោង​ទៅ​តាម​បទបញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ សុខ ផល អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ ធ្វើ​យ៉ាងណា​ អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​យើង ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ កម្លាំង​របស់​លោក​តែងតែបាន​ចុះ​អនុវត្ត​ទៅ​តាម​បណ្តា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ដោយ​បាន​ធ្វើ​ឡើង​រាល់​ទីតាំង​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស ​គ្រប់​សញ្ជាតិ​ទាំងអស់ និង​តែងតែបាន​ធ្វើការ​ឃាត់ខ្លួន និង​បណ្តេញចេញ​ទៅ​កាន់​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ​ជា​បន្តបន្ទាប់​ផង​ដែរ ។

លោក​បាន​ប្រាប់​បន្ត​ទៀត​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០១៧ កម្លាំង​របស់​លោក​ បាន​ធ្វើការ​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​អំពី​សំណាក់​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស ​នៅ​តាម​បណ្តា​ហាង​កាហ្វេ ផ្ទះ​ជួលមួយ​ចំនួន ​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ក្នុង​ខណ្ឌដូនពេញ ហើយ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម ​ប្រុស​-​ស្រី​ សរុប​ចំនួន​១១​នាក់​នាក់ ក្នុង​នោះ​មាន​ស្រី​៧​នាក់ ដែល​បាន​កំពុង​តែ​លួច​ចូល​មក​ស្នាក់​នៅ និង​បំពេញការងារ​ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​ទាំងអស់ ហើយ​ពួក​គេ​ក៏​ប្រឈម​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​ ដោយ​រង់ចាំ​ធ្វើការ​បណ្តេញចេញ​ផង​ដែរ ។

ក្រោយ​ពី​ប្រតិបត្តិការ​ត្រួតពិនិត្យ​ការ​ស្នាក់​នៅ និង​បំពេញការងារ​របស់​ជនបរទេស​នេះ​ដែរ ក្រុម​ជនជាតិ​វៀតណាម ​ប្រុស​-​ស្រី​ទាំង​១១ ត្រូវ​បាន​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ ដែល​មា​នទី​តាំងនៅ​ទល់មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដើម្បី​រង់​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

RELATED ARTICLES