Sunday, November 24, 2024
Homeនយោបាយបក្សកាន់អំណាច ប្រតិកម្មនឹងកូនចៅសម រង្ស៊ី កាត់តរូបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

បក្សកាន់អំណាច ប្រតិកម្មនឹងកូនចៅសម រង្ស៊ី កាត់តរូបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

ភ្នំពេញ ៖ បក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) បានប្រតិកម្មទៅនឹងសកម្មជនអតីតបក្សប្រឆាំង (អតីត គណបក្សសង្រ្គោះជាតិ) នៅក្រៅប្រទេស ជាកូនចៅលោកសម រង្ស៊ី អតីតមេបក្សប្រឆាំង ដែលបានកាត់ត រូបថត លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយកាត់ចេញនូវព្រះឆាយាល័ក្ខណ៍ ព្រះមហាក្សត្រ ដាក់រូបថតលោកហូ ជីមិញ មេដឹកនាំវៀតណាម ជំនួសវិញ ដើម្បីលាបពណ៌ ប្រមាថកិត្តិយស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា វ័យក្មេងរូបនេះ ដែលទើបតែបានចូលកាន់តំណែង បន្តវេនពីសម្ដេចហ៊ុន សែន អតីត នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាឪពុក ។

 លោកបណ្ឌិត ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ថា ក្រុមប្រឆាំង អស់ផ្លូវដើរហើយ មិនដឹងមានវិធីអ្វីយកឈ្នះគណបក្សកាន់អំណាច មាន តែវិធីកាត់តរូបភាព បែបប្រមាថ ជាន់ឈ្លីកិត្តិយស ឬវាយប្រហារនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលជាឈាម ថ្មីរបស់គណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែលោកថា ក្រុមប្រឆាំង អាចធ្វើសកម្មភាពល្មើសច្បាប់នេះបាន ដោយ សារតែអាងខ្លួននៅក្រៅប្រទេស បើសិនជាមានវត្តមាននៅក្នុងស្រុក មិនអាចរួចខ្លួនបានទេ គឺនឹងត្រូវប្រឈមនឹង ផ្លូវច្បាប់ហើយ ។

 លោកបណ្ឌិត ឈឹម ផលវរុណ បានមានប្រសាសន៍ថា “ចំពោះចរិតរបស់ក្រុមនិន្នាការប្រឆាំង ដែលធ្វើបែបនេះ ជាការបង្ហាញថា ខ្លួនអស់ផ្លូវដើរ គឺទាល់ច្រក ចំពោះអ្វីផ្សេង ទាល់គំនិត មិនដឹងធ្វើអ្វី គឺមានតែការបំភ្លៃរូបភាព កាត់តរូបភាព ដើម្បីមួលបង្កាច់ការពិត ចំពោះឥស្សរភាពនៃអ្នកដឹកនាំជំនាន់ថ្មី របស់គណបក្សប្រជាជនកម្ពុជា ។ ប៉ុន្តែសំខាន់នៅត្រង់ប្រជាពលរដ្ឋខ្មែរ គេអស់ជំនឿហើយ ព្រោះទិដ្ឋភាពអស់នេះ គឺជាទិដ្ឋភាពទុរយសរបស់ក្រុម និន្នាការប្រឆាំង ដែលប្រើជម្រើសដែលខ្លួនលែងមានគំនិតអ្វីក្នុងការប្រកួតប្រជែង តតាំងលើបរិបទនៃការ អភិវឌ្ឍ ប្រទេស គឺមានតែវិធីមួលបង្កាច់ និងកែច្នៃរូបភាពតែប៉ុណ្ណោះ ។ ករណីនេះ ជាគោលការណ៍ច្បាប់ គឺកាលណា មួលបង្កាច់ក្នុងកម្រិតបែបនេះ គឺសុទ្ធតែជាបទល្មើសដែលត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ហើយ ហើយនៅ ត្រង់ថា តើចំណាត់ការរបស់សមត្ថកិច្ចចំពោះបុគ្គល គឺយើងអាចរកឃើញថា តើបុគ្គលហ្នឹងនៅទីណា? តែបើចំ ពោះបុគ្គលនៅក្រៅប្រទេស យើងមិនជាការងាយក្នុងការអនុវត្តច្បាប់នៅក្រៅប្រទេសទេ អាហ្នឹងវាតែប៉ុណ្ណឹងទេ តែក្នុងការតាមដានរកឲ្យឃើញថា តើអ្នកដែលមួលបង្កាច់ បំភ្លៃរូបភាពហ្នឹង គឺយើងអាចរកឃើញប្រភពដើមបាន ។ ទោះយ៉ាងណា គឺពេលវេលា នឹងផ្ដល់ឲ្យប្រជាពលរដ្ឋខ្មែរ មើលឃើញថា នីតិកាលថ្មី ដែលជានីតិកាលភ្ជាប់ ជាមួយនឹងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជានីតិកាលនៃការប្ដូរជំនាន់របស់ថ្នាក់ដឹក នាំនៃគណបក្សប្រជាជន កម្ពុជា គឺពេលហ្នឹង ប្រជាពលរដ្ឋ នឹងអាចធ្វើការវាយតម្លៃបានថា តើគណបក្សប្រជាជនកម្ពុជា បានធ្វើដំណើរ លើផ្លូវត្រូវ ហើយត្រូវនឹងពេលវេលានៃការចាំបាច់ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិ“ ។

 គួរបញ្ជាក់ថា ប្រតិកម្មរបស់អ្នកនាំពាក្យគណបក្សកាន់អំណាច ខាងលើនេះ បានធ្វើឡើង បន្ទាប់មាន សកម្មជន នៃអតីតបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) និងគណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៉ី) នៅក្រៅ ប្រទេស បានយករូបថតរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ១សន្លឹក ដែលលោកបានបង្ហោះក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក កាលពីល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជារូបលោកអង្គុយក្នុងបន្ទប់ធ្វើការ ដែលមានតាំងព្រះឆាយាល័ក្ខណ៍សម្ដេចតា សម្ដេចយាយ និងព្រះមហាក្សត្រ នៅលើជញ្ជាំងពីក្រោយ ភ្ជាប់ជាមួយសំណេរជាភាសាខ្មែរ និងភាសាអង់គ្លេសខ្លីថា “ថ្ងៃទីមួយ នៅក្នុងបន្ទប់ការិ យាល័យធ្វើការថ្មី (First day at the new office.)” ។ ដោយពួកប្រឆាំងទាំងនោះ បានកាត់ព្រះឆាយាល័ក្ខណ៍ព្រះ មហាក្សត្រចេញ ដាក់រូបថតអតីតមេដឹកនាំវៀតណាម លោកហូ ជីមិញ ជំនួសវិញ ជាមួយសំណេរលាបពណ៌ថា នាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជា ដែលធ្វើឲ្យជនរួមជាតិខ្មែរ មានប្រតិកម្ម ថ្កោលទោសពួកប្រឆាំងទាំងនោះ ពេញ បណ្តាញសង្គម។

 សកម្មជនអតីតបក្សប្រឆាំងម្នាក់ (អតីតគណបក្សសង្រ្គោះជាតិ) ឈ្មោះលោកសេង រតនា កំពុងរស់នៅសហ រដ្ឋអាមេរិក ដែលជាអ្នកគាំទ្រលោកសម រង្ស៊ី និងតែងតែធ្វើការរិះគន់វាយប្រហារសម្ដេចហ៊ុន សែន និងថ្នាក់ ដឹកនាំគណបក្សប្រជាជនកម្ពុជា តាមបណ្ដាញសង្គមហ្វេសប៊ុក នោះ បានកាត់តរូបភាពលោកបណ្ឌិតហ៊ុន ម៉ាណែត ​ដូចខាងលើ យកមកបង្ហោះក្នុងគណនីហ្វេសប៊ុក របស់ខ្លួននៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ភ្ជាប់ជាមួយសំណេរលាបពណ៌ថា “ចប់ហើយខ្មែរយើង ហ៊ុន ម៉ាណែត ឡើងតំណែងបានតែពីរថ្ងៃគត់ ចាប់ផ្ដើម តាំងរូបអ្នកមានគុណវាបាត់“ ។

 ចំណែកសកម្មជនអតីតបក្សប្រឆាំង នៅក្រៅប្រទេស ម្នាក់ទៀត បានប្រើគណនីហ្វេសប៊ុក ឈ្មោះ «Johnny Johnny» ក៏បានបង្ហោះរូបភាពកាត់តរូបថតលោកបណ្ឌិត ហ៊ុន ម៉ាណែត ដូចគ្នានឹងលោកសេង រតនា ដែរ ជាមួយសំណេរថា “បងប្អូនខ្មែររយើង ជួយមើលស្អីគេនេះ។ ចុមឡើងបានពីរថ្ងៃ តាំងរូបអ្នកមានគុណវាបាត់“ ។

ទោះបីជាយ៉ាងណា ប្រជាជនខ្មែរទាំងក្នុងនិងក្រៅប្រទេស បានដឹងថា រូបភាពដែលសកម្មជនអតីតបក្សប្រឆាំង ដែលគាំទ្រអតីតមេបក្សប្រឆាំង សម រង្ស៉ី ទាំងនោះ យកមកបង្ហោះនោះ គឺជារូបភាពកាត់ត ឬក្លែងក្លាយ ព្រោះ គេបានឃើញលោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្មី របស់កម្ពុជា បានបង្ហោះក្នុងទំព័រហ្វេសប៊ុក របស់ លោក ជារូបលោកអង្គុយក្នុងបន្ទប់ធ្វើការ ក្នុងតំណែងជានាយករដ្ឋមន្ត្រី អាណត្តិទី៧ នៅថ្ងៃដំបូង ដែលក្នុងរូប នោះ នៅជញ្ជាំងពីក្រោយ មានតាំងព្រះឆាយាល័ក្ខណ៍សម្ដេចតា សម្ដេចយាយ និងព្រះមហាក្សត្រ ។ រូបភាពនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ថ្ងៃទីមួយ នៅក្នុងបន្ទប់ការិយាល័យធ្វើការថ្មី» ដែលលោកបានថត ក្រោយពេលដឹកនាំកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នីតិកាលទី៧ លើកដំបូង៕ កុលបុត្រ

RELATED ARTICLES