ខេត្តព្រះវិហារ៖ស្រីស្អាតមាស សុដាលីន បានគ្រងឈុតនាងមេទ្រីតំណាងឲ្យខេត្តព្រះវិហារ ក្នុងវគ្គបង្ហាញឈុតតំណាងជាតិការប្រកួតបវរកញ្ញាចក្រវាឡ ឆ្នាំ២០២៣ (Miss Universe Cambodia 2023 )កាលពីរាត្រីថ្ងៃទី២៨ សីហា ឆ្នាំ២០២៣ ។កញ្ញាសុដាលីន សម្ដែងជានាងមេទ្រី ក្នុងរឿងបុរាណ”ព្រះវេស្សន្ដជាតក” ដែលនាងវិលមកពីបេះផ្លែឈើវិញបាត់កូនជាលី និងគ្រីស្នា ហើយនាងស្រែកហៅកូនទាំងទឹកភ្នែកដែលបង្ហាញពីទឹកព្រះទ័យម្ដាយចំពោះកូន…ហើយការសម្ដែងរបស់នាងទទួលបានសម្លេងគាំទ្រច្រើនពេញឆាក។
កញ្ញាមាស សុដាលីន បានប្រាប់”នគរធំ”ថានាងបានបញ្ចេញសម្ថភាពអស់ហើយក្នុងវេទិការដ៍អស្ចារ្យមួយនេះ ហើយគ្មានការពិបាកច្រើននោះទេ ព្រោះតែខាងក្រុមការងារ Miss Universe Cambodia បានបង្វឹកយ៉ាងដិតដល់មុនដល់វគ្គត្រូវប្រកួតប្រជែង។សុដាលីន បន្ថែមថាកន្លងមកនាងក៍ធ្លាប់ឆ្លងកាត់ការប្រកួតផ្នែកសម្រស់តាមកម្មវិធីខ្លះដែរហេតុនេះនាងបានយកបទពិសោធន៍ចាស់ដែលខ្លួននាងមានស្រាប់ បូកការងារថ្មីនេះចូលគ្នាទើបនាងមានការជឿរជាក់លើខ្លួនឯងថានឹងឈានទៅប្រជែងមកុដនៅវគ្គផ្ដាច់ព្រ័ត្រឲ្យខាងតែបានជាមិនខាន។នាងបន្ថែមថាក្រៅពីមានការតាំងចិត្តនិងស្រលាញ់ផ្នែកខាងម៉ូដែលនេះ ក្រុមគ្រួសារ និងមិត្តភក្ដិនាងក៍ជម្រុញឲ្យនាងមកប្រកួតវេទិការមួយនេះដែរ ហើយពួកគាត់ជឿរជាក់ថានាងអាចធ្វើបាន។ស្រីស្រស់សុដាលីន ដែលមានអាយុ១៨ឆ្នាំ កម្ពស់១,៦៣ ម៉ែត្រ ទម្ងន់៤៤ គ.ក្រ នោះបង្ហើបថាការឈានចូលប្រកួត Miss Universe Cambodia នេះក៍ជាទុនឬបទពិសោធន៍ មួយសម្រាប់រូបនាងឈានទៅប្រឡូកអាជីពសិល្បៈនាពេលខាងមុខដែរ ព្រោះនាងស្រលាញ់និងចង់អាជីពមួយនេះ។
គូរបញ្ជាក់ថានៅវគ្គបង្ហាញឈុតំណាងជាតិនេះមានបេក្ខនារីប្រកួតសរុបចំនួន៣៥ នាក់ហើយឆ្លងកាត់ការជម្រុះជាច្រើនវគ្គកន្លងមក ការប្រកួតវគ្គផ្ដាច់ព័ត្រ នឹងធ្វើនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។សម្រាប់សុដាលីន ជឿរជាក់ថានាងក៍ដូចជាបេក្ខភាពផ្សេងៗទៀតដែរពោលគឺសុទ្ធតែដាក់ទិសដៅប្រជែងយកមកុដមួយនេះឲ្យបាន៕