ភ្នំពេញ៖បទ”ក្ដាមស្រែ” ដែលជាសំនៀងមរតកដើម និងច្រៀងCover ដោយសុគន្ធ និសា នោះត្រូវបានកូនក្រុមរបស់ពេជ្រ សោភា ធ្វើឲ្យអ្នកទស្សនាផ្ទាល់ក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកThe Voice Cambodia រដូវកាលទី៣ ក្នុងវគ្គLive Show សប្ដាហ៍ទី១នោះមានការចាប់អារម្មណ៍ខ្លាំងព្រោះតែកញ្ញាលឹម សេរីហាន់នីកា បានប្រើបច្ចេកទេសច្រៀង១បទនេះដល់ទៅ៤ចង្វាក់ផ្សេងៗគ្នាគឺRock ,ភ្លេងការ(ស្លូវ),ប៊ុនណារ៉ូ និងហ៊ឺបហប ។
អ្នកជំនាញសិល្បៈបានលើកសរសើរពីសម្ថភាពរបស់លឹម សេរីហាន់នីកា ដែលផ្លាស់ប្ដូរស្ទីលច្រៀងចម្រៀង១បទនេះបានយ៉ាងល្អនាំឲ្យនាងក្លាយទៅជាបេក្ខភាពម្នាក់ដ៍លេចធ្លោប្រចាំវគ្គ Live Show នៅសប្ដាហ៍ទី១នេះ។ប៉ុន្ដែមជ្ឈដ្ឋានមហាជនបានលើកឡើងថាការដែលកញ្ញាសេរីហាន់នីកា ធ្វើបានដោយមិនភ្លាត់បែបនេះដោយសារតែមានមានគ្រូបង្វឹកផ្ទាល់របស់នាងពេជ្រ សោភា និងលោកគ្រូភ្លេងសាន់ សុវណ្ណឌីន ជាអ្នកនៅពីក្រោយខ្នងនៃការកែភ្លេង និងបន្ថែមចង្វាក់ច្រៀងនៅលើចម្រៀងមួយបទនេះតែម្ដង។
ពេជ្រ សោភា បានថ្លែងប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថាកញ្ញាសេរីហាន់នីកា អាចច្រៀងបានគ្រប់ទម្រង់តែម្ដង ហើយពិតជាមានការសហការណ៍ពីលោកគ្រូភ្លេងសាន់ សុវណ្ណឌីន ជួយធ្វើភ្លេងឲ្យ និងនាងជាអ្នកសរសេរប៉ារ៉ូលរ៉េបបញ្ចូលបន្ថែមក្នុងបទនោះមែនដើម្បីឲ្យប្លែក។សោភា ក៍បានសរសើរថាកូនក្រុមនាងធ្វើបានល្អមែន ពីមនុស្សដែលគេអត់ស្គាល់ គេអត់ចាប់អារម្មណ៍ច្រៀង១បទនេះគេស្គាល់និងគាំទ្រច្រើនណាស់។តារាជើងចាស់របស់ហង្សមាសរូបនេះបន្ថែមថាបើសិនជាគ្មានគ្រូភេ្លងសហការណ៍ទេ គឺមិនអាចទៅរួចឡើយ។សោភា ដែលច្រៀងនៅហង្សមាសជិត១៨ឆ្នាំ ទៅហើយនោះថាពេលឃើញសម្ថភាពកូនក្រុមរបស់នាងម្នាក់នេះគឺនាងស្រម៉ៃឃើញខ្លួនឯងកាលនៅពីក្មេងហើយគិតថាកូនក្រុមម្នាក់នេះស្រលាញ់នាងខ្លាំងទើបធ្វើឲ្យដូចកាយវិការនាងតែម្ដង ព្រោះនាងជាគ្រូបង្វឹកបានដឹងថាសេរីហាន់នីកា នេះនាងបង្វឹកយ៉ាងណាគឺទទួលយកបានទាំងអស់ ដែលធ្វើឲ្យនាងសប្បាយចិត្ត។ពេជ្រ សោភា បានរំលឹកអនុស្សាវរីយ៍កាលពី២៤ឆ្នាំមុន ពោលគឺនៅពេលដែលនាងមានអាយុទើបតែ១៦ឆ្នាំនោះថានាងបានទៅប្រលងចម្រៀងនៅកម្មវិធីមួយនៅផាកវ៉េ នាងជាអ្នកតស៊ូ មានក្ដីស្រម៉ៃអត់បោះបង់ ទើបមានថ្ងៃនេះ ដែលពេលខាងមុខនេះនាងនឹងសរសេរបទចម្រៀងឲ្យគេច្រៀងហើយនាងអង្គុយមើលវិញម្ដង។សោភា ថាកូនក្រុមនាងម្នាក់នេះប្ដូរអារម្មណ៍បានល្អ ហើយមិនដែលធ្វើឲ្យនាងឈឺក្បាលក្នុងការហាត់បទចម្រៀងម្ដងណាឡើយ និងថានីកា នឹងមានការបង្ហាញចំណុចពិសេសៗជាច្រើនទៀតប្រសិនបើនាងនៅតែមានឱកាសឈានទៅវគ្គបន្ទាប់។
ក្រៅពីពេជ្រ សោភា ផ្ទាល់ជាអ្នកបង្វឹកលឹម សេរីហាន់នីកា នោះCoach ៣រូបផ្សេងទៀតគឺឱក សុគន្ធកញ្ញា ,ណុប បាយ៉ារិទ្ធ និងឆន សុវណ្ណារាជ ក៍បានសរសើរពីសម្ថភាពរបស់លឹម សេរីហាន់នីកា ថាពិតជាមិនធម្មតាហើយធ្វើបានល្អបំផុតនៅថ្ងៃនោះដែរ។
យ៉ាងណានៅពេលសួរពេជ្រ សោភា ថាតើនាងមានសង្ឃឹមថាការអង្គុយកៅអីជាគ្រូបង្វឹក(coach) The Voice Cambodia រដូវកាលទី៣ នេះសោភា នឹងអាចនាំកូនក្រុមរបស់ខ្លួនលើកពានជាលើកដំបូងដែរឬអត់នោះនាងមិនបានឆ្លើយឲ្យចំនិងសំណួររបស់ធអ្នកយកព័តមានយើងឡើយ គ្រាន់តែថាមានមោទនភាពខ្លាំងដែលមានកូនក្រុមធ្វើបានល្អដូចជានីកា មិនធ្វើឲ្យនាងខកចិត្ត ហើយនឹងបន្ដបង្វឹកកូនក្រុមទាំងអស់របស់ខ្លួនឲ្យមានការវិវត្តន៍បានល្អ និងប្លែកពីមួយវគ្គទៅ១វគ្គថែមទៀត។
គូរបញ្ជាក់ថានៅវគ្គជម្រុះមានតែពេជ្រ សោភា ម្នាក់គត់ដែលចុចបូតុងជ្រើសយកបេក្ខនារីលឹម សេរីហាន់នីកា អាយុ១៦ ឆ្នាំ មកពីខេត្តកំពង់ធំ ឲ្យមានឱកាសឈានទៅវគ្គបន្ដបន្ទាប់រហូតឈានមកដល់វគ្គLive Show សបា្ដហ៍ទី១ ដែលធ្វើឲ្យគ្រូបង្វឹកទាំង៤ និងទស្សនិកជនជាច្រើនបានការភ្ញាក់ផ្អើលចំពោះសម្ថភាពរបស់កញ្ញាសេរីហានីកា ព្រោះមានការវិវត្តន៍ស្ទើតែមិនគូរឲ្យជឿរឡើយក្រោមការបង្វឹករបស់Coach សោភា ត្រឹមតែរយៈពេលខ្លី។គេថាសម្ថភាពរបស់នីកា សាកសមក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកមួយនេះ ហើយបើនាងនៅតែធ្វើបានល្អបែបនេះអទៀតច្បាស់ណាស់ថានាងអាចមានឱកាសឈានទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដើម្បីប្រជែងពានThe Voice Cambodia រដូវកាលទី៣ នេះជាមិនខាន។
គេកត់សម្គាល់ដែរថាក្រៅពីកាន់តំណែងជាគ្រូង្វឹកThe Voice Cambodia ៣រដូវកាលនេះពេជ្រ សោភា ក៍ជាJudge កម្មវិធីBeat The Best រដូវកាលទី១ ផងដែរ ហើយនៅក្នុងវ័យ៤០ឆ្នាំ តែរក្សារសម្រស់បានក្មេងជាងវ័យនេះសោភា នៅតែមានក្ដីសុខជាមួយហង្សមាសគ្មានដំណឹងនៃការចង់ផ្លាស់ប្ដូរទ្រនុំនោះទេ បើទោះបីជាកាលពីខែកញ្ញា ឆ្នាំ២០២០ មានដំណឹងថាផលិតកម្មមួយចង់ទិញនាងក្នុងតម្លៃដល់ទៅ៣០ម៉ឺនដុល្លារ ក្ដី៕