Monday, July 14, 2025
Homeសន្ដិសុខសង្គមស្តារប្រឡាយ ប្រទះគ្រាប់កាំភ្លើង១១គ្រាប់

ស្តារប្រឡាយ ប្រទះគ្រាប់កាំភ្លើង១១គ្រាប់

ខេត្តបាត់ដំបង ៖ គ្រាប់កាំភ្លើងធុនធ្ងន់ចម្រុះ ចំនួន១១គ្រាប់ ត្រូវបានក្រុមកម្មករជីកស្តារប្រឡាយទឹកស្អុយ ប្រទះឃើញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀល ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុច ភូមិអញ្ចាញ ស្ថិតក្នុងសង្កាត់អូរចារ ក្រុងបាត់ដំបង។

តាមប្រភពីសមត្ថកិច្ច បានឱ្យដឹងថា គ្រាប់យុទ្ធភណ្ឌទាំងនេះ មានស្ថានភាពច្រែះចាប់អស់ទៅហើយតែវា អាចបង្កគ្រោះថ្នាក់បាន ប្រសិនបើយកវាទៅដំ ឬបោះលេង ដោយមិនបានចាប់អារម្មណ៍។ កាកសំណល់សង្គ្រាមទាំងនោះ ទំនងត្រូវគេបោះចូលប្រឡាយតាំងពីយូរណាស់មកហើយ តែពុំមានអ្នកដឹង ឬប្រទះឃើញពីមុនមក។ លុះនៅពេលនេះ ពេលដែលក្រុមកម្មករចុះជីកស្តារប្រឡាយរំដោះទឹកស្អុយ ស្រាប់ តែប្រទះឃើញ ធ្វើឱ្យក្រុមកម្មករភ័យលស់ព្រលឹង និងបានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្តង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា គ្រាប់កាំភ្លើងច្រែះចាប់ទាំងអស់នោះ រួមមាន ១-គ្រាប់ DK-75mm ចំនួន០២គ្រាប់។ ២-គ្រាប់កាំភ្លើងត្បាល់ធុន 82mm ចំនួន២គ្រាប់។ ៣-គ្រាប់កាំភ្លើងត្បាល់ធុន 81mm ចំនួន២គ្រាប់។ ៤-គ្រាប់កាំភ្លើងប្លោងធុន 76mm ចំនួន២គ្រាប់។ ៥-គ្រាប់មីនធុន PNN ចំនួន១គ្រាប់។ ៦-ក្បាលគ្រាប់កាំភ្លើងត្បាល់ធុន 120mm ចំនួន១គ្រាប់ និង៧-គ្រាប់រ៉ុកកែត ធុន 72mm ចំនួន១គ្រាប់។

អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ថា កាកសំណល់សង្គ្រាមទាំងនេះ អាចត្រូវគេបោះចោលក្នុង ចន្លោះអំឡុងទស វត្សឆ្នាំ១៩៨០-១៩៩០ ព្រោះកាលពីអំឡុងពេលនោះ នៅម្តុំនោះក៏ជាកន្លែងបន្ទាយទាហានផងដែរ។ ម៉្យាងទៀត នៅក្បែរនោះក៏ជាទីតាំងឃ្លាំងស្តុកគ្រាប់កាំភ្លើងដ៏ធំមួយដែរ ដូច្នេះហើយទើបមានគ្រាប់សេសសល់បោះចោល រប៉ាត់រប៉ាយបែបនេះ។

យ៉ាងណា ក្រោយពីប្រមូលគ្រាប់ទាំងនោះអស់ពីក្នុងប្រឡាយហើយ ក្រុមមន្ត្រីជំនាញស៊ីម៉ាក់ ក៏បានចុះមក ប្រមូលយកគ្រាប់ទាំងនោះ  ទៅរក្សាទុក ដើម្បីយកទៅបំផ្លាញចោល នៅពេលក្រោយ៕

RELATED ARTICLES