Sunday, July 13, 2025
Homeសន្ដិសុខសង្គម ខឹងប្តីលួចមានស្រី ប្រពន្ធកាប់៣ប៉័ងតោ

 ខឹងប្តីលួចមានស្រី ប្រពន្ធកាប់៣ប៉័ងតោ

ខេត្តប៉ៃលិន ៖ ប្តីប្រពន្ធ មួយគូ រស់នៅមិនសូវចុះសម្រុងនឹងគ្នា ដោយមូលហេតុបុរសជាប្តីវ័យចំណាស់ ខិលខូចលួចមានស្រីញី ធ្វើបាបចិត្តប្រពន្ធ រហូតដល់ចុងក្រោយកើតជាជម្លោះ និងឈានដល់អំពើហិង្សា ដោយស្ត្រីជាប្រពន្ធ បានទាញកាំបិតប៉័ងតោ កាប់ប្តី ៣កាំបិត រហូតដល់ស្លាប់នៅលើគ្រែដេក រួចហើយ ស្ត្រីជាប្រពន្ធ បានទៅសារភាពកំហុស នៅស្នងការដ្ឋាននគរបាល។

ករណីឃាតកម្ម ប្រពន្ធកាប់ប្តីស្លាប់នេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

ជនរងគ្រោះជាប្តី ដែលត្រូវប្រពន្ធកាប់ស្លាប់ មានឈ្មោះសេង គឹមចេង អាយុ៧០ឆ្នាំ មានស្នាមរបួសផុងលលា ដ៍ក្បាល។ ចំណែកស្ត្រីដៃដល់ជាប្រពន្ធ មានឈ្មោះចេង ចាន់ថា អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ។ ប្តីប្រពន្ធទាំងពីរ មានលំនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការកាប់ប្រហារទៅលើបុរសជាប្តីខាងលើនេះ គឺទាំង២ នាក់ប្តីប្រពន្ធ តែងតែឈ្លោះទាស់ទែងប្រកែកគ្នាជារឿយៗ ពោលគឺចាប់តាំងតែកូនទាំង៣នាក់របស់ពួកគាត់ នៅតូចៗម៉្លេះ ដោយអ្នកភូមិគិតថា វាជារឿងធម្មតា ព្រោះគ្រាន់តែឈ្លោះ រួចក៏ត្រូវគ្នាវិញ តាមទម្លាប់ របស់ពួក គាត់។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះជាប្តី បានទៅចូលរួមពិធីខួបកំណើតកូនរបស់មិត្តភក្តិនៅក្នុងភូមិ លុះពេលត្រឡប់មកវិញ ស្រាប់តែមានការឈ្លោះប្រកែកគ្នាខ្លាំងៗ រវាងប្តីនិងប្រពន្ធ ដោយចាប់តាំងពីរំលង អធ្រាត្រ រហូតដល់ជិតភ្លឺ។ ស្រាប់តែក្រោយមក ស្ត្រីជាប្រពន្ធ បានលបទាញកាប់ប្រហារបុរសជាប្តី ដែលកំពុង ដេកលក់នៅលើគ្រែ បណ្តាលឱ្យស្លាប់តែម្តង។

ប្រភពដដែល បន្តថា ក្រោយពីកាប់សម្លាប់ប្តីខ្លួនឯងរួចហើយ ស្ត្រីដៃដល់ជាប្រពន្ធ មិនបានរត់គេចខ្លួនទៅ ណាឡើយ គឺបានជិះម៉ូតូចូលទៅសារភាពនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់ជាប្រពន្ធ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ប្តីផ្ទាល់ដៃមែន ព្រោះមូលហេតុរស់នៅមិនចុះសម្រុងនឹងគ្នា ដោយសារជនរងគ្រោះជាប្តី តែងតែលួចមានស្រីជាញឹកញាប់ លុះចុងក្រោយ ដោយទ្រាំលែងបាន ក៏ឈានដល់ការកាប់ប្រហារប្តី បណ្តាលឱ្យស្លាប់តែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះពិនិត្យនិងធ្វើកោលសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ ដោយសារការកាប់ប្រហារជាច្រើនកាំបិត ស្លាប់នៅក្នុងបន្ទប់ដេកប្រាកដមែន។

ជនសង្ស័យជាប្រពន្ធ ត្រូវបាននគរបាលចាប់ឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរៀបចំកសាង សំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។ ចំណែកសពជនរងគ្រោះជាប្តី ត្រូវសមត្ថកិច្ចប្រគល់ជូនសាច់ ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES