Saturday, July 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខចាក់អ្នករើសអេតចាយ ជាប់គុក១០ឆ្នាំ

សន្តិសុខចាក់អ្នករើសអេតចាយ ជាប់គុក១០ឆ្នាំ

ភ្នំពេញ ៖ បុរសជាសន្តិសុខក្រុមហ៊ុនឯកជនម្នាក់ ដែលបានយកដែកចុងស្រួច ចាក់បុរសអ្នករើសអេតចាយ ធ្លាយចង្កេះ រងរបួសធ្ងន់ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រមសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់១០ឆ្នាំ ក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងឃាតកម្ម។

ជនជាប់ចោទដែលតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ១០ឆ្នាំ មានឈ្មោះ សេន អាត ភេទប្រុស អាយុ៥៦ឆ្នាំ ជាអតីតសន្តិសុខក្រុមហ៊ុនឯកជន យាមនៅសម្ភពស្ពានមង្គល ផ្លូវ៣៧១ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះយាន ឡាយ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់ផ្ទះជួល ផ្លូវ៧០៥ ក្រុម៣ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ។

សំណុំរឿងប៉ុនប៉ងឃាតកម្មខាងលើនេះ ត្រូវបានលោកស្រីចៅក្រម គឹម សុគន្ធា និងលោកស៊ន មុនី ជាតំណាង អយ្យការ លើកយកមកបើកសវនាការកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងសម្រេចប្រកាសសាលក្រម នៅ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

នៅក្នុងសវនាការ ជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបានយកដែកស្រួច ចាក់ទៅលើជនរងគ្រោះមែន ដោយសារជនរងគ្រោះមកលួចយកអីវ៉ាន់ពីកន្លែងខ្លួនយាម ច្រើនដងមកហើយ លុះដល់ច្ងៃកើតហេតុ ខ្លួនទាន់ កំពុងលួចទៀត ក៏មានការប្រតាយប្រតប់គ្នា ហើយខ្លួនក៏ចាក់ជនរងគ្រោះមួយដែកស្រួច បណ្តាលឱ្យមាន របួស ទៅ នៅចំណុចការ៉ាស់សាំង PTT ផ្លូវ៣៧១ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

គួររំលឹកថា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មានករណីប៉ុនប៉ងឃាតកម្មមួយបានកើតឡើង នៅចំណុចស្ថានីយប្រេង PTT ផ្លូវ៣៧១ ភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដោយបុរសជា សន្តិ សុខក្រុមហ៊ុនឯកជនម្នាក់ បានយកដែកចុងស្រួចចាក់ បុរសអ្នករើសអេតចាយម្នាក់ ចំចង្កេះខាងក្រោយ បណ្តាល ឱ្យជុងដែកស្រួចនោះជាប់នឹងចង្កេះឆ្កឹង រងរបួសធ្ងន់។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានបើករ៉ឺម៉កម៉ូតូ ដើម្បីទៅដឹកអីវ៉ាន់ឱ្យគេ នៅម្តុំវត្តពោធិញ្ញាណ លុះមកដល់ចំណុចការ៉ាស់សាំង PTT ផ្លូវ៣៧១ ភូមិត្នោតជ្រំ៤ ក៏ចូលចាក់សាំង ពេលកំពុង ចាក់សាំង ស្រាប់តែជនសង្ស័យ បានយកដែកចុងស្រួច ចាក់ទៅលើជនរងគ្រោះ ត្រូវចំចង្កេះខាងក្រោយ បណ្តាលឱ្យមានរបួស រួចជនសង្ស័យបានគេចខ្លួនមកកន្លែងយាម នៅគ្លីនិកខាងលើ។ មួយសន្ទុះក្រោយមក កម្លាំងសមត្ថកិច្ច បានមកឃាត់ខ្លួនជនសង្ស័យខាងលើ យកទៅកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីពេទ្យណាត្រា សង្កាត់បឹងទំពន់ទី២ ខណ្ឌ មានជ័យ ៕

RELATED ARTICLES