Saturday, November 23, 2024
Homeកីឡាជាតិសហការីកឹម សុខា ហៅពិធីករ ជា វណ្ណារិទ្ធ ក្បាល មិនទាន់ជ្រុះពន្លៃ មើលងាយព្រំ សំណាង

សហការីកឹម សុខា ហៅពិធីករ ជា វណ្ណារិទ្ធ ក្បាល មិនទាន់ជ្រុះពន្លៃ មើលងាយព្រំ សំណាង

ភ្នំពេញ ៖ បន្ទាប់ពីកីឡាករប្រដាល់គុនខ្មែរ ល្បីឈ្មោះ ព្រំ សំណាង បានបង្ហាញពីអារម្មណ៍អាក់អន់ស្រពន់ចិត្ត រឿងការផ្តល់តម្លៃខ្លួនប្រកួតជាមួយកីឡាករស្តេចប្រដាល់ភូមា ដាវ លីឌុចទាបជាងគេ ថាជាការមិនឲ្យតម្លៃដល់ ជាតិសាសន៍ឯង ហើយត្រូវបានលោកជា វណ្ណារិទ្ធ ពិធីករល្បីឈ្មោះមួយរូប ប្រចាំស្ថានីយទូរទស្សន៍បាយ័ន បញ្ចេញមតិយោបល់ថា គ្រប់គ្នាដឹងថា ដាវ លីឌុច ជាស្តេចប្រដាល់ភូមា ចំណែកព្រំ សំណាង មិនទាន់ក្លាយជា ស្តេចប្រដាល់គុនខ្មែរផង ទាមទារតម្លៃខ្លួនស្មើគេនោះមក ស្រាប់តែមានប្រតិកម្មពីជំនួយការលោកកឹម សុខា អតីតមេបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ថា ពិធីករក្បាលមិនទាន់ជ្រុះពន្លៃពីក្បាលរូបនេះ មើលងាយ កីឡាករខ្មែរ ដល់ដី ឱ្យតម្លៃកីឡាករបរទេស ទល់មេឃ។

នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ លោកមុត ចន្ថា ជំនួយការលោកកឹម សុខា និងជាអតីតថ្នាក់ដឹកនាំនៃអតីតបក្ស ប្រឆាំង បានបង្ហោះសំណេរបញ្ចេញយោបល់របស់កីឡាការិនីមេដាយមាសស៊ីហ្គេម ផ្នែកកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី មកប្រៀបធៀបនឹងសំណេរបញ្ចេញយោបល់របស់ពិធីករ ជា វណ្ណារិទ្ធ ទៅលើការតវ៉ារឿងតម្លៃខ្លួនរបស់ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង ក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ថា «សំណេររបស់ប្អូនស្រី​  ស្រួង​ សុភាវី​ មានអត្ថន័យនិងស្មារតីជាតិនិយម។ ប៉ុន្តែប្រសិនជាយើងអានសំណេររបស់ពិធីករក្បាលមិនទាន់ជ្រុះពន្លៃពីក្បាល​ នៃស្ថានីយទូរទស្សន៍បាយ័ន វិញ​ គឺគេមើលងាយកីឡាករខ្មែរ ដល់ដី​ ឱ្យតម្លៃកីឡាករបរទេស ទល់មេឃ»។

គួរបញ្ជាក់ថា​ ប្រតិកម្មរបស់លោកមុត ចន្ថា​ ខាងលើនេះ បានធ្វើឡើងបន្ទាប់ពីលោកជា វណ្ណារិទ្ធ ពិធីករទូរទស្សន៍ បាយ័ន បានសរសេរក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ថា “មិន មែនគេមិនឱ្យតម្លៃពូណាង និងគុនខ្មែរ ឬលើកម្កើងតែគេទេ តែគ្រប់គ្នាដឹងថា គេជាស្តេចប្រដាល់ភូមា ចុះពូណាង ជាស្តេចប្រដាល់គុនខ្មែរ ហើយឬនៅ? ម៉្យាងមុនទទួលការប្រកួត សុទ្ធតែមានការចរចាគ្នាជាមុន រវាងភាគី A & B បើទទួលយកមិនបាន កុំប្រកួត មិនមែនចង់ប្រកួតជាមួយគេ ហើយសុំគេ តម្លៃនេះ តម្លៃនោះ នុះទេ។ ធម្មតាតម្លៃខ្លួន ឬតម្លៃការងារម្នាក់ៗ គេរក្សាការសម្ងាត់ មិនអ៊ីចឹង? ម៉្យាងបើចង់ឱ្យគុនខ្មែរល្បីមែន ការប្រកួតជា មួយ Dav គឺជាឱកាសល្អ កាលណាបើឈ្នះ គុនខ្មែរល្បីរន្ទឺទូទាំងពិភពលោកដោយស្វ័យប្រវត្តិ តែបើចាញ់វិញ ក៏បងនៅតែមានគុណតម្លៃក្នុងនាមជាជនជាតិខ្មែរ ថែរក្សាលើកស្ទួយគុនខ្មែរ ដោយមនសិការ ហើយក៏មិនខ្វះដែរ ចំពោះអ្នកដែលជួយជ្រោមជ្រែង ឧបត្ថម្ភ មិនអ៊ីចឹង! តែបើនិយាយឡើងលើកតែពីបញ្ហា លុយៗៗៗ ដោយធ្វើការ ប្រៀបធៀបតម្លៃគេជាស្តេចប្រដាល់អ៊ីចឹង បើឈ្នះ មិនអីទេ ចុះបើចាញ់? ក្រៅពីបានលុយ តើបានអ្វីទៀត? គ្រាន់ តែជាមតិយោបល់ខ្ញុំប៉ុណ្ណោះ…”។

លោកជា វណ្ណារិទ្ធ បានសរសេរបន្ថែម នៅយប់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ថា “សំណាង ព្រំ-គុនខ្មែរ សង្ឃឹមថា ពូនឹងមិនខឹងស្អប់ចំពោះអ្វីដែលខ្ញុំបានលើកឡើងទេ ព្រោះខ្ញុំមិនចង់ឱ្យពូមានសម្ពាធ ដូចការលើកឡើងក្នុងបទ សម្ភាសន៍អ៊ីចឹង ពូថាបាក់ទឹកចិត្តណាស់ មិននឹកស្មានថាតម្លៃខ្លួនបានប៉ុណ្ណឹង បើប្រៀបធៀបនឹងគេ។ ខ្ញុំយល់ពី អារម្មណ៍ពូណាស់ ព្រោះខ្ញុំក៏ជាអតីតកីឡាករប្រយុទ្ធមួយរូបដែរ ចង់បានណាស់តម្លៃខ្លួន ឱ្យស័ក្តិសមទៅនឹង ការឈឺសាច់ តែកាលៈទេសៈខ្លះ ពិបាកណាស់ ពូខ្លួនឯងដឹងហើយ គ្មានអ្នកណាដឹងច្បាស់ជាងខ្លួនឯងទេ។ អ្វីដែលពូត្រូវសម្រេចចិត្ត គឺទទួលយកបានឬមិនបាន ប្រកួតឬមិនប្រកួតប៉ុណ្ណោះ ព្រោះការប្រកួតនេះ មើលទៅ ក៏ដូចជាការប្រកួតមិត្តភាពដែរទេ ហើយមើលទៅ Dav ក៏ស្រលាញ់ពេញចិត្តពូណាង និងធនធានកម្ពុជាមិន ធម្មតាដែរ។ សូមផ្តោតអារម្មណ៍ហ្វឹកហាត់ឱ្យបានល្អណា កាលបរិច្ឆេទប្រកួត បានកំណត់ហើយ ខ្ញុំនៅតែគាំទ្រ ពូជានិច្ច  ដោយក្តីគោរពស្រលាញ់ពូណាង កីឡាករលំដាប់ប្រទេសរបស់កម្ពុជា…”។

សូមបញ្ជាក់ដែរថា ការផ្តល់មតិយោបល់របស់ពិធីករ ជា វណ្ណារិទ្ធ ដែលនាំឲ្យមានប្រតិកម្មពីលោកមុត ចន្ថា ថាជាការមើលងាយកីឡាករខ្មែរ ឲ្យតម្លៃតែកីឡាករបរទេស ខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីកីឡាករប្រដាល់ គុនខ្មែរ ដែលកំពុងល្បីឈ្មោះជួរមុខ នាបច្ចុប្បន្ន លោកព្រំ សំណាង ដែលត្រូវបានផ្គូផ្គងឲ្យប្រកួតជាមួយកី ឡាករស្តេចប្រដាល់ភូមា (មីយ៉ាន់ម៉ា) លោកដាវ លីឌុច នៅប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែវិច្ឆិកាឆ្នាំ២០២៣ ខាងមុខនេះ បាននិយាយកាលពីពេលថ្មីៗនេះ ប្រាប់អ្នកសារព័ត៌មានថា លោកមានការអន់ចិត្ត មិននឹកស្មានថា ខ្មែរយើងឱ្យតម្លៃតែជាតិសាសន៍គេ ហើយអត់ឱ្យតម្លៃជាតិសាសន៍ខ្លួនឯង មើលងាយជាតិសាសន៍ខ្លួនឯង ដោយលោកវ៉ៃជាមួយស្តេចប្រដាល់គេទាំងមូល ម៉េចក៏មិនឱ្យតម្លៃខ្លួនដូចគេផង ទោះបីមិនបានពាក់កណ្តាលគេ ក៏ក្រោមគេល្មមទទួលយកបានផង ឧទាហរណ៍គេបាន ៥ម៉ឺនដុល្លារ ឯខ្មែរសាសន៍ឯង បែរជាបានតែ ១ម៉ឺនដុល្លារ។

 កីឡាករ ព្រំ សំណាង បាននិយាយនៅពេលនោះថា “ក្តីរំពឹងពុកម៉ែបងប្អូនដែលសង្ឃឹមលើខ្ញុំ ហើយខ្ញុំធ្វើអត់ បានល្អ បើសិនខ្ញុំចាញ់ គឺខ្ញុំមានវិប្បដិសារ:ខ្លួនឯងតែម្តង ខ្ញុំគិតថាអ៊ីចឹង ពិបាកចិត្ត ខ្ញុំជឿថា ពុកម៉ែ បងប្អូនខូច ចិត្តអារឿងហ្នឹង ប៉ះពាល់ខ្លាំងមែនទែន គឺខ្ញុំគិតថា បើខ្ញុំចាញ់គេ ដោយសារតែពាក្យហ្នឹង ពាក្យបងប្អូនស្តី បន្ទោស ខ្ញុំ។ ខ្ញុំគ្រាន់តែចង់ឱ្យពុកម៉ែ បងប្អូន ជួយកាត់សេចក្តីឱ្យសមរម្យ បើសិនជាខ្ញុំវ៉ៃជាមួយដាវ លីឌុច ឧទាហរណ៍ថា គេបាន ៤-៥ម៉ឺនអ៊ីចឹងទៅ ហើយខ្ញុំនេះ វាអត់បាន ១ម៉ឺន ខ្ញុំអន់ចិត្ត ហើយខ្ញុំមិននឹកស្មានថា យើងឱ្យតម្លៃតែជាតិ សាសន៍គេ ហើយខ្លួនឯងអត់ឱ្យតម្លៃជាតិសាសន៍ខ្លួនឯង មានពីណាគេបង្អាប់ជាតិសាសន៍យើងទេមានតែយើង ទេ បើយើងឱ្យគេច្រើន តែយើងតិច ត្រង់ហ្នឹងហើយដែលមើលងាយជាតិសាសន៍ខ្លួនឯង។ វ៉ៃជាមួយស្តេចប្រដាល់ទាំងមូល ហើយបើសិនជាឱ្យតម្លៃខ្លួនគេខ្ពស់ លើកតម្កើងតែគេ អ៊ីចឹងខ្ញុំជាកីឡាករខ្មែរ ជនជាតិខ្មែរ ម៉េចក៏មិនឱ្យតម្លៃដូចគេផង ទោះបីមិនបានពាក់កណ្តាលគេ ក៏ក្រោមគេល្មមទទួលយកបានផង។ ខ្ញុំគ្រាន់តែចង់និយាយប៉ុណ្ណឹង បើពុកម៉ែ បងប្អូន ចង់ស្តីថាបន្ទោសខ្ញុំ សូមពុកម៉ែបងប្អូនគិតខ្លួនឯង ខ្ញុំស្រលាញ់ ជាតិសាសន៍ខ្លួនឯង…”។

ជុំវិញករណីខាងលើនេះ កីឡាការិនីមេដាយមាសស៊ីហ្គេម ផ្នែកកីឡាប៊ីយ៉ាការ៉ុម ស្រួង ភាវី ដែលកំពុងរស់ នៅប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា ការផ្ដល់កម្លាំងចិត្ត ផ្ដល់តម្លៃ គឺជាការជំរុញឡើង នៃវិស័យកីឡា និងអ្នកកីឡា។ កុំមើលស្រាលកីឡាករខ្លួនឯង កុំវាយតម្លៃឱ្យទាបពេក កុំបន្តុះបង្អាប់កីឡាករដែល ជាជនជាតិ ឯងហួសហេតុពេក។

កីឡាការិនី ស្រួង ភាវី បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់នាង​ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ថា​ «ផ្ដល់​កម្លាំង​ចិត្ត​ ផ្ដល់​តម្លៃ​ គឺ​ជា​ការ​ជំរុញ​ឡើង​ នៃ​វិស័យ​កីឡា​ និង​អ្នក​កីឡា​ !

ស្គាល់ច្បាស់​ពី​ដៃគូ​ប្រកួត​ គឺ​ជា​កម្លាំង​របស់​អ្នក​កីឡា​ យើង​ជា​ម្ចាស់​នៃ​គុន​ខ្មែរ​ យើង​យល់​ ស្គាល់​ ច្បាស់​ ហើយ​គេ​សុំ​ប្រកួត​ជា​លក្ខណៈ​គុន​ខ្មែរ​។ គេ​ខ្លាំង ​យើង​ឆ្លាត​ គេ​មាន​កម្លាំង ​យើង​មាន​បទពិសោធន៍​។ “ពូ​ជខ្មែរ ​គឺ​ជា​ពូជ​អាច​បំបែក​ឯតទគ្គកម្ម​បាន​”។​

កុំ​មើល​ស្រាល​កីឡាករ​ខ្លួន​ឯង​ កុំ​វាយ​តម្លៃ​ឱ្យ​ទាប​ពេក​ កុំ​បន្តុះបង្អាប់​កីឡាករ​ដែល​ជា​ជនជាតិ​ឯង​ឱ្យ​ហួស​ហេតុ​ពេក​។

ត្រូវ​ចូលរួម​លើក​តម្កើង​ ផ្ដល់​តម្លៃ​ គិតគូរ​ខ្វល់ខ្វាយ​ជួយ​ជ្រោមជ្រែង​ ត្រូវ​ស្គាល់​ពី​គុណ​សម្បត្តិ​របស់​ពួកគាត់​ ត្រូវ​ដឹង​ពី​ទុក្ខ​លំបាក​នានា​ដែល​ពួកគាត់​បាន​ប្រឈម​ និង​កំពុង​ប្រឈម​។

ខ្ញុំ​ជឿ​ជាក់​ កម្ពុជា ​ជឿជាក់​ ពូ​ណាង​ ពិត​ជា​ធ្វើ​បាន​! កីឡា​ដើម្បី​ខ្មែរ​ អ្នក​កីឡា ​គឺ​ដើម្បី​ខ្មែរ​ អ្នក​កីឡា ​គឺ​ជា​អ្នក​ជាតិ​និយម​ អ្នក​កីឡា ​គឺ​ជា​អ្នក​លើក​មុខ​មាត់​ប្រទេស​ជាតិ​។ សូម​អរគុណ​!»។

ដោយឡែក មេធាវីមួយរូបឈ្មោះ សាន សុផា បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ ថា «នៅស្រុកខ្មែរ ពេលនេះ​ តើនណាបានវ៉ៃឈ្នះព្រំ​ សំណាង ឬថាល្បីជាងព្រំ សំណាង (ប្រភេទទម្ងន់ ដូចគាត់) ?  លោក  chea vannrith  បើដឹង ប្រាប់ខ្ញុំផង។​ ហើយ Dave ជាស្តេចប្រដាល់ភូមា​ នោះយ៉ាងម៉េច ប្រជា ជនភូមា តែងតាំងមែន? ការពិតទៅ​ Dave ទេ មកតោងកាលីបល្បីលោកព្រំ​ សំណាង​ បើកុំតែមកតោងសំណាង​ ស្មានតែអស់យើងស្គាល់​ Dave ហើយតាមសុំប្រកួតជាច្រើនដង ជាមួយព្រំ សំណាង។

ខ្ញុំគាំទ្រការសម្រេចចិត្តរបស់​ព្រំ​ សំណាង​ បើតម្លៃខ្លួនលើទឹកដីយើង​ ទាបជាងកីឡាករបរទសឆ្ងាយបែបនេះ​ គាត់មិនពេញចិត្ត សមហើយ។  ម្យ៉ាងទៀត Dave ជាអ្នកមកសុំប្រកួត។ តម្លៃខ្លួននេះ ប៉ះពាល់សតិអារម្មណ៍ ខ្លាំង។

ពេលគ្នាល្បី ទារដំឡើងតម្លៃខ្លួន តាមកិត្តិយស និងសមាសភាពគូប្រកួត បែរថាគ្នាមិនចេះគិត ឬលេងចរិត។ ការប្រៀបធៀប ៖ និស្សិតម្នាក់ ពេលរៀនចប់ពីសាកលវិទ្យាល័យ សុំគេធ្វើការស្ម័គ្រចិត្តក៏បាន។ ពេលបានធ្វើការ មានបទពិសោធន៍តិចតូច ក៏រកកន្លែងថ្មី ដើម្បីបានប្រាក់ឈ្នួល។ ពេលមានបទពិសោធន៍កាន់តែច្រើន ប្រាក់ ឈ្នួល ក៏ទាមទារកាន់តែខ្ពស់។ អ្នកប្រដាល់ ក៏ដូចគ្នា តួកុនឬអ្នកចម្រៀង ក៏ដូចគ្នា កាលណាល្បីហើយ គឺទារ ដំឡើងតម្លៃខ្លួនហើយ។ ដូច្នេះឱ្យព្រំសំណាង មើលតម្លៃខ្លួនអតីតកាល គឺមិនមិនសមហេតុផលទេ»៕ ខៀវទុំ

RELATED ARTICLES