Saturday, February 28, 2026
Homeកីឡាជាតិសម្តេចហ៊ុន សែន លូកដៃអន្តរាគមន៍ រឿងពិន័យកីឡាករត្រកូលអេ ២នាក់

សម្តេចហ៊ុន សែន លូកដៃអន្តរាគមន៍ រឿងពិន័យកីឡាករត្រកូលអេ ២នាក់

ភ្នំពេញ ៖ ក្រោយផ្ទុះការវែកញែករឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ហាមឃាត់កីឡាករ ត្រកូលអេ ២រូប ដែលជាកូនប្រុសបង្កើតរបស់អតីតកីឡាករប្រដាល់គុនខ្មែរ អេ ភូថង ដែលសេព្វថ្ងៃ ជាគ្រួបង្វឹកល្បីឈ្មោះ មិនឲ្យប្រកួត រយៈពេល ៦ខែនោះមក សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានលូកដៃអន្តរាគមន៍ ស្នើសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងដែលហាមកីឡាករត្រកូលអេ ២រូប មិនឲ្យប្រកួត រយៈពេល ៦ខែ នោះសិន ព្រោះទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហា របៀប របបនៃការងារផ្ទៃក្នុងសហព័ន្ធផង ដោយរង់ចាំដោះស្រាយក្រោយប្រកួតនៅក្រៅប្រទេសរួច។

សម្តេច ហ៊ុន សែន បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ថា «ក្រោយការផ្ទុះការវែកញែកលើរឿងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ  ហាមឃាត់កីឡាករ ២រូប មិនឲ្យប្រកួត រយៈពេល ៦ខែ ក្នុងពេលកីឡាករទាំងពីររូប កំពុងត្រៀមប្រកួតនៅក្រៅប្រទេស ខ្ញុំសូមសំណូមពរដ៏ទទូច ឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លុបចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហា របៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។

ការដោះស្រាយផ្សេងទៀត រង់ចាំឲ្យកីឡាករទាំងពីររូប និងគណប្រតិភូ វិលចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយ ដោយស្មារតីសាមគ្គីភាពនិងការយោគយល់គ្នា»។

គួរបញ្ជាក់ថា ការលូកដៃអន្តរាគមន៍របស់សម្តេច ហ៊ុន សែន ខាងលើនេះ បានធ្វើឡើង បន្ទាប់ពីកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកកីឡាករប្រដាល់គុនខ្មែរ ២រូបមិនឲ្យចូលរួមការប្រកួត។

សេចក្តីជូនដំណឹង របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ លេខ ០៤០/២០២៦ ស.ជ.ណ ចុះថ្ងៃពុធ ៩កើត ខែ ផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ស្តីពីការផ្អាកកីឡាករប្រដាល់គុនខ្មែរ មិនឲ្យចូលរួមការប្រកួត ដែលចុះហត្ថលេខាដោយលោក ម៉ិល កាដូ ប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖

យោង ៖ លិខិតលេខ ០៣១/២០២៦ សណ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលកីឡាកងយោពលខេមរភូមិន្ទ។

តបតាមកម្មវត្ថុ និងយោងខាងលើ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម ក្លឹបកីឡាប្រ ដាល់គុនខ្មែរ ទាំងអស់ មេត្តាជ្រាបថា ៖ ករណីស្នើសុំរបស់មជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ អំពីការផ្អាកចាប់គូប្រកួត ទាំងក្នុងនិងក្រៅប្រទេស រយៈពេល ៦ខែ គឺកីឡាករ ២រូប ដែលជាយោធិនសេរី មិនគោរពអនុវត្តតាមបទបញ្ជា របស់ថ្នាក់ដឹកនាំមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ គិតចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដែលមានសមាសភាពដូចខាងក្រោម ៖

១- អនុសេនីយ៍ត្រី អេ វិរៈខាំឈិតភូថង កីឡាករគុនខ្មែរ

២- នាយឯក អេ អាំម៉ារីនកូថង កីឡាករគុនខ្មែរ ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងជួយសហការតាមការគួរ។

សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរ ទាំងអស់ មេត្តាទទួលនូវការរាប់អានដ៏ស្មោះពីខ្ញុំ…។

ទោះបីជាយ៉ាងណា ឆ្លើយតបសំណូមពររបស់សម្តេច ហ៊ុន សែន ខាងលើនេះ នៅថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្តីជូនដំណឹង ស្តីពីការសម្រេចលុបសេចក្តីជូនដំណឹងលេខ ០៤០/២០២៦ ស.ជ.ណ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីការផ្អាកការចាប់គូប្រកួតកីឡាករគុនខ្មែរ ២រូបនោះវិញ។

សេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានខ្លឹមសារទាំងស្រុងថា «សហព័ន្ធកីឡាប្រដាល់គុនខ្មែរ មានកិត្តិយសសូមជម្រាបជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរ ទាំងអស់ មេត្តាជ្រាបថា ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចលុបសេចក្តីជូនដំណឹងលេខ ០៤០/២០២៦ ស.គ.ខ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ របស់សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្តីពីការផ្អាកការចាប់គូប្រកួតកីឡាករគុនខ្មែរ ២រូប រួមមាន ៖

១-កីឡាករ អេ វិរៈខាំឈិតភូថង

២-កីឡាករ អេអាំ ម៉ារីនភូថង ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី បណ្តាស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍន៍ សមាគម ក្លឹបកីឡាប្រដាល់គុនខ្មែរ ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសហ ការអនុវត្តតាមការគួរ»៕ ខៀវទុំ

RELATED ARTICLES