Tuesday, November 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖ចង់ឈ្នះលើកទី២ មុនសម្រាល​កូនទី២

ឱក សុគន្ធកញ្ញា ៖ចង់ឈ្នះលើកទី២ មុនសម្រាល​កូនទី២

ភ្នំពេញ៖ឱក សុគន្ធកញ្ញា នៅតែសកម្មក្នុងការបំពេញតួនាទីជាCoach កម្មវិធីThe Voice Kids Cambodia រដូវ​កាលទី៣ ទោះជាពេលនេះនាងកំពុងពពោះកូនទី២ក៍ដោយ តែប្អូនថ្លៃលោក​ថៅកែហង្សមាសរូបនេះមិន​បណ្ដោយឲ្យណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណារាជ និងពេជ្រ សោភា ដណ្ដើមពានឲ្យ​កូន​ក្រុមរបស់ខ្លួនដោយ​ងាយ​ៗឡើយ។​អ្វីដែលគូរឲ្យកត់សម្គាល់នោះ​សុគន្ធ​កញ្ញា ពូកែតុប​តែង​ខ្លួនខ្លាំងរហូតមើលសឹង​តែមិនដឹងថានាង​មានផ្ទៃពោះទេ ព្រោះកូនទី២​របស់​នាងនឹងសម្រាលនៅដើមឆ្នាំ២០២៤ ឯណ្ណោះ។ប្រាកដណាស់ដើម្បីរក្សារ​ក្រេឌីត​​របស់​ខ្លួនសុគន្ធកញ្ញា ដែលក្ដាប់តំណែងធំៗនៅហង្សមាសដោយមានស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នក​ដឹកនាំកម្មវិធីនៅក្រោយខ្នងនាងនោះតារាជិតបានកូន២រូបនេះនៅតែចង់នាំកូនក្រុមរបស់ខ្លួនលើកពានជាលើកទី២ បើទោះជាកាលពីឆ្នាំមុននាងធ្លាប់ដឹកដៃលោកថែល ថៃ ឲ្យឈ្នះ​ពានThe Voice Cambodia រដូវកាលទី២ ម្ដង​រួចទៅហើយក្ដី។ចំណែកព័តមានថាសុគន្ធកញ្ញា ដកខ្លួនធ្វើជាJudge កម្មវិធី Cambodian Idol រដូវកាលទី៥ ដោយ​គ្មានមូលហេតុនោះតាមពិត​គឺមកពីនាងរៀបគម្រោងយកកូនទី២ ជាច្រើនខែមុនរួចជាស្រេចទៅហើយ ពោលគឺមិនមែន​យក​កូន​ដោយចៃដន្យនោះទេ។

 ឱក សុគន្ធកញ្ញា នៅតែមានមហិច្ឆិតាប្រជែងទីផ្សារចម្រៀង ទោះជាពេលនេះកូនប្រុស​នាង​មានអាយុជិត៤ឆ្នាំក្ដី ប៉ុន្ដែការយកកូនថែមដើម្បីពង្រឹងសុភមង្គលទ្វេដង​នោះកាន់តែជា​រឿង​​ចាំបាច់និងសំខាន់ថែមទៀត ទើបទោះជា​នាងត្រូវបាត់មុខពីឆាកតន្រ្ដីយ៉ាងហោច​ណាស់​ជាងកន្លះឆ្នាំនាពេលខាងមុខ ដើម្បីថែទាំនិងសម្រាលកូន​រហូត​រឹងដៃរឹង​ជើងទើប​វិលវិញក្ដី ប៉ុន្ដែ​នាងមិនរារែកចិត្តឡើយក្នុងការយកកូនថែមហើយអ្វីដែលធ្វើឲ្យតារាវ័យ៣៧ ឆ្នាំ​រូបនេះកាន់​តែ​រីករាយបំផុតនោះគឺបំណងចង់បានកូនស្រីរបស់នាងបានជោគជ័យ។ប្រភពបានឲ្យដឹងថាដើម្បីជាការលើកទឹកចិត្តដល់ភរិយាលោកអ៊ឹង សុខលី នឹងSurprise ដល់ភរិយា​លោក​នៅថ្ងៃ​ខួប​កំណើតរបស់សុគន្ធកញ្ញា ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈ​ដែលកាល​ពីឆ្នាំ​មុនៗ​លោកបាននាំ​កញ្ញា ទៅដើរកម្សាន្ដនៅក្រៅស្រុក ឬជប់លៀងលក្ខណៈ​គ្រួសារ​នៅតាម​តំបន់​រម្យនីយ៍ដ្ឋានមួយចំនួនជាដើម។ប៉ុន្ដែសុគន្ធកញ្ញា ដែលទើបនាំប្ដីមកពីដើរលេង​នៅអូស្រា្ដលី​កាលពីខែមុនេះមិនទាន់មានដំណឹង​ថានាងចេញ​ទៅក្រៅស្រុកជាថ្មីម្ដងទៀតឡើយ ព្រោះតែ​ការបំពេញតួនាទីជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ឈានមក​ដល់វគ្គLive Show ហេតុនេះគេជឿរថាខួបឆ្នាំនេះនាងជ្រើសរើសរើសយក​ការកម្សាន្ដក្នុងស្រុកច្រើន​ជាង​ទៅ​បរទេសដែលត្រូវវិលមកវិញឲ្យទាន់ការបង្វឹកកូនក្រុមរបស់ខ្លួន ខណៈដែលគេមើល​ឃើញ​ថាឆ្នាំនេះ​កូនក្រុមរបស់ពេជ្រ សោភា ក៍មិនធម្មតាដែរ។

គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានអាកខានថតភាពយន្ដជាថ្មីម្ដងទៀតដោយសារ​តែ​នាង​​ពពោះកូនទី២នេះ ស្របពេលដែលតាំងពីដៃគូរបស់នាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដើរចេញពីហង្សមាសចូលGalaxy នោះគេក៍អត់ទាន់ឃើញនាងចាប់ដៃគូជាមួយតារា​ប្រុសរូប​ណា​ឲ្យ​ប្រាកដដែរ ហើយបច្ចុប្បន្នFan តាមដាន​សកម្មភាពរបស់នាងធ្វើ​ជាគ្រូបង្វឹក​ជាងបទចម្រៀងថ្មី​ៗរបស់នាងទៅវិញ។ប៉ុន្ដែមុននេះអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានអះអាងថា​សុគន្ធកញ្ញា មានសម្ថភាពល្អ ហេតុនេះ​កុំថាឡើយមានកូន២ ទោះជាកូន​៤ ឬ៥នាក់ក៍នៅតែ​ល្បីដែរ​ឲ្យតែនាងចេះរក្សារខ្លួនឲ្យបានស្អាត​សាកសម​ជាតារា។​ដោយឡែក​សម្រាប់តារា​រួមអា​ជីពខ្លះបានហៅសុគន្ធកញ្ញា ថាជា”ជំទាវ” និងស្វាមីនាងលោកសុខលី ថាជា​”ឧកញ៉ា” ថ្វីត្បិត​តែគេមិនទាន់ឃើញមានការតែងតាំងគោរម្យងារប្អូនថៅកែ​ហង្សមាសរូប​នេះ​ជា​ផ្លូវការក្ដី ប៉ុន្ដែ​គេ​ជឿរ​ថាមិនយូទេស្វាមីកញ្ញា ដែលមានតួនាទីជាអគ្គនាយកទូរទស្សន៍​ហង្ស​មាស​នោះ​នឹងឡើង​ជាឧក​ញ៉ាដូចបងប្រុសរបស់លោកជាថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន​ នោះដែរជា​មិន​ខាន។

 ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានកូន១ទីផ្សារសិល្បៈចុះខ្សោយជាងមុនមានដូច​ជា​នាងសួស វីសា ,ពេជ្រ សូលីកា ,ឌុច លីដា ,កែវ ពេជ្រពិសី និងនៅ សុនិតា ជាដើម​។សម្រាប់​អ្នកជំនាញសិល្បៈលើកឡើងថាសុគន្ធកញ្ញា នឹងមិនត្រូវថៅកែហង្សមាសបណ្ដោយ​ឲ្យនាង​ធ្លាក់​ចុះនោះទេ ពិសេសក្រោយពេលនាងក្លាយទៅ​ជាសាច់ញាត្តិ​របស់​ម្ចាស់ផលិតកម្មធំនេះ ប៉ុន្ដែអ្នកគាំ​ទ្រ​វិញថាមានតែទស្សនិកជនទេដែលអាចកំណត់ពីជោគវាស​នាតារាបាន​ព្រោះ​”រលកក្រោយ ច្រានរលកមុន” ហេតុនេះបើនាងគ្មានអ្វីថ្មីទេនោះតំណែងតារាស្រី​ជូរមុខនៅ​ហង្ស​មាស​​​ដែល​នាង​កាន់កាប់រយៈពេល១៣ឆ្នាំហើយនោះនឹងអាចប្រឈម​ការប្រែប្រួលជា​មិនខាន៕

RELATED ARTICLES