ភ្នំពេញ៖ឱក សុគន្ធកញ្ញា នៅតែសកម្មក្នុងការបំពេញតួនាទីជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ ទោះជាពេលនេះនាងកំពុងពពោះកូនទី២ក៍ដោយ តែប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះមិនបណ្ដោយឲ្យណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណារាជ និងពេជ្រ សោភា ដណ្ដើមពានឲ្យកូនក្រុមរបស់ខ្លួនដោយងាយៗឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់នោះសុគន្ធកញ្ញា ពូកែតុបតែងខ្លួនខ្លាំងរហូតមើលសឹងតែមិនដឹងថានាងមានផ្ទៃពោះទេ ព្រោះកូនទី២របស់នាងនឹងសម្រាលនៅដើមឆ្នាំ២០២៤ ឯណ្ណោះ។ប្រាកដណាស់ដើម្បីរក្សារក្រេឌីតរបស់ខ្លួនសុគន្ធកញ្ញា ដែលក្ដាប់តំណែងធំៗនៅហង្សមាសដោយមានស្វាមីនាងលោកអ៊ឹង សុខលី ជាអ្នកដឹកនាំកម្មវិធីនៅក្រោយខ្នងនាងនោះតារាជិតបានកូន២រូបនេះនៅតែចង់នាំកូនក្រុមរបស់ខ្លួនលើកពានជាលើកទី២ បើទោះជាកាលពីឆ្នាំមុននាងធ្លាប់ដឹកដៃលោកថែល ថៃ ឲ្យឈ្នះពានThe Voice Cambodia រដូវកាលទី២ ម្ដងរួចទៅហើយក្ដី។ចំណែកព័តមានថាសុគន្ធកញ្ញា ដកខ្លួនធ្វើជាJudge កម្មវិធី Cambodian Idol រដូវកាលទី៥ ដោយគ្មានមូលហេតុនោះតាមពិតគឺមកពីនាងរៀបគម្រោងយកកូនទី២ ជាច្រើនខែមុនរួចជាស្រេចទៅហើយ ពោលគឺមិនមែនយកកូនដោយចៃដន្យនោះទេ។
ឱក សុគន្ធកញ្ញា នៅតែមានមហិច្ឆិតាប្រជែងទីផ្សារចម្រៀង ទោះជាពេលនេះកូនប្រុសនាងមានអាយុជិត៤ឆ្នាំក្ដី ប៉ុន្ដែការយកកូនថែមដើម្បីពង្រឹងសុភមង្គលទ្វេដងនោះកាន់តែជារឿងចាំបាច់និងសំខាន់ថែមទៀត ទើបទោះជានាងត្រូវបាត់មុខពីឆាកតន្រ្ដីយ៉ាងហោចណាស់ជាងកន្លះឆ្នាំនាពេលខាងមុខ ដើម្បីថែទាំនិងសម្រាលកូនរហូតរឹងដៃរឹងជើងទើបវិលវិញក្ដី ប៉ុន្ដែនាងមិនរារែកចិត្តឡើយក្នុងការយកកូនថែមហើយអ្វីដែលធ្វើឲ្យតារាវ័យ៣៧ ឆ្នាំរូបនេះកាន់តែរីករាយបំផុតនោះគឺបំណងចង់បានកូនស្រីរបស់នាងបានជោគជ័យ។ប្រភពបានឲ្យដឹងថាដើម្បីជាការលើកទឹកចិត្តដល់ភរិយាលោកអ៊ឹង សុខលី នឹងSurprise ដល់ភរិយាលោកនៅថ្ងៃខួបកំណើតរបស់សុគន្ធកញ្ញា ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ខណៈដែលកាលពីឆ្នាំមុនៗលោកបាននាំកញ្ញា ទៅដើរកម្សាន្ដនៅក្រៅស្រុក ឬជប់លៀងលក្ខណៈគ្រួសារនៅតាមតំបន់រម្យនីយ៍ដ្ឋានមួយចំនួនជាដើម។ប៉ុន្ដែសុគន្ធកញ្ញា ដែលទើបនាំប្ដីមកពីដើរលេងនៅអូស្រា្ដលីកាលពីខែមុនេះមិនទាន់មានដំណឹងថានាងចេញទៅក្រៅស្រុកជាថ្មីម្ដងទៀតឡើយ ព្រោះតែការបំពេញតួនាទីជាCoach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ឈានមកដល់វគ្គLive Show ហេតុនេះគេជឿរថាខួបឆ្នាំនេះនាងជ្រើសរើសរើសយកការកម្សាន្ដក្នុងស្រុកច្រើនជាងទៅបរទេសដែលត្រូវវិលមកវិញឲ្យទាន់ការបង្វឹកកូនក្រុមរបស់ខ្លួន ខណៈដែលគេមើលឃើញថាឆ្នាំនេះកូនក្រុមរបស់ពេជ្រ សោភា ក៍មិនធម្មតាដែរ។
គូរបញ្ជាក់ថាឱក សុគន្ធកញ្ញា បានអាកខានថតភាពយន្ដជាថ្មីម្ដងទៀតដោយសារតែនាងពពោះកូនទី២នេះ ស្របពេលដែលតាំងពីដៃគូរបស់នាងលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដើរចេញពីហង្សមាសចូលGalaxy នោះគេក៍អត់ទាន់ឃើញនាងចាប់ដៃគូជាមួយតារាប្រុសរូបណាឲ្យប្រាកដដែរ ហើយបច្ចុប្បន្នFan តាមដានសកម្មភាពរបស់នាងធ្វើជាគ្រូបង្វឹកជាងបទចម្រៀងថ្មីៗរបស់នាងទៅវិញ។ប៉ុន្ដែមុននេះអតីតតារាចម្រៀងហង្សមាសលោកនូ ស៊ឹប បានអះអាងថាសុគន្ធកញ្ញា មានសម្ថភាពល្អ ហេតុនេះកុំថាឡើយមានកូន២ ទោះជាកូន៤ ឬ៥នាក់ក៍នៅតែល្បីដែរឲ្យតែនាងចេះរក្សារខ្លួនឲ្យបានស្អាតសាកសមជាតារា។ដោយឡែកសម្រាប់តារារួមអាជីពខ្លះបានហៅសុគន្ធកញ្ញា ថាជា”ជំទាវ” និងស្វាមីនាងលោកសុខលី ថាជា”ឧកញ៉ា” ថ្វីត្បិតតែគេមិនទាន់ឃើញមានការតែងតាំងគោរម្យងារប្អូនថៅកែហង្សមាសរូបនេះជាផ្លូវការក្ដី ប៉ុន្ដែគេជឿរថាមិនយូទេស្វាមីកញ្ញា ដែលមានតួនាទីជាអគ្គនាយកទូរទស្សន៍ហង្សមាសនោះនឹងឡើងជាឧកញ៉ាដូចបងប្រុសរបស់លោកជាថៅកែហង្សមាសអ្នកឧកញ៉ាអ៊ឹង ឆៃងួន នោះដែរជាមិនខាន។
ក្រៅពីឱក សុគន្ធកញ្ញា តារាដែលមានកូន១ទីផ្សារសិល្បៈចុះខ្សោយជាងមុនមានដូចជានាងសួស វីសា ,ពេជ្រ សូលីកា ,ឌុច លីដា ,កែវ ពេជ្រពិសី និងនៅ សុនិតា ជាដើម។សម្រាប់អ្នកជំនាញសិល្បៈលើកឡើងថាសុគន្ធកញ្ញា នឹងមិនត្រូវថៅកែហង្សមាសបណ្ដោយឲ្យនាងធ្លាក់ចុះនោះទេ ពិសេសក្រោយពេលនាងក្លាយទៅជាសាច់ញាត្តិរបស់ម្ចាស់ផលិតកម្មធំនេះ ប៉ុន្ដែអ្នកគាំទ្រវិញថាមានតែទស្សនិកជនទេដែលអាចកំណត់ពីជោគវាសនាតារាបានព្រោះ”រលកក្រោយ ច្រានរលកមុន” ហេតុនេះបើនាងគ្មានអ្វីថ្មីទេនោះតំណែងតារាស្រីជូរមុខនៅហង្សមាសដែលនាងកាន់កាប់រយៈពេល១៣ឆ្នាំហើយនោះនឹងអាចប្រឈមការប្រែប្រួលជាមិនខាន៕