ខេត្តព្រៃវែង ៖ បុរសចិត្តភ្លើងម្នាក់ បានសុំលុយពីម្តាយចិញ្ចឹមរបស់ខ្លួនចំនួន២ពាន់ដុល្លារ លុះម្តាយប្រាប់ថា គ្មានលុយឱ្យ ក៏គំរាមសម្លាប់ កូនខ្លួនឯងចោល បន្ទាប់មកក៏សម្រេចដុតផ្ទះ ចោល បណ្តាលឱ្យឆាបឆេះខ្ទេចអស់ កាលពី វេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែ មករា ឆ្នាំ២០១៧ នៅចំណុចភូមិពិលា ឃុំកំពង់សឹង ស្រុកព្រះស្តេច។
ជនបង្កហេតុដែលខឹងសុំលុយម្តាយមិន បាន ដុតផ្ទះចោលនោះ មានឈ្មោះកែវ សូនី អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុ ខាងលើ។ ចំណែកផ្ទះដែលទទួលរងការឆាប- ឆេះគ្មានសល់ មានទំហំ៧ម៉ែត្រ គុណនឹង៨ម៉ែត្រ សង់ពីឈើប្រក់ក្បឿង ជញ្ជាំងដែក ជាកម្មសិទ្ធិ របស់ស្ត្រីឈ្មោះផាន់ ហ៊ន អាយុ៧៣ឆ្នាំ ត្រូវ ជាម្តាយចិញ្ចឹមរបស់ជនបង្កហេតុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុបាន មកសុំលុយពីម្តាយចិញ្ចឹមចំនួន២ពាន់ដុល្លារ តែ មិនបានប្រាប់ថា យកទៅធ្វើអ្វីនោះទេ លុះស្ត្រី ជាម្តាយប្រាប់ថា គ្មានលុយឱ្យទេ ស្រាប់តែជនបង្កច្រឡោតខឹង ក៏គំរាមសម្លាប់កូនរបស់ខ្លួន ឯងចោល ព្រមទាំងគំរាមដុតផ្ទះចោលទៀតផង។
ប្រភពដដែលបន្តថា ក្រោយពីគំរាមរួច មិនឃើញស្ត្រីជាម្តាយចិញ្ចឹមឱ្យលុយមកខ្លួន ទៀត ទើបជនបង្កបានដុតផ្ទះចោលមែន បង្ក ឱ្យកើតជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងកណ្តាលយប់ បង្កឱ្យមានការភ្ញាក់ ផ្អើលដល់អ្នកភូមិជួយពន្លត់ដែរ តែមិនរលត់ សោះឡើយ ទីបំផុត ផ្ទះមួយខ្នងខាងលើ បាន ក្លាយជាចំណីភ្លើងខ្ទេចអស់គ្មានសល់។
ក្រោយពីធ្វើសកម្មភាពដុតផ្តះម្តាយចិញ្ចឹម ឆេះទាំងស្រុងហើយ ជនបង្កហេតុបានរត់គេច ខ្លួនបាត់សម្រោល។
តាមការអះអាងរបស់ស្ត្រីរងគ្រោះជា ម្ចាស់ផ្ទះ អគ្គិភ័យនេះ បានឆេះបំផ្លាញផ្ទះរបស់ គាត់ ព្រមទាំងទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះខ្ទេចអស់ទាំងស្រុង ដែលគិតជា ទឹកប្រាក់ប្រមាណ៣៥លានរៀលឯណោះ។
ជុំវិញរណីខាងលើនេះ សមត្ថកិច្ចកំពុង តាមប្រមាញ់ជនបង្កហេតុ ដើម្បីនាំយកមក ចាត់ការបន្តតាមនីតិវិធី៕