ភ្នំពេញ ៖ នារីរូបស្រស់ ជាតួសម្តែងភាពយន្តម្នាក់ កំពុងដើរតាមផ្លូវសុខៗ ស្រាប់តែត្រូវជនសង្ស័យ ចំនួន២នាក់ ជិះម៉ូតូ ១គ្រឿង មកសកម្មភាពឆក់ទូរសព្ទ័យកទៅបាត់ ទើបនារីរងគ្រោះ ប្រកាសផ្តាំទៅបងចោរថា បើបងចោរ យកទូរស័ព្ទមកឱ្យនាងវិញ នាងនឹងជូនប្រាក់២០០ដុល្លារ ហើយអាចយកធ្វើជាសង្សារ ឬប្តី ប្រសិនបើនាងត្រូវចិត្ត។
ករណីឆក់ទូរស័ព្ទនេះបានបង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវលេខ៣១០ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។នារីរងគ្រោះដែលត្រូវចោរឆក់យកទូរស័ព្ទបាត់នោះ សុំមិនបង្ហាញអត្តសញ្ញាណនោះទេ គ្រាន់តែប្រាប់ថា នាងជាតារាសម្តែងមួយរូប។
តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ រូបនាងកំពុងដើរតាមផ្លូវលេខ៣១០ ដោយមានកាន់ទូរស័ព្ទ ស្រាប់តែពេលនោះ មានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកនិងស្លាកលេខ បានជិះមកអែបក្បែរ រួចធ្វើសកម្មភាពឆក់ទូរសព្ទ័របស់នាង យកទៅបាត់តែម្តង។
នារីរងគ្រោះ បានបញ្ជាក់ថា ទូរស័ព្ទរបស់នាង មិនមានតម្លៃអ្វីថ្លៃទេ បើយកទៅលក់ យ៉ាងច្រើនបាន១៥០ដុល្លារប៉ុណ្ណោះ ប៉ុន្តែបើសិនជាបងចោរ យកទូរស័ព្ទនោះមកឱ្យនាងវិញ នាងនឹងជូនសគុណ ២០០ដុល្លារ ដោយមិនប្តឹងចាប់ទេ។ លើសពីនេះទៀត បើសិននាងត្រូវចិត្ត អាចយកបងចោរ ធ្វើជាសង្សារ ឬប្តីនាងទៀតផង ឲ្យតែបងចោរចេះកែខ្លួន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបានសួរនាំទៅនារីខាងលើ រួចនាំនារីរងគ្រោះទៅប៉ុស្តិ៍បឹងកេងកង៣ ដើម្បីដាក់ពាក្យបណ្តឹង៕