ភ្នំពេញ៖ ស្រ្តីវ័យក្មេងស្រស់ស្អាត២នាក់ចេញពីក្លឹបកម្សាន្តត្រូវខ្មាញ់កាំភ្លើង២នាក់តាមបាញ់ប្រហារបណ្តាលឲ្យរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ អះអាងថាជាករណីបាញ់ប្លន់ តែសមត្ថកិច្ចសង្ស័យថាជារឿងគំនុំឬស្នេហាត្រីកោណបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែមករាឆ្នាំ២០១៧តាម បណ្តោយផ្លូវព្រះសីហនុនៅចំណុចមុខធានាគារHONG LEONGជិតហាងនំបុ័ងABC ស្ថិតនៅក្នុងសង្កាត់វាលវង់ខណ្ឌ៧មករា។
ជនរងគ្រោះជាអ្នកបើករថយន្តរងរបួសធ្ងន់មានឈ្មោះ សាយ សម្ជស្សភេទស្រី អាយុ២៧ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វារ របួស២គ្រាប់ ចំភ្លៅនិងចង្កាបៀមគ្រាប់ជាប់ចំនួន២គ្រាប់ រីឯអ្នករួមដំណើរជាមួយមានឈ្មោះ ស៊ន ប៉ូលីន ភេទស្រី អាយុ២៨ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោករងរបួសស្រាលបញ្ឆិតថ្គាម ខាងស្តាំ។
តាមប្រភពពត៌មានពីជុំវិញកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុស្ត្រីវ័យក្មេងរូបស្រស់២នាក់ទើបតែចេញមកពីក្លឹបមេនហ្គោលនៅកោះពេជ្រជិតស្ពានហង្ស ខណៈពេលពួកគេទាំង២នាក់ជិះរថយន្តម៉ាកVENZAពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2X8883ធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិក្នុងទិសដៅពីកើតទៅលិច មកដល់ជិត ចំណតរថយន្តក្រុងទល់មុខវត្តមហាមន្ត្រីក៏ស្រាប់តែលេចមុខខ្មាញ់កាំភ្លើង២នាក់ជិះម៉ូតូ មិនចាំម៉ាកមួយគ្រឿងបានដកកាំភ្លើងខ្លីចេញពីចង្កេះបាញ់កញ្ចក់មុខចំហៀងខាងឆ្វេង កន្លែងជនរងគ្រោះជាអ្នករថយន្តចំនួន២គ្រាប់ភ្លាមៗនោះស្ត្រីរងគ្រោះបានបន្ថែមល្បឿន ដើម្បីបើករត់គេចត្រូវខ្មាញ់កាំភ្លើងដៃឆៅជិះម៉ូតូដេញតាមជនរងគ្រោះរហូតដល់មុខ ធានាគារHONG LEONGនៅក្បែរហាងនំបុ័ងABCខ្មាញ់កាំភ្លើងបានបាញ់ចំនួន៣គ្រាប់ ទៀតហើយជិះរត់គេចខ្លួនបាត់ស្រមោលបណ្តាលឲ្យរងរបួសស្រ្តីជាអ្នកបើករថយន្តរបួស២គ្រាប់ធ្ងន់ និងស្រ្តីដែលរួមដំណើរជាមួយរងរបួសមួយគ្រាប់ស្រាលរីឯរថយន្តបែកកញ្ចក់ វិញធ្លុះកញ្ចក់មុខចំហៀងខាងឆ្វេងធ្លាយទៅខាងស្តាំនិងធ្លុះដំបូលខាងមុខ ។
ក្រោយពេលកើតហេតុជនរងគ្រោះបានព្យាយាមបើករថយន្តរត់រហូតដល់ទៅមន្ទីរពេទ្យ កាល់ម៉ែតដោយខ្លនឯងនិងស្រែកឲ្យមន្ទីរពេទ្យជួយដោយប្រាប់ថាមានចោរតាមបាញ់ប្លន់ ភ្លាមៗនោះក្រុមគ្រូពេទ្យបានជួយសង្គ្រោះបន្ទាន់ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យនៅកន្លែងកើតហេតុរកឃើញសំបកកាទុស្ស ចំនួន៥គ្រាប់នៅកន្លែងកើតហេតុ ។ ជុំវិញករណីខាងលើនេះសមត្ថកិច្ចមិនទាន់ដឹងថាជាករណីប្លន់ ឬទំនាស់ពេលចូលក្លឹបឬពាក់ព័ន្ធនឹងករណីស្នេហាត្រីកោណនៅឡើយទេ ។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀតប៉ុន្តែជនរងគ្រោះអះអាងថាជាករណីបាញ់ប្លន់ ៕
ឥនសាន់ស៊ីដេត