ភ្នំពេញ៖លោកគួច ខេវិន បានបញ្ចេញមតិនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៧ កញ្ញា ដោយលើកឡើងថានៅឆ្នាំ២០២៣ នេះជាឆ្នាំដែលពលរដ្ឋណែនទ្រូង និយាយស្ទើលែងចេញទៅហើយ ចុះទំរាំឆ្នាំ២០២៤ ឬ២០២៥ តើនឹងទៅជាយ៉ាងណា ?ការលើកឡើងរបស់លោកគួច ខេវិន បែបនេះក្រោយពីលោកសង្កេតឃើញថារយៈពេលចុងក្រោយនេះខ្មែរជាច្រើនបានខ្ចីបុល ចងការគេ បោកប្រាស់ កេងប្រវ័ញ្ចគ្នាពាសវាល ពាសកាល…លោកថាស្ថានភាពសព្វថ្ងៃប្រៀបដូច”ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារគេតាមទារលុយ”…។
អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងE TV រូបនេះបានចេញសារដ៍រសើបថា”ចុងឆ្នាំ២០២៣ប្រជាជនភ័យព្រួយ ណែនទ្រូង និយាយស្ទើរលែងរចេញទៅហើយ ចុះទំរាំដល់ឆ្នាំ២៤-២៥ទៀតតើទៅជាយ៉ាងណាយ៉ាងណីទេ?បើឥឡូវ”ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារគេតាមទារលុយ”ទៅហើយនោះ។តើពេលនេះនៅក្នុងហោប៉ៅខ្មែរជាច្រើនពិតជាអស់លុយរលីងហើយមែនទេ ទើបបានជាបំណុលខ្ចីបុល ចងការ បោកប្រាសប្រវ័ញ្ចគ្នាមានពាសវាលពាស កាលយ៉ាងដូច្នេះ? បើក្រឡេកភ្នែកមើលចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម គេឃើញសំបូរតែការប្រទេចផ្តាសារដាក់ទំនាយគ្នាជុំវិញបំណុល និងការបោកប្រាស់លុយកាក់។ពីមុនៗមានទាំងពួកឧកញ៉ា ទាំងអភិជនស្តុកស្តម្ភមួយចំនួនបោកអ្នកក្រ អ្នកលក់បោកអ្នកទិញដី អ្នកលក់បុរីបោកអ្នកបង់រំលស់ តែឥឡូវមានទាំងអ្នកក្របោកអ្នកក្រ អ្នកក្រកុហកអ្នកចងការ កូនបោកមេ មេបោកកូនតុងទីនយ៉ាងវីវក់ តើនេះមកពីហេតុអី? ដោយសារតែចរន្តលុយលែងវិល មានតែចេញអត់មានចូល លំហូរលុយពីបរទេសគាំង ចំណូលពីការនាំចេញខ្សោយទៅៗ ពលករបាត់បង់ការងារ។ល។ ប្រឈមនឹងឱនភាពសេដ្ឋកិច្ចសកល ស្រុកទេសក្បែរខាងយើងម្ខាងគេដាក់ចេញនូវគោលនយោបាយប្រមូលចំណូលពីទេសចរណ៍ ម្ខាងប្រមូលពួកវិនិយោគទុនឲ្យចូលស្រុកគេដើម្បីបង្កើតការងារបង្កើនការនាំចេញដោយអនុគ្រោះពន្ធ តែយើងឯណ្ណោះវិញបង្កើនការប្រមូលពន្ធស្ទើរគ្រប់សព្វសារពើ ធ្វើឲ្យប្រជាជនរិតតែធ្ងន់ ក ត្រដរខ្យល់ទ្វេឡើង ។មិនមែនមិនគាំទ្រការប្រមូលពន្ធហ្នឹងទេ តែគួរឲ្យសមស្របពេលវេលានិងចំពោះបណ្តារមុខរបរ ឬផលិតផលដែលមិនចាំបាច់ មានទាំងបារីស្រា ស្រាបៀរ គ្រឿងសំអិតសម្អាងកាយជាដើម បើត្រឹមលាបក្រចក កាត់សក់ ជាប់ពន្ធទៅហើយច្បាស់ណាស់ពិតជាវីរវរ “ចុះទឹកក្រពើ ឡើងលើខ្លា ចូលព្រៃបន្លា ចូលផ្សារគេទារលុយ” បើអ៊ីចឹងតើទៅណា?ជួយប្រាប់ផងបាទ?”។
គូរបញ្ជាក់ថាប្រតិកម្មរបស់លោកគួច ខេវិន នាពេលនេះចំពេលដែលដែលអគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីជូនដំណឹង ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឲ្យម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ ប្រចាំឆ្នាំ២០២៣ ឱ្យបានមុនថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដើម្បីចៀសវាងនូវទណ្ឌកម្មរដ្ឋបាល។ ពន្ធលើអចលនទ្រព្យ សំដៅលើពន្ធដី ផ្ទះ អគារ ឬសំណង់ផ្សេងៗដែលសង់ជាប់ដី ដោយស្ថិតក្នុងទីតាំងជាក់លាក់ណាមួយ ក្នុងតំបន់ទីក្រុង។ ពន្ធប្រភេទនេះ ត្រូវបានអនុវត្ត តាំងពីឆ្នាំ២០១១ ជាមួយនឹងអត្រាពន្ធ ០.១ភាគរយ សម្រាប់អចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល ឬស្មើនឹង ២៥ ០០០ដុល្លារអាមេរិក។ តម្លៃទីផ្សារអចលនទ្រព្យ ត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ជាមួយគ្នានេះ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ក៏បានប្រកាសថា រដ្ឋនឹងចាប់ផ្តើមអនុវត្តការប្រមូលពន្ធចំណេញមូលធន 20% នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ បើសិនជាគ្មានអ្វីប្រែប្រួលទេនោះ។ លោកអគ្គនាយកពន្ធដារ បានលើកឡើងថា ពន្ធចំណេញមូលធននេះ បង់តែ 20% លើប្រាក់ចំណេញ មិនមែន 40% ឬ 50% ដូចនៅបារាំង ឬអូស្រ្តាលី នោះទេ ហើយមូលដ្ឋានគិតពន្ធនេះ តែ 20% លើប្រាក់ចំណេញដែលបានកាត់កងចំណាយថ្លៃដើម 80% រួចហើយ។ ប៉ុន្តែបើមានបញ្ជីស្នាមត្រឹមត្រូវ បញ្ជាក់ថា លក់ដី ផ្ទះ ឬអចលនទ្រព្យផ្សេងៗ បានត្រឹមរួចខ្លួន ឬខាត មិនចាំបាប់បង់ពន្ធចំណេញមូលធន សូម្បីតែមួយរៀលឡើយ។
ការលើកឡើងរបស់លោកគួច ខេវិន ខាងលើនេះមានការខមិនគាំទ្រ និងចែកចាយ(Share) ពីFan និងសិល្បករជាច្រើននៅលើបណ្ដាញសង្គម ព្រោះសាររបស់លោកនាពេលនេះត្រូវនឹងបរិបថសង្គមសព្វថ្ងៃ៕