ជារៀងរាល់ថ្ងៃ តែងមានអ្នកទេសចរបរទេសជាច្រើន បានចំណាយលុយជិះកាណូតទៅទស្សនាប្រាសាទមេបុណ្យខាងលិច ដែលមានទីតាំងនៅកណ្តាលបារាយណ៍ទឹកថ្លា ប៉ុន្តែពេលត្រឡប់មកដីគោកវិញ ហាក់មិនសប្បាយចិត្តសោះ ដែលខ្លះនិយាយថា ហេតុអ្វីបានជាគ្មានការជួសជុលកែលម្អប្រាសាទមួយនេះ? ព្រោះទីតាំងប្រាសាទមានទេសភាពដ៏ត្រកាល តែតួប្រាសាទស្ទើរតែបាត់រូបរាងទៅហើយ។
ប្រាសាទមេបុណ្យខាងលិច ជាបុរាណដ្ឋាន សង់ឡើងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា បើយោងតាមកំណាយ កាលពីអំឡុងឆ្នាំ១៩៣៨ (ឯកសារខ្លះថា ឆ្នាំ១៩៣៩)។ កាលនោះ អ្នកស្រាវជ្រាវដឹកនាំដោយជនជាតិបារាំង រកឃើញរូបបដិមាព្រះវិស្ណុដ៏ធំ ១អង្គ ចាប់ពីដើមទ្រូងដល់ព្រះកេស ធ្វើពីសំរឹទ្ធ ស្ថិតនៅសភាពដូចកំពុងផ្ទំ ដោយមានព្រះហស្ថម្ខាងទ្រព្រះសិរ។ លោកជីវ តាក្វាន់ អ្នកការទូតចិន ដែលបានមកដល់ក្រុងអង្គរ អំឡុងខែសីហា ឆ្នាំ១២៩៦ (ឯកសារខ្លះថា ១២៩៥) បានសរសេរទុកថា “នៅចំកណ្តាលបារាយណ៍ទឹកថ្លា មានព្រះពុទ្ធប្បដិមាទម្រេតដ៏ធំមួយ ធ្វើពីសំរឹទ្ធ ដែលតែងតែមានទឹកបាញ់ចេញពីរន្ធផ្ចិតជានិច្ច” រូបព្រះពុទ្ធនោះត្រូវអ្នកស្រាវជ្រាវកត់សម្គាល់ថា គឺជារូបព្រះវិស្ណុ កំពុងផ្ទំនេះឯង។
ប្រាសាទមេបុណ្យខាងលិច មានចម្ងាយ១១គ.ម ពីទីរួមខេត្តសៀមរាប មានទីតាំងនៅលើកោះចំកណ្តាល បារាយណ៍ទឹកថ្លា ដែលអាងទឹកបុរាណនេះ មានបណ្តោយ៨គ.ម ទទឹង២គ.ម ជីកតភ្ជាប់នឹងស្ទឹងរលួស។
ប្រាសាទនេះកសាងនៅពាក់កណ្តាលសតវត្សទី១១ (ឆ្នាំ១០៤៩ ដល់១០៦៦) ក្នុងរជ្ជកាលព្រះបាទ ឧទយោទិត្យវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ មានកំពែង១ជាន់ ធ្វើពីថ្មភក់ ដោយកំពែងផ្នែកខាងកើត រចនាជាថែវ មានបង្អួចធំល្មម និងមានគោបុរៈ ចេញចូលចំនួន៣។ នៅប៉ែកខាងក្នុងមានសណ្ឋានដូចជាស្រះទឹកធ្វើពីថ្មភក់ បើតាមការនិយាយតៗគ្នា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថា ជាកន្លែង ឬអាងក្រពើ ឈ្មោះអាធន់។ អ្នកស្រុកតែងមានជំនឿថា ប្រាសាទមេបុណ្យខាងលិចនេះ ស្ថាបនាឡើងពាក់ព័ន្ធទៅនឹងដំណើររឿងកំណើតព្រះព្រហ្ម និងជាទីឋានដែលព្រះវិស្ណុ ឬព្រះនារាយណ៍ទ្រង់ផ្ទំលើពស់នាគរាជ ឈ្មោះអានន្ត បណ្តែតកាយលើសមុទ្រទឹកដោះ។ បន្ទាប់មក ក៏មានផ្កាឈូក១ដើម ដុះចេញពីផ្ចិតរបស់ព្រះអង្គ ហើយនៅលើផ្កាឈូក បានលេចចេញនូវរូបព្រះព្រហ្ម កំពុងគង់ធ្វើសមាធិ។
ក្រៅពីពាក់ព័ន្ធនឹងព្រះអាទិទេព ប្រាសាទមេបុណ្យខាងលិច ត្រូវបានព្រះបាទឧទយាទិត្យវរ្ម័នទី២ កសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់បុព្វការីជន មានព្រះបិតាមាតា អយ្យការបស់ព្រះអង្គ។ សព្វថ្ងៃប្រាសាទនេះមិននៅសល់ទម្រង់ ឬទ្រង់ទ្រាយពេញលក្ខណៈនោះទេ ដោយមើលឃើញតែសំណល់កំពែងនៅផ្នែកខាងលិចខ្លះ និងពិនិត្យឃើញថា ប្រាសាទនេះ មានរចនាបថស្រដៀងប្រាសាទបាពួន។
យោងតាមឯកសារ “មគ្គុទ្ទេសក៍នគរ” ចងក្រងដោយព្រះភិក្ខុប៉ាងខាត់ បានសរសេរពីទិដ្ឋភាពប្រាសាទមេបុណ្យខាងលិចថា “ពេលល្ងាច ក្រោយដែលបានដើរមើលប្រាសាទបុរាណរួចហើយ គួរទៅមុជទឹកជម្រះកាយជាទីកម្សាន្ត នៅស្រះបារាយណ៍ខាងលិច កុំភ្លេចត្រូវយកសំពត់ងូត និងប្រដាប់សម្រាប់ងូតគ្រប់យ៉ាងទៅផង។ មានកន្លែងសម្រាប់ផ្លាស់សំពត់ និងកន្លែង សម្រាប់សប្បាយប្រចាំស្រាប់ មានទូកសម្រាប់អុំលេងកម្សាន្តមួយ។ ឯស្រះបារាយណ៍នេះជាកន្លែងមុជទឹកជាទីរីករាយសប្បាយណាស់ ពេលរថយន្ត ចូលដល់ឃើញទឹកថ្លាឆ្វង់ ទាញភ្នែកឱ្យបាញ់ត្រង់ទៅរក។ នៅមាត់ស្រះ មានព្រឹក្សាខៀវស្រងាត់ ផ្សំដោយសំឡេងសត្វយាសយំពីរោះរងំ នាំឱ្យអ្នកមើលសប្បាយ និងចង់តែងកាព្យ ឬឱ្យនឹកចង់ស្រែកច្រៀងថា ៖ អឺយ នែ…។ ស្រះបារាយណ៍ មានប្រាសាទបុរាណមួយ ស្ថិតនៅកណ្តាលស្រះ ឈ្មោះប្រាសាទ “មេបុណ្យ” ដូចប្រាសាទមេបុណ្យតាមផ្លូវវង់ធំដែរ តែប្រាសាទមេបុណ្យតាមផ្លូវវង់ធំ គេឱ្យឈ្មោះ “មេបុណ្យខាងកើត” ប្រាសាទនេះ គេឱ្យឈ្មោះ “មេបុណ្យខាងលិច”។ តាមដែលពិនិត្យមើលឃើញមានតួប្រាសាទធ្វើពីថ្ម ស្ថិតនៅលើកោះតូចកណ្តាលស្រះ មានកំពែងព័ទ្ធជុំវិញ មាន បង្កាន់ដៃនាគលយចេញវែងទៅខាងកើត។ សព្វថ្ងៃនេះ ព្រៃព្រឹក្សាដុះទន្ទ្រានវិនាសអន្តរាយអស់ហើយ គេឃើញមានតែទឹកថ្លាឈ្វេងល្ហាចពាសពេញត្រង់កន្លែងដែលជ្រៅ មានជម្រៅពី៤ម៉ែត្រ ទៅដល់៥ម៉ែត្រ ស្រះនេះរាង៤ជ្រុងទ្រវែង បណ្តោយ៨គីឡូម៉ែត្រ ទទឹង២គីឡូម៉ែត្រ។
ឯកសារ “មគ្គុទ្ទេសក៍នគរ” ត្រូវបានចងក្រងកាលពីពុទ្ធសករាជ២៥០០ (គ.ស១៩៥៧) ចំពាក់កណ្តាលសាសនា បើយកមកប្រៀបធៀបនឹងទិដ្ឋភាពបច្ចុប្បន្នកាល ឃើញថា ប្រាសាទមេបុណ្យខាងលិច រលំបាក់បែកតាំងពីជំនាន់នោះម៉្លេះ ដោយសារព្រៃព្រឹក្សាដុះទន្ទ្រាន។ ទោះយ៉ាងណា ផ្ទៃទឹកបារាយណ៍ ជំនាន់ព្រះភិក្ខុប៉ាងខាត់ និមន្តទៅស្រាវជ្រាវនោះ នៅជ្រៅណាស់ ដោយមានព្រៃព្រឹក្សាដុះហ៊ុមព័ទ្ធខៀវស្រងាត់ ប៉ុន្តែសព្វថ្ងៃ បើនៅរដូវប្រាំងជួបគ្រោះរាំងស្ងួត កន្លែងខ្លះគោករីងអស់។ ចំពោះទីតាំងប្រាសាទដែល អ្នកស្រាវជ្រាវបារាំងរកឃើញបដិមាព្រះវិស្ណុផ្ទំទម្រេត ព្រះកាយនោះ ប្រហាក់ប្រហែលនឹងបដិមាដែលជីក បាននៅប្រាសាទមេបុណ្យខាងកើត សព្វថ្ងៃបានតម្កល់ទុកនៅសារមន្ទីរជាតិ។
ទោះយ៉ាងណា បើសិនជាអាជ្ញាធរពាក់ព័ន្ធមានលទ្ធភាពជួសជុលកែលម្អប្រាសាទបាក់បែកនេះ ឱ្យបាន ទ្រង់ទ្រាយដើមខ្លះមកវិញ ចាត់ទុកជាមោទនភាពសម្រាប់បង្អួតជនបរទេស ដែលចូលចិត្តជិះទូកទៅ មើលប្រាសាទនៅកណ្តាលបារាយណ៍។ បើគេទៅដល់ ឃើញតែគំនរថ្មនោះ បានត្រឹមខកចិត្តប៉ុណ្ណោះ តែការជួសជុលត្រូវចំណាយថវិកាច្រើនណាស់ ទំនងជាគ្មានលទ្ធភាពទេមើលទៅ៕ វា យោ