ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានជិះម៉ូតូ ១គ្រឿង ទៅផ្ទះមិត្តភក្តិ បំណងខ្ចីលុយ ១០០ដុល្លារ យកមកបង់ថ្លៃជួលផ្ទះ លុះទៅដល់ ទុកម៉ូតូនៅច្រកផ្លូវមុខផ្ទះ ហើយចូលទៅអង្គុយនិយាយគ្នាលេងមួយសន្ទុះ ស្រាប់តែត្រូវជន សង្ស័យ ២នាក់ ធ្វើសកម្មភាពលួចម៉ូតូបាត់ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងប្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច ស្រាវជ្រាវអស់រយៈពេលប្រមាណជាង ៨ម៉ោង ក៏ឈានដល់ការឃាត់ខ្លួនជនសង្ស័យ បានម្នាក់ នាំយកមកចាត់ការតាមច្បាប់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ២និង២៨នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចមុខផ្ទះលេខ 61B ផ្លូវលេខ២៥៣ ក្រុមទី២ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។ លុះមកដល់វេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែល កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ កប សុភា ហៅពៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ។ (មានសារធាតុញៀន)។ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HS-4193 ដែលមានលេខតួ 9015605 និងម៉ាស៊ីន 9015770 ជារបស់ជនរងគ្រោះឈ្មោះហ៊ឹម ស្រីណុច ភេទស្រី អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកលក់កាហ្វេ ស្នាក់នៅផ្ទះជួល ភូមិ២ ផ្លូវបេតុង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាងបានជិះម៉ូតូ ១គ្រឿង ម៉ាក HONDA BEAT ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HS-4193 សំដៅទៅផ្ទះមិត្តភក្តិ ស្ថិតនៅចំណុចទីតាំងកើតហេតុខាងលើ បំណងខ្ចីលុយមិត្តភក្តិ ចំនួន១០០ដុល្លារ យកមកទុកបង់ថ្លៃផ្ទះ។ លុះពេលទៅដល់ ដោយសារតែពួកនាងខានជួបគ្នាយូរ ទើបនៅអង្គុយជជែកគ្នាលេង និងលេងហ្គេមទូរស័ព្ទផង រហូតដល់វេលាម៉ោង ២និង២៨នាទី រំលងអធ្រាត ថ្ងៃដដែល ទើបនាងបានចេញមករកម៉ូតូ បំណងត្រឡប់ទៅវិញ ស្រាប់តែបាត់ម៉ូតូ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល និងឆែកមើលកាមេរ៉ាសុវត្ថិភាព ប្រទះឃើញមានជនសង្ស័យ ចំនួន២នាក់ បានជិះម៉ូតូ ១គ្រឿង ដឹកគ្នាមកធ្វើ សកម្មភាពលួចម៉ូតូរបស់នាង រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព។
រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបនារីរងគ្រោះ បានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ពីសមត្ថកិច្ច។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃដដែល កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ បាន១នាក់ ឈ្មោះ កប សុភា ហៅពៅ នៅចំណុចផ្លូវរថភ្លើង ភូមិ១៧ ក្រុម៧៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ព្រមទាំងដកហូតបានម៉ូតូ ចំនួន២គ្រឿង ១-ម៉ូតូម៉ាក HONDA BEAT ពណ៌ស លាយ ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HS-4193 ដែលមានលេខតួ 9015605 និងម៉ាស៊ីន 9015770 (ជារបស់ជនរងគ្រោះ)។ ២-ម៉ូតូម៉ាក SIRUIS ពណ៌ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) និងក្រាមសថ្លា សង្ស័យគ្រឿង ញៀន ចំនួន១កញ្ចប់តូច។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរតាមនីតិវិធី៕