ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បាន ឌុបម៉ូយចេញពីផ្លូវវ៉េងស្រេង ទៅម្តុំម៉ុងឌីយ៉ាល់ ប៉ះចំចោរ ដោយប្រើល្បិចបោកបញ្ឆោតយក ម៉ូតូទៅបាត់ កាលពីវេលាម៉ោង២រសៀល ថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច អង់តែនទូរទស្សន៍ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ តែដោយសារខ្លាចក្រុម គ្រួសារស្តីបន្ទោសថាខ្លួនល្ងង់ ទើបជនរងគ្រោះ ប្រាប់ប្រពន្ធថាត្រូវថ្នាំគេ។
ជនរងគ្រោះដែលចាញ់ល្បិចជនខិលខូច យកម៉ូតូទៅបាត់នោះ មានឈ្មោះឈិន ធីតា អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែន-ជ័យ មានស្រុកកំណើតភូមិ អង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែក ម៉ូតូដែលគេបោកយកទៅនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1FG-1501។
តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី ២០ ខែមករា ពេលរូបគាត់ចេញទៅរត់ម៉ូតូនៅ ផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ស្រាប់តែមាន ម៉ូយម្នាក់ហៅឱ្យឌុបទៅផ្សារម៉ុងឌីយ៉ាល់ ក្នុង តម្លៃចរចាត្រូវគ្នា តែពេលបើកទៅដល់ម្តុំផ្លូវ ម៉ៃដា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជនសង្ស័យ បបួលចូលផឹកការហ្វេ ដោយប្រាប់ថា រង់ចាំ មិត្តភក្តិម្នាក់ទៀត រហូតដល់ម៉ោង១០និង៣០ នាទីព្រឹកទៅហើយ ទើបជនសង្ស័យឱ្យឌុបបន្ត ទៅផ្សារម៉ុងឌីយ៉ាល់ នៅតែមិនទាន់បានជួប មិត្តភក្តិគេទៀត ទើបជនសង្ស័យបានឱ្យឌុបបន្ត ទៅអង់តែនទូរទស្សន៍ ភូមិទួលគោក ដោយ ប្រាប់ថា មានមិត្តភក្តិរង់ចាំទីនោះ។ លុះទៅដល់ ហើយ ឃើញជនសង្ស័យម្នាក់ទៀត ក្នុងឯកសណ្ឋានស្អាតបាត ធ្វើឫកដូចអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឈរនិយាយគ្នាបណ្តើរហូត កាបូបលុយឱ្យបណ្តើរ ហើយត្រូវបាន ជនសង្ស័យ ទី១ ខ្ចីម៉ូតូប្រាប់ថា ជិះទៅផ្ទះមិត្តភក្តិបន្តិច ដោយទុកជនសង្ស័យទី២ ឱ្យនៅឈរនិយាយ គ្នាលេងជាមួយរូបគាត់។
ប្រភពដដែលបន្តថា ក្រោយពីឈរនិយាយ គ្នាលេងបានមួយសន្ទុះ ឆ្លៀតពេលរូបគាត់ភ្លេច ខ្លួន ស្រាប់តែជនសង្ស័យទី២បានរត់គេចបាត់ ទៅ ធ្វើឱ្យគាត់អង្គុយរង់ចាំគេយកម៉ូតូមកឱ្យ វិញ រហូតដល់ម៉ោង២សៀល ទើបដឹងថា ខ្លួន ឯងចាញ់បោកចោរ ហើយក៏ទូរស័ព្ទហៅសាច់ញាតិ ឱ្យទៅទទួលត្រឡប់មកផ្ទះជួល តែដោយខ្លាច ត្រូវក្រុមគ្រួសារស្តីបន្ទោស ទើបរូបគេប្រាប់ ប្រពន្ធថា ត្រូវថ្នាំសណ្តំ គេយកម៉ូតូតែម្តង។ លុះ នៅម៉ោង៨និង៣០នាទៅព្រឹក ថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៧ ទើបក្រុមគ្រួសារជួនទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ខណ្ឌឫស្សីកែវ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម៉ូតូត្រឡប់មកវិញ តែបើតាម គាត់គិតមានសង្ឃឹមតិចណាស់៕