Thursday, December 26, 2024
Homeព័ត៌មានជាតិចាញ់​បោក​គេអស់​ម៉ូតូ ប្រាប់​ប្រពន្ធ​ថា ត្រូវ​ថ្នាំ​សណ្តំ

ចាញ់​បោក​គេអស់​ម៉ូតូ ប្រាប់​ប្រពន្ធ​ថា ត្រូវ​ថ្នាំ​សណ្តំ

ភ្នំពេញ ៖ បុរសជាអ្នករត់ម៉ូតូឌុបម្នាក់ បាន ឌុបម៉ូយចេញពីផ្លូវវ៉េងស្រេង ទៅម្តុំម៉ុងឌីយ៉ាល់ ប៉ះ​ចំចោរ ដោយប្រើល្បិចបោកបញ្ឆោតយក ម៉ូតូទៅបាត់ កាលពីវេលាម៉ោង២រសៀល ថ្ងៃ ទី២០ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅត្រង់ចំណុច អង់តែនទូរទស្សន៍ ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌ​ឫស្សីកែវ តែដោយសារខ្លាចក្រុម គ្រួសារស្តីបន្ទោសថាខ្លួនល្ងង់ ទើបជនរងគ្រោះ ប្រាប់​ប្រពន្ធថាត្រូវថ្នាំគេ។

ជនរងគ្រោះដែលចាញ់ល្បិចជនខិលខូច យកម៉ូតូទៅបាត់នោះ មានឈ្មោះឈិន ធីតា អាយុ៣៥​ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះ ជួលក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌ ពោធិ៍សែន-​ជ័យ មានស្រុកកំណើតភូមិ អង្គរស ឃុំអង្គរស ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែក ម៉ូតូដែលគេ​បោក​យកទៅនោះ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1FG-1501។

តាមសម្តីបុរសរងគ្រោះ បានរៀបរាប់ ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី ២០ ខែមករា ពេលរូបគាត់ចេញទៅរត់ម៉ូតូនៅ ផ្សារកាណាឌីយ៉ា ផ្លូវវេងស្រេង ស្រាប់តែមាន ម៉ូយម្នាក់ហៅឱ្យ​ឌុប​ទៅផ្សារម៉ុងឌីយ៉ាល់ ក្នុង តម្លៃចរចាត្រូវគ្នា តែពេលបើកទៅដល់ម្តុំផ្លូវ ម៉ៃដា សង្កាត់ទឹកថ្លា ខណ្ឌ​សែនសុខ ជនសង្ស័យ បបួលចូលផឹកការហ្វេ ដោយប្រាប់ថា រង់ចាំ មិត្តភក្តិម្នាក់ទៀត រហូត​​ដល់ម៉ោង១០និង៣០ នាទីព្រឹកទៅហើយ ទើបជនសង្ស័យឱ្យឌុបបន្ត ទៅផ្សារម៉ុងឌីយ៉ាល់ នៅតែមិនទាន់បានជួប មិត្តភក្តិគេទៀត ទើបជនសង្ស័យបានឱ្យឌុបបន្ត ទៅអង់តែនទូរទស្សន៍ ភូមិ​ទួលគោក ដោយ ប្រាប់ថា មានមិត្តភក្តិរង់ចាំទីនោះ។ លុះទៅដល់ ហើយ ឃើញជនសង្ស័យ​ម្នាក់ទៀត ក្នុងឯកសណ្ឋានស្អាតបាត ធ្វើឫកដូចអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ ឈរនិយាយគ្នា​បណ្តើរហូត កាបូបលុយឱ្យបណ្តើរ ហើយត្រូវបាន ជនសង្ស័យ ទី១ ខ្ចីម៉ូតូប្រាប់ថា ជិះទៅផ្ទះមិត្ត​ភក្តិបន្តិច ដោយទុកជនសង្ស័យទី២ ឱ្យនៅឈរនិយាយ គ្នាលេងជាមួយរូបគាត់។

ប្រភពដដែលបន្តថា ក្រោយពីឈរនិយាយ គ្នាលេងបានមួយសន្ទុះ ឆ្លៀតពេលរូបគាត់ភ្លេច ខ្លួន ស្រាប់​តែជនសង្ស័យទី២បានរត់គេចបាត់ ទៅ ធ្វើឱ្យគាត់អង្គុយរង់ចាំគេយកម៉ូតូមកឱ្យ វិញ រហូត​ដល់ម៉ោង២សៀល ទើបដឹងថា ខ្លួន ឯងចាញ់បោកចោរ ហើយក៏ទូរស័ព្ទហៅសាច់ញាតិ ឱ្យទៅទទួលត្រឡប់មកផ្ទះជួល តែដោយខ្លាច ត្រូវក្រុមគ្រួសារស្តីបន្ទោស ទើបរូបគេប្រាប់ ប្រពន្ធ​​ថា ត្រូវថ្នាំសណ្តំ គេយកម៉ូតូតែម្តង។ លុះ នៅម៉ោង៨និង៣០នាទៅព្រឹក ថ្ងៃទី២១ ខែ មករា ឆ្នាំ២០១៧ ទើបក្រុមគ្រួសារជួនទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទួលសង្កែ ខណ្ឌឫស្សី​កែវ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម៉ូតូត្រឡប់មកវិញ តែបើតាម គាត់គិតមានសង្ឃឹម​តិចណាស់៕

RELATED ARTICLES