កាលពីថ្ងៃអង្គារទី១០ តុលា ឆ្នាំ ២០២៣ ឆ្មាំឆ្នេរសមុទ្រចិនបាននិយាយថាខ្លួនបានបណ្តេញនាវាកងទ័ពជើង ទឹកហ្វីលីពីននៅពេលដែលនាវានេះបានចូលក្នុងតំបន់មួយនៅជិតតំបន់ជម្លោះ Scarborough Shoal ក្នុងសមុទ្រចិនខាងត្បូងតែការអះអាងបែបនេះត្រូវបានទីក្រុងម៉ានីលបានបដិសេធ។នេះគឺជាជម្លោះចុងក្រោយថ្មីបំផុតរវាងហ្វីលីពីននិងចិន ដែលជាជម្លោះដែនសមុទ្រ ដ៏យូរអង្វែងរវាងប្រទេស ជិតខាងអាស៊ីទាំងពីរ។

នៅក្នុងសេចក្តីថ្លែងការណ៍តាម WeChat ឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនបាននិយាយថា ខ្លួនបានចាត់វិធាន ការដើម្បីបណ្តេញនាវាកងទ័ពជើងទឹកហ្វីលីពីន បន្ទាប់ពីបានផ្តល់ការព្រមានដោយពាក្យសំដី។ ប្រមុខយោធា ហ្វីលីពីន Romeo Brawner Jr បានហៅរបាយការណ៍នេះថាជា ការឃោសនា។ ដោយបន្ថែមថាទីក្រុងម៉ានីលនឹងមិនអនុញ្ញាតឱ្យចិនបណ្តេញនាវាហ្វីលីពីនណាមួយដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសអាស៊ីអាគ្នេយ៍បានឡើយ។
ចំណាត់ការរបស់ឆ្មាំឆ្នេរសមុទ្រចិនកាលពីថ្ងៃអង្គារបានធ្វើឡើងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិនដែលជំរុញឱ្យហ្វីលីពីនឈប់បង្កើតការបង្កហេតុ នៅក្នុងសមុទ្រចិនខាងត្បូងខណៈដែលខ្លួនបានប្តេជ្ញាថា នឹងធ្វើ អ្វីដែលចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់សិទ្ធិ និងផលប្រយោជន៍របស់ខ្លួននៅក្នុងដែន ទឹកដែលមាន ជម្លោះ។
ប្រទេសចិន និងហ្វីលីពីនសុទ្ធតែបានអះអាងថា Scarborough Shoal ជាជួរថ្មប៉ប្រះទឹក ដែលក្រុងប៉េកាំង បានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាពតាំងពីឆ្នាំ ២០១២ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់មួយសប្តាហ៍រវាង នាវានៃប្រទេសទាំងពីរ។ វៀតណាម តៃវ៉ាន់ ម៉ាឡេស៊ី និងប្រ៊ុយណេ ក៏ទាមទារផ្នែកខ្លះនៃសមុទ្រចិន ខាងត្បូង ផងដែរ៕