ភ្នំពេញ ៖ បើករថយន្តលឿនដូចហោះបត់ស្តាំជ្រុលទៅបុករះម៉ូតូ២គ្រឿងនិងរ៉ឺម៉កម៉ូតូមួយ គ្រឿង ហើយហោះទៅបុកឡើងលើរបាំងថ្មពុះចែកផ្លូវបណ្តាលឲ្យស្លាប់ម្នាក់និងរងរបួស ស្រាល៣នាក់ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចតាមបណ្តោយផ្លូវលេខ២៧១កែងនឹងផ្លូវលេខ៥០៨ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំកាមន។
សពជនរងគ្រោះមានឈ្មោះ ផាត សុគន្ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសន្តិសុខឯកជនស្នាក់នៅផ្ទះជួលជិតកន្លែងកើតហេតុ ស្ថិតនៅក្នុងសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិជ្រែ ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះខាងលើបើក
ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេរី២០០១ ពណ៌ក្រហម ពាក់ស្លាកលេខ ប០៧៥៨ ភព១ជិះគ្នា២នាក់ប្អូនថ្លៃប្រុសដឹកបងថ្លៃប្រុស ចំណែកម៉ូតូមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម សេរី៩៨ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១AU៦៦៦៤ បើកបរដោយស្ត្រីពីរនាក់ និងរ៉ឺម៉កម៉ូតូមួយគ្រឿង ទៀត ពាក់ស្លាក់លេខបន្ទាយមានជ័យ ១C៣៦៣១ បើកបរដោយបុរសម្នាក់ ក្នុងទិសដៅស្រប គ្នាពីកើតទៅលិច តាមបណ្តោយផ្លូវ២៧១ ខណៈពេលមកដល់ចំនុចកើតហេតុខាងក៏ស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២AB-៦៦២៣បើកបរដោយបុរស៤នាក់ ក្នុងល្បឿនលឿនដូចហោះ ទិសដៅពីជើងទៅត្បូង តាមបណ្តោយផ្លូវ៥០៨ បំណងបត់ស្តាំទៅផ្លូវ២៧១ តែរថយន្តបើកលឿនពេកក៏ជ្រុលទៅបុកម៉ូតូទាំងពីរគ្រឿងខាងលើពេញទំហឹងតែនៅមិនទន់អស់ល្បឿនក៏បន្តទៅបុករ៉ឺម៉កម៉ូតូហើយរថយន្តនៅតែមិនទន់អស់ល្បឿនបានជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរថយន្តទើរកង់មួយចំហៀងនៅលើ របាំងថ្មពុះចែកទ្រូងផ្លូវ ធ្វើឲ្យម៉ូតូស្រ្តីជិះ២នាក់ខូចខាតតិចតួច ម្ចាស់ម៉ូតូរងរបួសស្រាល ចំណែកម៉ូតូដែលជិះ២នាក់បងប្អូនថ្លៃត្រូវរថយន្តកិនពីលើខូចខាតទាំងស្រុង បណ្តាលឲ្យអ្នកបើកម៉ូតូម្នាក់ស្លាប់ និងបងថ្លៃដែលរួមដំណើរពីក្រោយរងរបួសស្រាល ។
ក្រោយពេលកើតហេតុស្រ្តីជាប្រពន្ធជនរងគ្រោះមកដល់កន្លែងកើតហេតុឃើញបុរសជាប្តី ស្លាប់បាត់ទៅហើយបានយំបោកខ្លួនរហូតសន្លប់ ចំណែកអ្នករងរបួសស្រាលបានដឹកយកទៅព្យា-បាលនៅផ្ទះ រីឯអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់អស់ នៅសល់តែរថយន្តបង្កនិង ម៉ូតូរងគ្រោះ២គ្រឿងនិងរ៉ឺម៉កម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនៅពេលក្រោយ ។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕ សោល វ៉ាន់ណាល់