ភ្នំពេញ៖ក្នុងថ្ងៃតែមួយអ្នកមេម៉ាយសុខ សោម៉ាវត្តី និងហ៊ិន ច័ន្ទនីរ័ត្ន ទទួលបានគ្រឿងអស្សសិយយស ថ្នាក់មហាសេរីវឌ្ឍន៍ ដូចគ្នាកាលពីថ្ងៃទី១០ ខែតុលា ពីសម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ក្រោយពីតារាសម្ដែងទាំង២ដួងបានថតបញ្ចប់រឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី “។ប៉ុន្ដែភាពលេចធ្លោរបស់សុខ សោម៉ាវត្តី នៅលើបណ្ដាញសង្គមមិនដូចច័ន្ទនីរ័ត្ន នោះទេ ព្រោះវត្តី មិនបង្ហាញពីគូស្នេហ៍សាទរនាងជាសាធារណៈដូចច័ន្ទនីរ័ត្ន នៅថ្ងៃរីករាយរបស់ខ្លួននោះឡើយទើបប្រព័ន្ធផ្សព្វផ្សាយបាញ់រ៉ាដា ដាក់តែលើនីរ័ត្ន ជាងវត្តី ។យ៉ាងណាគេជឿរថាម្ចាស់ស្នេហ៍ថ្មីរបស់អ្នកមេម៉ាយកូន១រូបនេះដែលគេសង្ស័យថាជាថៅកែហាងថតរូបធំមួយនោះប្រាកដជាលើកទឹកចិត្តនិងផ្ដល់កាដូឲ្យនាងជាមិនខាន គ្រាន់តែពួកគេមិនចង់ឲ្យមហាជនបានឃើញជាសាធារណៈប៉ុណ្ណោះ បើទោះជានៅលើហ្វេសបុករបស់ថៅកែមិនមានសកម្មភាពថ្មីៗរវាងលោកជាមួយសោម៉ាវត្តី ទៀតក្ដី ។
សុខ សោម៉ាវត្តី បានបាត់បង់តំណែងជំទាវក្រោយនាងបានចែកផ្លូវគ្នាជាមួយលោកទូច ដាណារ៉ា ហៅពេជ្រ បច្ចុប្បន្នជាមន្រ្ដីធំម្នាក់ ហើយនាងបានផាត់ចោលសំណើរស្នេហ៍ពីបុរសមានទ្រព្យ និងឧកញ៉ាមួយចំនួនដោយសាងស្នេហ៍ជាមួយប្រុសក្មេងលី វ៉ាហេទ អស់រយៈពេល៥ឆ្នាំ ទើបចែកផ្លូវគ្នាកាលពីដើមឆ្នាំ២០២២ ហើយមេម៉ាយរូបស្រស់នេះក៍មិនទុកយកបេះដូងឲ្យនៅទំនេរយូដែរ ពោលគឺភ្ជាប់ស្នេហ៍ជាមួយថៅកែហាងថតរូបភ្លាមៗតែម្ដង បើទោះជាបុរសនោះបានដឹងរឿងរ៉ាវវត្តី និងសង្សារទើបប្រេះឆាគ្នា ក្ដី ។ប្រភពបានឲ្យដឹងថាការដែលសោម៉ាវត្តី និងថៅកែអត់ហ៊ានបញ្ចេញភាពផ្អែមល្ហែមដូចច័ន្ទនីរ័ត្ន នោះព្រោះតែវត្តី ចង់មើលចិត្តថៅកែឲ្យច្បាស់លាស់សិនជៀសវាងការខកចិត្តជាលើកទី៣ នាំឲ្យនាងកាន់តែពិបាកប្រឈមរឿងស្នេហា។ប៉ុន្ដែអ្វីដែលសោម៉ាវត្តី បានបង្ហាញឲ្យគ្រប់គ្នាឃើញច្បាស់នាពេលនេះគឺនាងមិនជ្រើសស្នេហ៍ជាប្រុសក្មេងដូចមុនទៀតឡើយ តែបេតី បុរសដែលមានអាយុច្រើនជាងខ្លួនវិញម្ដងដែលរូបភាពបែបនេះនាំឲ្យអ្នកដែលតែងតែគិតថានាងស្រលាញ់តែប្រុសក្មេង ប្រុសចាស់មើលមិនឃើញនោះបានស្ងប់ស្ងាត់ទៅវិញ។
គូររំលឹកថាសុខ សោម៉ាវត្តី ជាអតីតFreshie លេខ៣ កាលពីឆ្នាំ២០០៧ ដែលក្នុងឆ្នាំតែមួយនោះហ៊ិន ច័ន្ទនីរ័ត្ន គ្រងតំណែងលេខ១ ។រយៈពេល១៦ឆ្នាំមកហើយដែលវត្តី បានចាប់អាជីពជាតារាសម្ដែងនិងវិវត្តន៍ខ្លួនមកជាពិធីការិនីបាយ័នដល់បច្ចុប្បន្ន។ប៉ុន្មានឆ្នាំចុងក្រោយនេះសោម៉ាវត្តី មិនសូវមិនសូវសម្រុកថតភាពយន្ដនោះទេ ពោលគឺនាងបានផ្អាកមួយរយៈដោយហេតុផលថាកុំឲ្យគេសាំព្រោះនាងថតច្រើនពេក ទើបពង្រឹងតែអាជីពជាពិធីការិនីច្រើនជាងសម្ដែងមុនពេលដែលនាងបានថតជាតួធំរឿង”កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី “ ។អំឡុងពេលដែលធ្លាក់ខ្លួនជាស្ត្រីមេម៉ាយ៩ឆ្នាំ មកនេះវត្តី ធ្លាប់បង្ហើបថានាងមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍ ប៉ុន្ដែចុងក្រោយនាងជ្រើសផ្លូវដដែលគឺសាងស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ” និងថាគ្មានគម្រោងរៀបការជាលើកទី២ ឡើយ ព្រោះសម្អាងថានាងបានរៀបការម្ដងរួចទៅហើយកាលពីឆ្នាំ២០១២ ហេតុនេះមង្គលការមិនមែនជាអ្វីដែលចាំបាច់បំផុតក្នុងជីវិតរបស់នាងឡើយ។
ក្រៅពីសុខ សោម៉ាវត្តី តារាជ្រើសផ្លូវសាងស្នេហ៍លាក់លៀមនៅឆ្នាំ២០២៣ នេះមានដូចជាសុខ ពិសី ,តន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា និងវី ឌីណែត ជាដើម ។សម្រាប់វត្តី នាងនៅតែមានជម្រើសស្នេហ៍ច្រើនដដែល ព្រោះទោះជានាងប៉ៈស្នេហ៍មិនដូចបំណង២ដងជាប់ៗគ្នាក្ដី ប៉ុន្ដែរក្សារបានទីផ្សារល្អក្នុងសិល្បៈ ជាមួយរូបរាងរាងស្អាត មិនឡើងទម្ងន់ ឬបែកសាច់ខ្លាំងឡើយ ។តាមព័តមានថាថៅកែហាងថតរូបដែលចូលខ្លួនទៅស្អំបេះដូងវត្តី នោះលោកក៍ចង់បញ្ចេញស្នេហ៍ជាមួយពិធីការិនីជាចំហដូចគូស្នេហ៍របស់ច័ន្ទនីរ័ត្ន បានធ្វើដែរ ប៉ុន្ដែចុងក្រោយលោកបានសម្របខ្លួនទៅតាមសោម៉ាវត្តី វិញគឺពន្យាពេលកៀកកើយគ្នាជាសារធារណៈហើយរងចាំដល់ច្បាស់លាស់១០០% ជាមួយគ្នាហើយទើបវត្តី ប្រាកដជាលែងខ្លាចរឿងស្អិតល្មូតគ្នាដូចនីរ័ត្ន ដែរជាមិនខាន ៕