ភ្នំពេញ ៖ តារាសម្ដែង និងជាពិធីការិនីស្រស់ស្អាតផូរផង់ ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាផ្លូវការនៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ជាមួយលោកឌី ពេជ្រ ក្មួយប្រុសសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមដឹងឮពីសំណាក់ចាស់ទុំទាំងសងខាង យ៉ាងច្រើន ប្រកបដោយទឹកមុខសប្បាយរីករាយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំំ២០២៣ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា ដើម្បីបញ្ចប់មាត់ចាបមាត់ព្រាប ពីរឿងឯកជនស្នេហារវាងក្មួយប្រុសរបស់សម្តេច ឈ្មោះឌី ពេជ្រ និងតារាសម្តែងស្រី ហ៊ិន ច័ន្ទនីរ័ត្ន ដែលជាតួឯកស្រី ក្នុងខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នោះ សម្តេច ក្នុងឋាន:ជាឪពុកធំ (អ៊ំំប្រុស) សម្រេចចូលរួមរៀបចំផ្សំផ្គុំក្មួយប្រុស និងតារាស្រីហ៊ិន ច័ន្ទនីរ័ត្ន ភ្ជាប់ពាក្យថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ហើយនឹងរៀបការតាមប្រពៃណីខ្មែរ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចហ៊ុន សែន បានប្រកាសតាមទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ថា «ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវ ជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហ៊ិន ច័ន្ទនីរ័ត្ន ក្នុងឋាន:ជាឪពុកធំ កូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ បានចូលរោងការ តាមប្រពៃណី។
ថ្ងៃស្អែក ២៧ តុលា ២០២៣ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកូនស្រី។ ថ្ងៃ២២ ខែធ្នូ ២០២៣ កំណត់ជាថ្ងៃរៀបការ ដែលគ្រួសារទាំងសងខាងនិងសាមីខ្លួន បានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំ រៀបចំពេលវេលាបែបនេះ។
ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថា ពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ»។
ក្រោយហ៊ិន ច័ន្ទនីរ័ត្ន ក្លាយទៅជាគូដណ្ដឹងរបស់លោកឌី ពេជ្រ ជាក្មួយប្រុសសម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះនៅលើបណ្ដាញសង្គមក៍មានការចែកចាយ(Share) និងចាត់ទុកច័ន្ទនីរ័ត្ន ថាជានារីមានសំណាង បានក្លាយទៅជាក្មួយថ្លៃសម្ដេចតេជោ ហើយជីវិតនាងនឹងរុងរឿងដូចអតីតតារាសម្ដែងស្រីតូច ចំណាន ,សិទ្ធី នីកា និងតារាមួយចំនួនទៀតជាមិនខាន ៕