ភ្នំពេញ ៖ បុរសម្នាក់ ជាកម្មករសំណង់ បានយកខ្សែអង្រឹង ចងកសម្លាប់ខ្លួននៅលើការដ្ឋានសំណង់ផ្ទះវីឡាមួយកន្លែង បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំណុចការដ្ឋានសំណង់វីឡា លេខ១៥-១៦-១៧ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួន មានឈ្មោះ ឈីញ ទផាវ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅរោងកម្មករ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
តាមការបំភ្លឺពីឈ្មោះ ង្វៀង យ៉ាំងសឺង ភេទប្រុស មុខរបរកម្មករ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ គាត់បានចេញពីកន្លែងស្នាក់នៅ មកដល់ការដ្ឋាន រួចបានឡើងតាមជណ្ដើរ ទៅលើ ស្រាប់តែប្រទះឃើញជនរងគ្រោះចងក ដោយខ្សែអង្រឹង ជាប់នឹងដែកថ្នាំងអំពៅដែលលៀនចេញពីសសរផ្ទះ ទើបខ្លួនបានស្រែកប្រាប់កម្មករផ្សេងទៀត ឲ្យមកមើល។
តាមការបំភ្លឺពីឈ្មោះ ឡុង លីដូត អាយុ៣១ឆ្នាំ ភេទប្រុស ជាកម្មករ ស្នាក់នៅការដ្ឋានកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះ បានមកដល់ការដ្ឋានដោយយកអង្រឹងមកជាមួយ រួចបាននៅនិយាយទូរស័ព្ទហៅគេមកយកគាត់ តែគ្មានអ្នកណាមកយកទេ ទើបជនរងគ្រោះឡើងទៅលើប្លង់សេផ្ទះ ជាន់ទី១ បាត់។ លុះព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែមានកម្មករឡើងទៅលើ ឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។
ដោយឡែកតាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ពេលចេញពីធ្វើការ ប្ដីគាត់បានផឹកស្រាជាមួយកម្មកររួមការងារ លុះពេលយប់បន្តិច ប្ដីប្រាប់ថា ឈឺភ្នែក ហើយនាងជាប្រពន្ធថា ឲ្យខ្ញុំធ្វើម៉េច ខ្ញុំមិនមែនពេទ្យទេ ទើបទាស់សម្តីគ្នា ហើយប្ដីគាត់បានយកអង្រឹង និងប្រាប់ថាទៅដេកនៅការដ្ឋានវិញ។ លុះព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែកម្មករធ្វើការជាមួយ បានមកប្រាប់គាត់ថា ប្ដីគាត់បានចងកស្លាប់នៅក្នុងការដ្ឋានទៅហើយ។
តាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យ សពគ្មានពាក់អាវ ស្លៀកខោជើងខ្លី សពមានសភាពរឹង មានហូរទឹកមាត់ប្រឡាក់ចង្កា។ សព មានកម្ពស់ ១,៦២ម៉ែត្រ មានស្នាមជាំទ្រុឌនៅជុំវិញក ១កន្លែង ពិនិត្យទឹកនោមសព វិជ្ជមានសារធាតុញៀន ប្រភេទអំហ្វេតាមីន និងម័រហ្វីន ។
តាមការពិនិត្យកន្លែងកើតហេតុ សព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន រួចក៏បានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕