Tuesday, October 22, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រាប់ឈឺភ្នែក ប្រពន្ធថាមិនមែនពេទ្យ រត់ទៅធ្វើ​អត្តឃាតនៅសំណង់វីឡា

ប្តីប្រាប់ឈឺភ្នែក ប្រពន្ធថាមិនមែនពេទ្យ រត់ទៅធ្វើ​អត្តឃាតនៅសំណង់វីឡា

ភ្នំពេញ ៖ បុរសម្នាក់ ជាកម្មករសំណង់ បានយកខ្សែអង្រឹង ចងកសម្លាប់ខ្លួននៅលើការដ្ឋានសំណង់ផ្ទះវីឡា​មួយកន្លែង បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៦និង១០នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ចំណុច​ការដ្ឋានសំណង់វីឡា លេខ១៥-១៦-១៧ ផ្លូវបេតុង ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលចងកសម្លាប់ខ្លួន មានឈ្មោះ ឈីញ ទផាវ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ មានលំនៅ ភូមិព្រែកខ្នាច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅ​រោងកម្មករ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមការបំភ្លឺពីឈ្មោះ ង្វៀង យ៉ាំងសឺង ភេទប្រុស មុខរបរកម្មករ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ​២០២៣ គាត់បានចេញពីកន្លែងស្នាក់នៅ មកដល់ការដ្ឋាន រួចបានឡើងតាមជណ្ដើរ ទៅលើ ស្រាប់តែប្រទះ​ឃើញ​​ជនរងគ្រោះចងក ដោយខ្សែអង្រឹង ជាប់នឹងដែកថ្នាំងអំពៅដែលលៀនចេញពីសសរផ្ទះ ទើបខ្លួនបាន​ស្រែកប្រាប់កម្មករផ្សេងទៀត ឲ្យមកមើល។

តាមការបំភ្លឺពីឈ្មោះ ឡុង លីដូត អាយុ៣១ឆ្នាំ ភេទប្រុស ជាកម្មករ ស្នាក់នៅការដ្ឋានកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ១១យប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ជនរងគ្រោះ បានមកដល់ការដ្ឋានដោយ​យក​អង្រឹងមកជាមួយ រួចបាននៅនិយាយទូរស័ព្ទហៅគេមកយកគាត់ តែគ្មានអ្នកណាមកយកទេ ទើបជនរង​គ្រោះឡើងទៅលើប្លង់សេផ្ទះ ជាន់ទី១ បាត់។ លុះព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែមានកម្មករ​ឡើងទៅលើ ឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។

ដោយឡែកតាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ពេលចេញពី​ធ្វើការ ប្ដីគាត់បានផឹកស្រាជាមួយកម្មកររួមការងារ លុះពេលយប់បន្តិច ប្ដីប្រាប់ថា ឈឺភ្នែក ហើយនាងជាប្រ​ពន្ធថា ឲ្យខ្ញុំធ្វើម៉េច ខ្ញុំមិនមែនពេទ្យទេ ទើបទាស់សម្តីគ្នា ហើយប្ដីគាត់បានយកអង្រឹង និងប្រាប់ថាទៅដេក​នៅការដ្ឋានវិញ។ លុះព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ ស្រាប់តែកម្មករធ្វើការជាមួយ បានមកប្រាប់គាត់ថា ប្ដីគាត់បានចងកស្លាប់នៅក្នុងការដ្ឋានទៅហើយ។

តាមការពិនិត្យរបស់គ្រូពេទ្យកោសល្យវិច័យ សពគ្មានពាក់អាវ ស្លៀកខោជើងខ្លី សពមានសភាពរឹង មានហូរទឹក​មាត់ប្រឡាក់ចង្កា។ សព មានកម្ពស់ ១,៦២ម៉ែត្រ មានស្នាមជាំទ្រុឌនៅជុំវិញក ១កន្លែង ពិនិត្យទឹកនោមសព វិជ្ជមានសារធាតុញៀន ប្រភេទអំហ្វេតាមីន និងម័រហ្វីន ។

តាមការពិនិត្យកន្លែងកើតហេតុ សព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យ​រាជធានី​ភ្នំពេញ សន្និដ្ឋានបានថា ស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន រួចក៏បានប្រគល់ឲ្យសាច់ញាតិ​យកទៅ​ធ្វើបុណ្យតាមប្រពៃណី ៕

RELATED ARTICLES